ពូឃ្លាំង​វិល​វិញមែនទែន ចាប់​ដៃគូ​ជា​មួយ សាន ផានិត

បន្ទាប់​ពី​ដក​ខ្លួន​ពី​ពិភព​សិល្បៈ​មួយ​ខ្យល់​ធំ​ ពេល​នេះ ពូឃ្លាំង បាន​សម្រេច​វិល​មក​ដើរ​លើ​វិថី​នេះ​វិញ​មែនទែន​ហើយ ដោយ​ការ​ត្រលប់ជា​ថ្មី​នេះ លោក នឹងចេញ​បទ​រួម​គ្នា​ជា​មួយ លោក សាន ផានិត នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ដៃគូ​របស់​លោកប្រាប់ Sabay។

បទ​ចម្រៀង​ដំបូង​ដែល ពូឃ្លាំង និង លោក សាន ផានិត ​គ្រោង​ចេញ​ជា​មួយ​គ្នា​នោះ មាន​ចំណង​ជើង​ថា “មាន​ជីវិត​ត្រូវ​តែ​តស៊ូ” ជា​ចង្វាក់​​​រ៉ុក លាយ​ការ​រ៉េប ដោយ​នៅ​ក្នុង​នោះ លោក សាន ផានិត ច្រៀង​ត្រង់ ចំណែក​ពូឃ្លាំង ជា​អ្នក​រ៉េប។ ​បទ​មួយ​បទ​នេះ ​គ្រោង​ថត​នៅ​ថ្ងៃ​ទី០៣ ខែ កុម្ភៈ ឆ្នាំ ២០១៨​នេះ ដោយ​មាន​ការ​​សហការ​ជា​មួយ​ក្រុម REEL MEDIA និង​គាំទ្រ​ដោយ KHANA NGO ។

លោក សាន ផានិត បាន​បន្ត​ឲ្យ​ដឹង​ថា “មាន​ជីវិត​ត្រូវ​តែ​តស៊ូ” មាន​ខ្លឹម​សារ​​អប់រំ​ដល់​សង្គម​ច្រើន ទាក់​ទង​នឹង​យុវជន​ដែល​ដើរ​ផ្លូវ​ខុស ​ហើយ​សង្គម​រើស​អើង​ជា​ដើម ។ លោក​ថា ភរិយា​ពូ​ឃ្លាំង​គឺ​មាន​ចំណែក​ធំក្នុង​ការ​បើក​ទ្វា​រឲ្យ​ពូ​ឃ្លាំង​វិលវិញ​​នេះ ដោយសារតែ​ការ​លួងលោម​របស់​ពូឃ្លាំង គួប​ផ្សំ​​អត្ថន័យ​នៃ​​បទ​ចម្រៀង ប្រពន្ធ​គាត់​ស្ដាប់​មាន​ខ្លឹមសារ​អប់​រំ​ច្រើន ​ហើយ​ចង់​រួម​ចំណែក​ជួយ​ដល់​សង្គម​​ផង​នោះ ទើប​ប្រពន្ធ​របស់​គាត់​ឲ្យ​វិល​វិញ។

លោក សាន ផានិត និយាយ​ថា បទ​”មាន​ជីវិត​ត្រូវ​តែ​តស៊ូ” មិន​ត្រឹម​តែ​ថត​ជា​សំឡេង​ទេ តាម​គម្រោង​នឹង​ចេញ​ថត​ជា​ MV ថែម​ទៀត ដែល​​​​ការ​ផលិត​ជា​សំឡេងនឹងផុស​​នៅ​លើ​បណ្ដាញ​សង្គម​ប្រហែល​១សប្ដាហ៍​ទៀត ចំណែក​ MV គ្រោង​ថត​នៅអំឡុង​ចុង​ខែ​នេះ។

កិច្ចសហការ​ខាង​លើ មិនមែន​មាន​តែ​បទ​១ទេ ប្រសិន​បើ​បទ​ទី១​ទទួល​បាន​ភាព​ជោគជ័យ​នោះ អ្នក​ទាំង​ពីរ​គ្រោង​​ផលិត​ជា​មួយ​គ្នា​២បទ​​​បន្ថែម​ថែម​ទៀត ដោយ​បទ​ចម្រៀង​ទាំង​នោះបាន​​សរសេរ​បារ៉ូល និងមេឡូឌី​រួច​អស់​ហើយ។ លោក សាន ផានិត រៀបរាប់​ឲ្យ​ដឹង​ថា ២បទ ដែល​គ្រោង​ផលិត​ជា​ជំហាន​បន្ទាប់​នោះ​មាន​បទ​ទី១”រស​ជាតិ​ជីវិត” និង បទ​ទី២ “​បង​ត្រូវ​ការ​អូន” ដែល​សុទ្ធសឹងតែ​ជា មេឡូឌី​ថ្មី​ទាំង​អស់។

ម្ចាស់​បទ​”​​ទូរស័ព្ទ​ប្រាប់​ផង”​រូប​នេះ បាន​ដាក់​​ក្ដី​រំពឹង​យ៉ាង​មុត​​មាំ​ថា វត្តមាន​ជា​ថ្មី​របស់​អ្នក​ទាំង​ពីរ​ជា​មួយ​ការ​ចាប់​ដៃគូ​ច្រើន​រួម​គ្នា​នេះ ច្បាស់​ជួយ​ស្ដារ​ប្រជាប្រិយភាព​ឲ្យ​មហាជន​​ចាប់​អារម្មណ៍​ឡើង​វិញ​លើ​អ្នក​ទាំងពីរ​​ជាក់​ជា​មិន​ខាន៕ ​