ចិន និងឥណ្ឌា ជាឆ្អឹងខ្នងនៃសកលភាវូបនីយកម្មពិភពលោក

អន្តរជាតិ៖ លោក ស៊ីជីន ពីង (Xi Jinping) ប្រធានាធិបតីចិនបាននិយាយថា ប្រទេសចិន និងឥណ្ឌា គឺជាឆ្អឹងខ្នងនៃសកលភាវូបនីយកម្មសកលលោក និងសកលភាវូបនីយកម្មសេដ្ឋកិច្ច ហើយប្រទេសទាំងពីរគួរតែរួមចំណែកជាវិជ្ជមាន ចំពោះសន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក ។ លោក ស៊ី ដែលបានចូលរួមកិច្ចប្រជុំកំពូល មិនផ្លូវការរយះពេលពីរថ្ងៃដែលមិនធ្លាប់មានពីមុនមក ជាមួយលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី នៅទីក្រុង វូហា ប្រទេសចិន បាននិយាយថាប្រទេសចិន និងឥណ្ឌា គឺជាយន្តការសំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក ។

លោកបានមានប្រសាសន៍ថា “ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំទាំងពីរ ដែលសេដ្ឋកិច្ចទីផ្សារកំពុងរីកចម្រើន ហើយមានប្រជាជនជាង ២ពាន់លាននាក់នោះ ប្រទេសចិន និងឥណ្ឌា គឺជាឆ្អឹងខ្នងនៃសកលភាវូបនីយកម្មពិភពលោក និងសកលភាវូបនីយកម្មសេដ្ឋកិច្ច” ។ ទំនាក់ទំនងចិន-ឥណ្ឌាដ៏ល្អ គឺជាកត្តាវិជ្ជមានដ៏សំខាន់ក្នុងការថែរក្សាស្ថិរភាពពិភពលោក និងមានសារៈសំខាន់យ៉ាងធំធេង ក្នុងការលើកកម្ពស់ការអភិវឌ្ឍមនុស្សជាតិ ។ លិទ្ធិសង្គមនិយមតាមបែបប្រទេសចិន បានឈានចូលក្នុងយុគសម័យថ្មីមួយហើយ លោក ម៉ូឌី ក៏បានស្នើឱ្យមានគោលដៅថ្មីមួយ ដើម្បីបង្កើត “ឥណ្ឌាថ្មី” ដោយលោកបានបន្ថែមថា នៅលើផ្លូវឆ្ពោះទៅរកការអភិវឌ្ឍ និងធ្វើឲ្យរឹងមាំឡើងវិញរវាង ចិន និងឥណ្ឌា ដែលប្រឈមនឹងបញ្ហាស្រដៀងគ្នាដែរ ។

លោក ស៊ី បានមានប្រសាសន៍ថា៖ “យើងត្រូវផ្តោតលើការអភិវឌ្ឍ ឱ្យស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងរួមគ្នាបង្កើតឱ្យមានស្ថិរភាព និងវិបុលភាពនៅសតវត្សរ៍ទី 21 នៅអាស៊ី និងរួមវិភាគទានជាវិជ្ជមាន ចំពោះសន្តិភាព និងការអភិវឌ្ឍពិភពលោក” ។ ប្រទេសចិន និងឥណ្ឌាគួរតែជាប្រទេសជិតខាងល្អ និងជាមិត្តល្អ ជា “កត្តាសកម្ម” នៅក្នុងការផ្លាស់ប្តូរអំណាចរបស់ពិភពលោក និងជាដៃគូដើម្បីសម្រេចបានក្តីសុបិន្ត ប្រទេសទាំងពីរនៃការអភិវឌ្ឍ ។ លោកបាននិយាយថា ការអភិវឌ្ឍប្រទេសចិន និងឥណ្ឌាគឺជា “និន្នាការនៃសម័យកាល” និងជាឱកាសដ៏សំខាន់សម្រាប់គ្នាទៅវិញទៅមក ហើយទាំងប្រទេសចិន និងឥណ្ឌាគួរតែបន្តគោលនយោបាយបរទេសឯករាជ្យ ។

ចិន និងឥណ្ឌាមានគំនិតស្រដៀងគ្នាជាច្រើន នៅក្នុងកិច្ចការអន្តរជាតិ ។ នៅពេលដោះស្រាយទំនាក់ទំនង រវាងមហាអំណាច ធំៗ ចិនបាន ទាមទារឲ្យមានស្វ័យភាពយុទ្ធសាស្ត្រ ដោយទទូចកុំឱ្យមានជម្លោះ និងការប្រឈមមុខដាក់គ្នា ហើយកសាងទំនាក់ទំនងអន្តរជាតិថ្មី ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ដោយភាពត្រឹមត្រូវ យុត្តិធម៌ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។

ប្រធានាធិបតីចិនបាននិយាយថា “នេះស្របទៅតាមគោលការណ៍ប្រាំនៃការរួមរស់ដោយសន្តិភាព (Panchsheel) ដែលត្រូវបានគាំទ្ររួមគ្នា ដោយចិន និងឥណ្ឌាក្នុងទសវត្សរ៍ឆ្នាំ 1950” ។ (News Asia ថ្ងៃទី៦ ខែមីនា)