ខ្លាចស្នេហ៍ប្រេះឆាម្តងទៀត Justin Bieber កំពុង​ព្យាយាម​យក​ចិត្ត​ម្ដាយ​ Selena Gomez

Justin Bieber និង Selena Gomez កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​ជិតស្និទ្ធ​ ប៉ុន្តែ​បែប​ធម្មតាៗ ដោយ​មិន​ចង់​ឲ្យ​មាន​រឿង​រ៉ាវ​មិន​ល្អ​កើត​ឡើង​។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ចំណាយ​ពេល​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ពុធ ដោយ​ Selena បាន​ទៅ​មើល​សង្សារ​ខ្លួន​លេង​ល្បែង​ Hockey នៅ​ទី​ក្រុង Panorama រដ្ឋ​កាលីហ្វ័រញ៉ា​ ហើយ​ព្រម​ទាំង​ចំណាយ​ពេល​ជាមួយ​គ្នា​នៅ​វិហារ​យេស៊ូ​នៅ​ពេល​ល្ងាច។

Justin និង Selena នៅ​កន្លែង​លេង​កីឡា​ Hockey

តាម​រយៈ​អ្នក​ឃើញ​ផ្ទាល់​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​ E!New ថា ពួក​គេ​មើល​ទៅ​ពិត​ជា​សប្បាយ​ចិត្ត​នឹង​ជួប​មនុស្ស​គ្រប់​គ្នា​នៅ​ទី​នោះ និង​ព្រម​ទាំង​ឱប​ថើប​អ្នក​គាំទ្រ​ជា​ច្រើន​ ពេល​ទៅ​ដល់​ទី​នោះ។

ខណៈ​ដែល​ Selena ស្ងប់​ស្ងាត់​ Justin មើល​ទៅ​ដូច​ជា​កំប្លែង​លេង​សើច​ច្រើន​ និង​បង្ក​ភាព​សប្បាយ​រីករាយ។ ចំពោះ​ពេល​នេះ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​រវល់​រៀងៗ​ខ្លួន​ ដោយ Selena រវល់​ការ​ងារ​នៅ​ទីក្រុង New York និង​ Justin រវល់​ការ​ងារ​ច្រើន​នៅ​ទីក្រុង Los Angeles។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​​ អ្នក​ទាំង​ពីរ​នៅ​តែ​ស្វែង​រក​ពេល​វេលា​ដើម្បី​ចំណាយ​ជា​មួយ​គ្នា មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គ្រួ​សារ​របស់ Justin កំពុង​តែ​ពេញ​ចិត្ត​ Selena ខ្លាំង។

បើ​តាម​ប្រភព​ផ្ទៃ​ក្នុង​មួយ​ប្រាប់​សារព័ត៌មាន​ដដែល​នេះ​ថា ពួក​គេ​កំពុង​តែ​ស្រលាញ់​គ្នា​ខ្លាំង ហើយ​​គ្រួសារ Justin ពេញ​ចិត្ត​ Selena ស្របពេលដែល​លោក​កំពុងរៀបអត្តចរិត​ឲ្យ​គ្រួសារ​ Selena ពេញ​ចិត្ត​ខ្លួន​ ជា​ពិសេស​គឺ​ម្ដាយ​នាង​ អ្នក​ស្រី Mandy Teefey។

នេះ​ដោយ​សារ​តែ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន គ្រួសារ Selena ប្រាប់​ចំៗ​តែ​ម្ដង​ថា​ ពួក​គេ​មិន​ពេញ​ចិត្ត​ Justin ត្រលប់​មក​ទាក់ទង​ជាមួយ Selena នោះ​ទេ​ ប៉ុន្តែ​នៅ​ពេល​នេះ​ពួក​គេ​កំពុង​តែ​ផ្ដល់​ឱកាស​ដល់​ Justin ដោយ​សារ​ទំនាក់​ទំនង​​អ្នក​ទាំង​ពីរ​មើល​ទៅ​ដូច​ជា​ស្និទ្ធស្នាល​ប្លែក​ជាង​មុន​ មើល​ទៅ​ពួក​គេ​អាច​នឹង​រៀប​ការ​ជាមួយ​គ្នា​ផង​ក៏​មិន​ដឹង៕