Selena Gomez បង្ហាញ​ខ្លួន​ឡើង​វិញ​ ក្រោយ​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ត

តារា​ចម្រៀង​ Selena Gomez ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចេញ​ទៅ​ក្រៅ​និង​ជួបជុំ​មិត្តភ័ក្ដិ​ឡើង​វិញ​ នៅ​តំបន់​ផ្នែក​ខាង​ត្បូង​នៃ​រដ្ឋ​ កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

អស់​រយៈ​ពេល​មួយ​ថ្ងៃ​ក្រោយ​ទទួល​បាន​ការ​​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ត​ និង​អារម្មណ៍​ស្មុគស្មាញ​ ពេល​នេះ​នាង​បាន​ចេញ​ទៅ​ក្រៅ​ និង​ញ៉ាំ​អាហារ​ជាមួយ​មិត្តភ័ក្ដិ​នៅ​តំបន់ Casa Vega រដ្ឋ កាលីហ្វ័រញ៉ា។

នាង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លៀក​ឈុត ខោវប៊យ​ជាមួយ​អាវ​ក្នុង​ពណ៌​ស ដោយ​ស្ពាយ​កាបូប​ម៉ាក Louis Vuitton យ៉ាង​ស្រស់​ស្អាត។ តារា​វ័យ​២៥ឆ្នាំ ​បាន​ស្លៀក​ឈុត​នេះ​ ដើម្បី​ចូល​រួម​មិត្តភ័ក្ត​ញ៉ាំ​អាហារ​បែប​ ម៉ិកស៊ីកូ​រួម​គ្នា នៅ​ក្នុង​ភោជនីយដ្ឋាន​ដ៏​ល្បី​ឈ្មោះ​មួយ។

បើ​តាម​ប្រភព​ជិតស្និទ្ធ​របស់ Selena មួយ​បាន​ឲ្យ​ដឹង​ថា៖ “ម្ចាស់​បទ ‘Come and Get It’ នេះ​ទើប​តែ​ត្រលប់​មក​ពី​ទីក្រុង New York សម្រាប់​កម្មវិធី​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ត​ក្នុង​រយៈ​ពេល ២​សប្ដាហ៍។”

ប្រភព​នេះ​បន្ត​ទៀត​ថា៖​ “នាង​បាន​ឆ្លង​កាត់​ឆ្នាំ​ដ៏​លំបាក​មួយ​ ដូច្នេះ​ហើយ​ទើប​នាង​សម្រេច​ចិត្ត​ចំណាយ​ពេល​ខ្លះ​ ដើម្បី​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្លួន​ឯង​។ សុខ​ភាព​របស់​នាង​គឺ​ពិត​ជា​សំខាន់។”

លើស​ពី​នេះ​ទៅ​ទៀត សង្សារ​នាង​ Justin Bieber ក៏​បាន​ដឹង​ពី​បញ្ហា​នេះ​ដែរ ហើយ​គាំទ្រ​ Selena ព្យាបាល​ជំងឺ​ទាំង​នេះ និង​ចង់​ឲ្យ​នាង​មាន​អារម្មណ៍​សប្បាយ​រីករាយ​៕