ឡើងងារ​ឧកញ៉ា​មិន​បាន​ប៉ុន្មាន​ផង ឡេង ណាវ៉ាត្រា បរិច្ចាគ​រាប់​សិប​លាន​រៀល ដល់​ពេទ្យគន្ធ​បុប្ផា

ឧកញ៉ា​វ័យ​ក្មេង ឡេង ណាវ៉ាត្រា ដែល​ទើប​ទទួល​បាន​ងារ​ថ្មីៗ បាន​យក​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​៥០លានរៀល ជូនដល់​មន្ទីរពេទ្យ​គន្ធបុប្ផា កាល​ពី​ព្រឹក​មិញ​នេះ។

បើតាមការឲ្យដឹងពីឧកញ៉ា ឡេង ណាវ៉ាត្រា គម្រោង​នៃ​ការបរិច្ចាគនេះមានទំហំទឹកប្រាក់ដល់ទៅ១៥០លានរៀល ដែល ៥០លានរៀលលោកជូនមន្ទីរពេទ្យគន្ធបុប្ផា និង ១០០លានរៀលសម្រាប់ជូនកាកបាទក្រហមកម្ពុជា ដែលនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។

ចំពោះគោលបំណងនៃការបរិច្ចាគវិញ ឧកញ៉ា​ ឡេង ណាវ៉ាត្រា បញ្ជាក់ថា អ្វីៗដើម្បីជួយសង្គម និងសង្គ្រោះជីវិតកុមារក្រីក្រកម្ពុជា ម្យ៉ាងវិញទៀតជីវិតលោកក៏ធ្លាប់ហែលឆ្លងការលំបាក ទើបសម្រេចចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួនដល់ស្ថាប័នមនុស្សធម៌ទាំងពីរខាងលើតាមដែលអាចធ្វើទៅបាន។

​អតីតពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ កន្លងមកបាន​ធ្វើ​ការងារ​ជា​ច្រើន​រួម​ចំណែក​ជួយ​សង្គម ដោយថ្មីៗនេះ ឧកញ៉ាបានឧបត្ថម្ភ​ប្រាក់១០​លាន​រៀល​ ដល់សមាគម​អតីត​ពលករ​ខ្មែរ​មក​ពី​កូរ៉េ​។ ក្នុងពេលដ៏ខ្លីខាងមុខ ឧកញ៉ា ឡេង ណាវ៉ាត្រា នឹងដឹកនាំសិល្បករខ្មែរល្បីៗជាង២០នាក់ទៅសម្តែងសិល្បៈនៅប្រទេសកូរ៉េ ទីលោកធ្លាប់រស់នៅជាពលករ ដែលការសម្តែងនេះគ្រោងចំណាយថវិកាដល់ទៅជាង១០ម៉ឺនដុល្លារឯណោះ។