សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ផ្សព្វផ្សាយដល់អ្នកចិញ្ចឹមជ្រូក ឲ្យអនុវត្តវិធានការមួយចំនួន ក្នុងការការពារជំងឺគ្រុនជ្រូកអាហ្វ្រិក

(ភ្នំពេញ)៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានផ្សព្វផ្សាយ ដល់អ្នកចិញ្ចឹមជ្រូក ឲ្យអនុវត្តវិធានការមួយចំនួន ក្នុងការការពារជំងឺគ្រុនជ្រូកអាហ្វ្រិក ដូចជាអនាម័យទ្រុងជ្រូក បាញ់ថ្នាំសម្លាប់មេរោគ ជាពិសេសបំផុត កុំយកអាហារពីតាមផ្ទះបាយ ឬពីភោជនីយដ្ឋាននានាទៅឱ្យជ្រូកស៊ី ព្រោះអាហារទាំងនោះ អាចមានមេរោគជំងឺគ្រុនជ្រូកអាហ្វ្រិក។​​     ការផ្សព្វផ្សាយរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានធ្វើឡើងបន្ទាប់ពី សង្កេតឃើញថា កាលពីពេលថ្មីៗនេះ ជំងឺគ្រុនជ្រូកអាហ្វ្រិក បានកំពុងលុកលុយនៅប្រទេសវៀតណាម បណ្តាលឱ្យជ្រូកស្លាប់ជាច្រើន។ នេះបើតាមការលើកឡើរបស់ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការបង្ការជំងឺប៉េស្តជ្រូកអាហ្វ្រិក ឬ ជំងឺគ្រុនជ្រូកអាហ្វ្រិក ដល់អ្នកប្រកបរបរចិញ្ចឹមជ្រូកនៅកម្ពុជា រៀបចំនៅឯភោជនីយដ្ឋានទន្លេបាសាក់២ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ ២០១៩ ដោយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដោយមានដៃគូសំខាន់គឺក្រុមហ៊ុន ស៊ីភី និង ក្រុមហ៊ុនម៉ុងរិទ្ធី ។

គួរបញ្ជាក់ថា កាលពេលថ្មីៗនេះ ជំងឺគ្រុនជ្រូកអាហ្វ្រិក បានឆ្លងពីប្រទេស ចិន ចូលទៅរីករាលដាលនៅតំបន់មួយចំនួន នៃ ប្រទេសវៀតណាម ។ ជំងឺគ្រុនជ្រូកអាហ្វ្រិក មិនប៉ះពាល់ដល់សុខភាពមនុស្សទេ ហើយក៏មិនកើតលើសត្វដទៃក្រៅពីជ្រូកដែរ ប៉ុន្តែនៅពេលដែលវាកើតនៅក្នុងកសិដ្ឋានណាហើយ វាបណ្តាលឱ្យជ្រូកនៅទីនោះស្លាប់ទាំងអស់ដោយគ្មានថ្នាំព្យាបាល ។នៅកម្ពុជា ត្រូវបានអះអាងថា មិនទាន់មានវត្តមានជំងឺគ្រុនជ្រូកអាហ្វ្រិក នេះនៅឡើយទេ។

ជាមួយគ្នានោះ លោក តាន់ ផាន់ណារ៉ា អគ្គនាយក នៃ អគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ បានអះអាងថា នាយកដ្ឋាន និង សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន និង កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ហើយត្រួតពិនិត្យយ៉ាងម៉ត់ចត់ក្នុងការអនុវត្តជីវសុវត្ថិភាព ដូចជារាល់ការនាំជ្រូកចូលពីប្រទេសជិតខាងជាដើម៕