អគារដ៏អស្ចារ្យបំផុតលើពិភពលោកនឹងសាងសង់ក្នុងឆ្នាំ២០២០ខាងមុខ

(បរទេស)​ ៖ ទីក្រុងឌូបៃជាទីក្រុងរស់រវើកជាមួយនឹងអគារខ្ពស់ៗផ្តល់នូវការស្នាក់នៅដែលមិនអាចបំភ្លេចបាន និងគួរឱ្យរីករាយជាទីបំផុត​ និងមានការរីកលូតលាស់នៅលើឧបទ្វីបអារ៉ាប់ ហើយក៏ជាទីក្រុងនៃសួនទំនើបសម្រាប់អ្នកមានស្តុកស្តម្ភ និងល្បីល្បាញ សម្បូរទៅដោយឡានទំនើប អគារខ្ពស់ទំនើបកប់ពពកដែលចែងចាំងលើវាលខ្សាច់។

ពិសេសការដើរកម្សាន្តជាមួយនឹងភាពទាក់ទាញរបស់ជនជាតិអារ៉ាប់នៅក្នុង Bur Dubai ឬក៏ជាមួយនឹងបទពិសោធន៍ក្រៅពិភពលោកជាមួយនឹងផ្លូវ Jumeirah ។

ចំណែកទីក្រុងឌូបៃនេះផងដែរ គ្រោងនឹងសាងសង់អគារកំពស់ ៤២០ ម៉ែត្រឈ្មោះថា The Dynamic Towerដែលជាអគារអាចវិលជុំបាន ៣៦០ ដឺក្រេ ដំបូងគេបង្អស់ក្នុងពិភពលោកក្នុងឆ្នាំ ២០២០ បន្ទាប់ពីចំណាយពេលប្រហែលជា ១០ ឆ្នាំដើម្បីសិក្សាគម្រោងនេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានThe Daily Mail។

អគារដ៏អស្ចារ្យនេះត្រូវបានសាងសង់ក្នុងតម្លៃវិនិយោគប៉ាន់ប្រមាណជាង ១.២០០លានដុល្លារ អគារ The Dynamic Towerនេះ នឹងមានកម្ពស់ ៨០ ជាន់ដែលក្នុងនោះយូនិតនីមួយៗអាចបង្វិលខ្លួនឯងបាន ៣៦០ ដឺក្រេជុំវិញស្នូលបេតុងដែលអាចមើលឃើញទេសភាពទីក្រុងឌុយបៃទាំងមូល។

ចំណុចដ៏អស្ចារ្យនៃអគារនេះផងដែរគឺមិនត្រឹមតែអាចបង្វិលបាននោះទេ ប៉ុន្តែអគារនេះត្រូវបានរចនាឡើងជាមួយនឹងប្រព័ន្ធផ្គត់ផ្គង់ចរន្តអគ្គិសនីដោយខ្លួនឯង ដោយបានបំពាក់នូវម៉ាស៊ីនបម្លែងខ្យល់អោយទៅជាអគ្គិសនី (wind turbines) និងបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ (solar panel) ដែលនៅជាន់នីមួយៗនឹងបំពាក់នូវម៉ាស៊ីនWind Turbinesចំនួន ៧៩ គ្រឿង។

គំនិតនៃអគារនេះត្រូវបានស្នើឡើងតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ ដោយស្ថាបត្យករជនជាតិអ៊ីស្រាអែល-អ៊ីតាលីលោកDavid Fisher។ បន្ទាប់ពីប្រើរយៈពេលប្រមាណជាង ១០ឆ្នាំនៃការសិក្សានិងពិភាក្សា ការដ្ឋានសាងសង់គ្រោងថានឹងចាប់ផ្ដើមក្នុងឆ្នាំ ២០២០ ខាងមុខនេះ៕