គណ:កម្មការ​ផ្សារ​បន្លែ​ និង​មន្ត្រី​កាំកុងត្រូល​ ចុះ​ពិនិត្យ​ម្ហូប​ចំណី​ ដែល​មាន​ផ្ទុក​សារជាតិ​គីមី​រាល់ថ្ងៃ

(ភ្នំពេញ) ៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​លោក​សាន់ ប៊ុន​ណា ប្រធាន​គណ:កម្មការ​គ្រប់គ្រង​ផ្សារ​បន្លែ​ច្បារអំពៅ​ បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែមីនា​នេះ​ថា ​ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​គឺ​គណ:កម្មការ​ផ្សារ​បន្លែ​ច្បារអំពៅ​បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​កំពង់ផែ​ភ្នំពេញ​ បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ជា​រៀងរាល់ថ្ងៃ​អំពី​សុវត្ថិភាព​ចំណីអាហារ​ដែល​មាន​បន្ថែម​សារ​ធាតុគីមី​បង្ក​អោយ​ប៉ះពាល់​ដល់​រាងកាយ​មនុស្ស។

លោក​សាន់ ប៊ុន​ណា បាន​បន្តថា ក្នុងនោះ​ក្រុមការងារ​បាន​ជម្រាប​ជូន​ដល់​អ្នក​ផលិត អ្នក​ចែកចាយ ត្រូវ​ទទួលស្គាល់​អំពី​គុណវិបត្តិ​របស់​សារធាតុ​គីមី​។​ ម្យ៉ាងទៀត​បើ​បងប្អូន​ដែល​ទិញយក​ទៅធ្វើ​អាហារ មានការ​សង្ស័យ​សូម​យកមក​ធ្វើ​តេស​នៅ​ស្នាក់ការ​ផ្សារ​ដោយ​មន្ត្រី​ជំនាញ​រង់ចាំ​ពិនិត្យ​ជូន​រាល់​ម៉ោង​ធ្វើការ។

ជា​ចុងក្រោយ​ក្នុងនាម​គណ​:​កម្ម​ការគ្រប់គ្រង​ផ្សារ​បន្លែ​ច្បារអំពៅ​និង​មន្ត្រី​កាំកុងត្រូល សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ទាំង​អ្នក​ចែកចាយ​និង​អ្នកប្រើប្រាស់ ចូលរួម​សហការគ្នា​ដើម្បី​លុបបំបាត់​សារធាតុ​គីមី​ក្នុង​ចំណីអាហារ​និង​យល់ដឹង​អោយបាន​ខ្ពស់​អំពី​ផលប៉ះពាល់​របស់​ចំពោះ​សុខភាព៕