ស្ត្រី​ចិន​ព្យាយាម​ចៀស​ឆ្ងាយ​ពី​ការ​សម្រាលកូន​ដោយ​ប្រើ​វិធី​វះកាត់​

​(ចិន)៖ ​ក្រុម​វេជ្ជបណ្ឌិត និង​អ្នកស្រាវជ្រាវ​ធ្លាប់បាន​ព្រមាន​អំពី​កំណើន​ខ្ពស់​នៅក្នុង​ពិភពលោក​នៃ​អត្រា​ស្ត្រី​សម្រាលកូន​ដោយ​វិធី​វះកាត់ (Caesarean-section)​។ ក្នុងចំណោម​ប្រទេស​ដែលមាន​អត្រា​ខ្ពស់​នៃ​ស្ត្រី​សម្រាលកូន​ដោយ​វិធី​វះកាត់​នោះ មានតែ​ប្រទេស​ចិន​មួយ​ទេ​ដែល​ជោគជ័យ​ក្នុងការ​កាត់បន្ថយ​អត្រា​នេះ​។ ទន្ទឹមនឹង​ជោគជ័យ​នេះ វា​ក៏មាន​បញ្ហា​ដែរ​។​
កាលពី​ជិត​១០​ឆ្នាំមុន ប្រទេស​ចិន​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក​រិះគន់ថា​ជា​ប្រទេសមួយ​ដែលមាន​ស្ត្រី​សម្រាលកូន​ដោយ​វិធី​វះកាត់ (C-section) ច្រើន​ក្នុង​ពិភពលោក​។ ប៉ុន្តែ​ពេលនេះ អ្វីៗ​បាន​ផ្លាស់ប្តូរ ហើយ​។ ផ្លាស់ប្តូរ​យ៉ាង​លឿន​ទៀតផង​។​

​ក្រុម​វេជ្ជបណ្ឌិត និង​អ្នកជំនាញ​បាន​ពន្យល់ថា ការបដិសេធ​ការ​សម្រាលកូន​ដោយ​វិធី​វះកាត់ គឺ​ដើម្បី​សុខភាព​ម្តាយ និង​ទារក​។ ផ្ទុយទៅវិញ ការវះកាត់ គឺ​គ្រាន់តែ​ជា​វិធី​មួយ​ដែល​គ្រូពេទ្យ​ត្រូវ​ប្រើ ដើម្បី​ជួយសង្គ្រោះ​ម្តាយ ឬ​ទារក ក្នុងករណី​ចាំបាច់ ទៅតាម​វិធាន​វេជ្ជសាស្ត្រ​ប៉ុណ្ណោះ​។

​សារព័ត៌មាន BBC បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដោយ​ស្រង់​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត ស៊ូ​សាន ហេ​ល​ឡឺស​ស្តា​ញ (Susan Sellerstein) ដែលជា​សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ Harvard និង​ជា សហ​និពន្ធ​របាយការណ៍​ស្រាវជ្រាវ​ជាមួយ​សកល​វិទ្យាល័យ​អ្នកស្រាវជ្រាវ​ក្រុង​ប៉េកាំង ដែល​រកឃើញថា ប្រទេស​ចិន​បាន​ចាត់វិធានការ​តឹងតែង​ចំពោះ​ការកាត់បន្ថយ​ការ​សម្រាលកូន​ដោយ​វះកាត់​។​

​មូលហេតុ​ខ្លះ​នៃ​ការថយចុះ​នេះ គឺ​ដោយសារតែ​រដ្ឋាភិបាល​បាន​យកចិត្ត​ទុក​ខ្លាំង​ទៅលើ​ផ្នែក​សម្ភព និង​កើនឡើង​នៃ​ការយល់ដឹង​របស់​ប្រជាជន​ថ្នាក់កណ្តាល នៅក្នុង​ទីប្រជុំជន​ក្រុង​របស់​ប្រទេស​ចិន​។ ប៉ុន្តែ តាមពិត​មូលហេតុ​ចម្បង​នោះ គឺ​ការបង្កើត​ឲ្យ​មានការ​ដាក់ទោស ដែល​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ គ្មាន​ជម្រើស​ច្រើន​ឡើយ​។​

​កត្តា​ជំរុញ​ដ៏​សំខាន់​មួយ​ដែល​នាំ​ឲ្យ​វិធានការ​កាត់បន្ថយ​វិធី​សម្រាលកូន​ដោយ​វះកាត់​មាន​ប្រសិទ្ធភាព គឺ​អំណាច​របស់​រដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ផងដែរ​នូវ​ការបណ្តុះបណ្តាល​វគ្គ​បំបៅ​កូន និង​ការបង្រៀន​អំពី​ការ​សម្រាល​ដោយ​ធម្មជាតិ​។ ក្នុងន័យនេះ ចំនួន​ឆ្មប​ក៏ត្រូវ​បាន​បង្កើន​ផងដែរ​៕