៤​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត ដែល​អ្នក​គួរ​ដឹង​ពី​អ្នកលេង​គុន​ចម្រុះ ឯម សុ​វណ្ណា​រី​

(ភ្នំពេញ)៖ កីឡាការិនី​គុន​ចម្រុះ​កូនកាត់​ខ្មែរ​-​អាមេរិក ឯម សុ​វណ្ណា​រី បានបង្ហាញ​សមត្ថភាព​ដ៏​គួរ​ឲ្យ​សរសើរ​និង​មិនអាច​បំភ្លេចបាន​កាលពី​ថ្ងៃទី​៧ ខែធ្នូ​ឆ្នាំមុន នៅពេល​នាង​ដណ្ដើមបាន​ជ័យជម្នះ​លើកដំបូង​នៅ ONE Championship តាមរយៈ​ការ​ផ្ដួល​កីឡាការិនី Iryna “Delsa” Kyselova ឲ្យ​សន្លប់​នៅ ONE: DESTINY OF CHAMPIONS នៅ​ម៉ាឡេស៊ី​។​
ក្រៅតែពី​ជាតា​រា​កំពុង​រះ​ក្នុងនាម​កីឡាការិនី​មិន​ចាញ់​សោះ សុ​វណ្ណា​រី ក៏​ជា​អ្នកលេង​គុន​ចម្រុះ​ពោរពេញ​ដោយ​ភាព​ភ្ញាក់ផ្អើល​ជាច្រើន​ផងដែរ​។ ខាងក្រោម​នេះ​ជា​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍​៤​យ៉ាង​ដែល​អ្នក​ប្រហែល​មិន​ធ្លាប់​ដឹង​ពី​កីឡាការិនី​រហស្សនាម «Sweet Savage» នេះឡើយ​។​

១- នាង​ចូលចិត្ត​រឿង The Lord of the Rings បំផុត​ក្នុង​ជីវិត​

​កាលពី​ចុងខែ​មករា​កន្លងទៅ សុ​វណ្ណា​រី បាន​បោះពុម្ព​សៀវភៅ​កុមារ​ជា​លើក​ទី​១​មាន​ចំណងជើង​ថា The Talent Quest​។ កីឡាការិនី​ដ៏​មាន​ទេពកោសល្យ​វ័យ​២៦​ឆ្នាំ​រូបនេះ​ជា​មនុស្ស​ចូលចិត្ត​អាន​សៀវភៅ​យ៉ាង​ងប់​ង​ល់​ម្នាក់ ហើយ​សៀវភៅ​សំណព្វចិត្ត​របស់​នាង​គឺ​រឿង​ប្រលោមលោក​បែប​ប្រឌិដ្ឋ​និពន្ធ​ដោយ​អ្នកនិពន្ធ​ជនជាតិ​អង់គ្លេស J. R. R. Tolkien​។​
​សុ​វណ្ណា​រី និយាយថា​៖ «​រឿង​សំណព្វចិត្ត​បំផុត​របស់ខ្ញុំ​គឺ Lord of the Rings និង Hobbits Series​។ ចំណុច​ដែលនាំឱ្យ​ខ្ញុំ​ស្រលាញ់​រឿង​ទាំងពីរ​នេះ​គឺ​ការ​លាយ​បញ្ចូល​គ្នា​រវាង​ការ​ផ្សងព្រេង​ពេញ​ដោយ​សេរីភាព​, ការធ្វើដំណើរ​កាត់​វាល​ធំ​ល្វឹងល្វើយ និង​វេទមន្ត​។ តួអង្គ​ក្នុង​រឿង​ពោរពេញ​ដោយ​មិត្ត​ភាពល្អ​ជាមួយគ្នា​។ ចំណែង​រឿង Hobbits វិញ​បង្ហាញ​ពី​បែបផែន​ជីវិត​សាមញ្ញ​ដែល​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ពេញ​ដោយ​សន្តិភាព​ក្នុង​ចិត្ត​»​។​

២-​នាង​ចូលចិត្ត​ស្ទីល​វាយ​មិន​ដក​ដៃ​របស់ Mike Tyson

​សុ​វណ្ណា​រី ទទួលបាន​ជ័យជម្នះ​ក្នុង​ទឹក​ទី​១​ចំនួន​៣​ប្រកួត​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​រួចទៅហើយ​។ សុ​វណ្ណា​រី មិនដែល​ចាញ់​ទេ​មកទល់ពេលនេះ ហើយ​នាង​ចង់​បន្ត​ស្វែងរក​ជ័យជម្នះ​បន្ថែមទៀត​តាមរយៈ​ការ​បំផុសទឹកចិត្ត​ខ្លួនឯង​ដោយ​យក​គំរូ​តាម​កំពូល​អ្នកលេង​កណ្ដាប់ដៃ​ធ្ងន់ៗ​បំផុត​ក្នុង​កីឡា​ប្រយុទ្ធ​។​
​សុ​វណ្ណា​រី បញ្ជាក់ថា​៖ «​ការ​វាយ​គឺជា​ចំណង់​ចំណូល​ចិត្តធំ​មួយ​ក្នុង​ជីវិត​របស់ខ្ញុំ​នៅពេលនេះ ដូច្នេះ​ខ្ញុំ​ព្យាយាម​ហាត់រៀន​តាម​អ្នក​ប្រយុទ្ធ​ជាច្រើន​ផ្សេងគ្នា​។ អ្នក​ប្រយុទ្ធ​ចម្បង​ដែល​ខ្ញុំ​ហាត់រៀន​តាម​គឺ Mike Tyson​។ ខ្ញុំ​ពិតជា​ចូលចិត្ត​ស្ទីល​វាយ​ដ៏​កាច​និង​ធ្ងន់ៗ​របស់គាត់​ណាស់​។ ខ្ញុំ​នឹង​ចម្លង​ស្ទីល​វាយ​របស់គាត់​»​។​

​ចំពោះ​អ្នក​ប្រយុទ្ធ​របស់​កម្ពុជា​វិញ សុ​វណ្ណា​រី ពិបាក​ក្នុងការ​ជ្រើសរើស​នរណា​ម្នាក់​ជា​គំរូ​នា​ខណៈ​នេះ ប៉ុន្តែ​នាង​សរសើរ​អ្នកលេង​ក្បាច់គុន​ល្បីៗ​មួយចំនួន​របស់​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ដូចជា សំ ថា​រ័ត្ន​, ចាន់ រតនា និង នៅ ស្រី​ពៅ ជាដើម​។ សុ​វណ្ណា​រី និយាយថា​នាង​រីករាយ​ណាស់​ដែល​បាន​ស្គាល់​និង​ជួប​ពួកគេ ហើយ​នាង​នឹង​ស្វែងរក​អ្នកលេង​ក្បាច់គុន​ពូកែៗ​ជាច្រើន​នាក់​ទៀត​របស់​កម្ពុជា​ដើម្បី​ច្បិច​យក​ក្បាច់​ល្អៗ​ពី​ពួកគេ​។​

៣-​នាង​ធ្លាប់ជា​សមាជិក​ក្រុម​តន្ត្រី​មួយរូប​កាល​រៀន​វិទ្យាល័យ​

​មិន​ត្រឹមតែ​ចេះ​គូរគំនូរ​យ៉ាង​ស្អាត​និង​ជា​អ្នកលេង​គុន​ចម្រុះ​ជោគជ័យ​ម្នាក់​ប៉ុណ្ណោះ​ទេ សុ​វណ្ណា​រី ថែមទាំង​ចេះ​លេង​ហ្គី​តា​យ៉ាង​ស្ទាត់​ទៀតផង ហើយ​នាង​ធ្លាប់ជា​សមាជិក​ក្រុម​តន្ត្រី​មួយ​កាល​រៀន​ថ្នាក់​វិទ្យាល័យ​។​

​សុ​វណ្ណា​រី ប្រាប់ថា​៖ «​សព្វថ្ងៃ​ខ្ញុំ​មិនសូវ​បាន​លេង​ឧបករណ៍​តន្ត្រី​ប៉ុន្មាន​ទេ ប៉ុន្តែ​កាល​នៅ​រៀន​ថ្នាក់​វិទ្យាល័យ ខ្ញុំ​ពូកែ​លេង​ហ្គី​តា​ណាស់​។ ខ្ញុំ​ធ្លាប់​លេង​ហ្គី​តា​ឱ្យ​ក្រុម​តន្ត្រី​មួយ​។ កាលណោះ​ខ្ញុំ​វក់​នឹង​តន្ត្រី​ណាស់​។ តន្ត្រីបុរាណ​ជាត​ន្ត្រី​សំណព្វចិត្ត​របស់ខ្ញុំ​កាល​មុន តែ​ក្រោយមក​ខ្ញុំ​បាន​ចូល​ក្រុម​តន្ត្រីសម័យ​ជាមួយ​សង្សារ​ខ្ញុំ​នៅពេលនោះ​»​។​

៤-​វេលា​ដ៏​មាន​មោទកភាព​បំផុត​របស់​នាង​គឺ​ពេល​ប្រកួត​នៅ ONE Championship

​កីឡាការិនី​ប្រកបដោយ​ទេពកោសល្យ​ដែល​រស់នៅ​កាលី​ហ្វ៉​ញ៉ា​រូបនេះ​កំពុង​សម្លឹង​ទៅរក​ឆ្នាំ​២០១៩​ដ៏​ជោគជ័យ​ធំ​មួយ​ក្នុងនាម​ជា​អ្នកលេង​គុន​ចម្រុះ​ជំនោរ​ថ្មី​របស់​កម្ពុជា​នៅ ONE Championship​។ កាលពី​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៨ នាង​បាន​ឡើង​សង្វៀន ONE Championship លើកដំបូង​ក្នុង​ព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS ហើយ​ទទួលបាន​ជ័យជម្នះ​យ៉ាង​កក្រើក​ក្នុង​ទឹក​ទី​១​។ ពេលនោះ​គឺជា​ពេល​ជាទី​មោ​ទក​បំផុត​ក្នុង​ជីវិត​របស់​នាង​។​

​សុ​វណ្ណា​រី លើកឡើងថា​៖ «​នៅ​ខណៈ​នេះ ជីវិត​ខ្ញុំ​ល្អ ហើយ​គ្រប់យ៉ាង​ដើរ​ទន្ទឹមគ្នា​យ៉ាង​រលូន ជាពិសេស​ជាមួយ ONE Championship​។ វេលា​ដែលមាន​មោទកភាព​បំផុត​របស់ខ្ញុំ​គឺ​នៅពេល​ខ្ញុំ​ឡើង​វ៉ៃ​លើកដំបូង​នៅ ONE Championship​។ មូលហេតុ​ដែល​ខ្ញុំ​រំភើបចិត្ត​ខ្លាំង​ក្នុងការ​ធ្វើការ​ជាមួយ ONE គឺ​ព្រោះ​ខ្ញុំ​ទទួលបាន​ឱកាស​ដែល​ខ្ញុំ​មិន​ធ្លាប់មាន​ពីមុនមក​។ ខ្ញុំ​បាន​ផ្សាភ្ជាប់​ឡើងវិញ​ជាមួយ​ឫសគល់​ខ្មែរ​របស់ខ្ញុំ​និង​ជាមួយ​អ្នកគាំទ្រ​កម្ពុជា​ជាច្រើន​។ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា​ខ្ញុំ​នឹងមាន​ឱកាស​ទៅលេង​ប្រទេស​កម្ពុជា​។ កន្លងមក ខ្ញុំ​មិន​ធ្លាប់​ស្រមៃ​ថា​អាចទៅរួច ប៉ុន្តែ​ឥឡូវនេះ​ផ្ទុយស្រឡះ​ពីមុន​»៕