សម្តេច ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​សំណេះសំណាល​ជាមួយ​គ្រូ និង​កុមារី​រងគ្រោះ នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប ទុំ​ឌី នា​ព្រឹក​នេះ​

(​ភ្នំពេញ​) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៩​នេះ អញ្ជើញ​ចុះទៅ​ជួប​សំណេះសំណាល​ជាមួយ​គ្រូៗ យុវនារី និង​កុមារី រងគ្រោះ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប ទុំ​ឌី​។​

​ការអញ្ជើញ​ទៅកាន់​មជ្ឈមណ្ឌល​ខាងលើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដើម្បី​ពិនិត្យ​ដោះស្រាយ​នៅ​បញ្ហា​មួយចំនួន​នៅក្នុង​មជ្ឈមណ្ឌល​នេះ ដូចជា​ការសាងសង់​អគារសិក្សា ស្នាក់នៅ​របស់​គ្រូៗ យុវនារី និង​កុមារី​រងគ្រោះ ក៏ដូចជា​ការឧបត្ថម្ភ​គ្រឿងឧបភោគ បរិភោគ ដើម្បី​ទ្រទ្រង់​ដំណើរការ​មជ្ឈមណ្ឌល​មួយ​នេះ​។​

​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប ទុំ​ឌី ស្ថិតនៅ​ភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ មជ្ឈមណ្ឌល​នេះ គឺជា​កន្លែង​ជួយសង្គ្រោះ ជួយ​ព្យាបាល​ផ្លូវចិត្ត និង​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​ដល់​កុមារី និង​យុវនារី ដែល​រងគ្រោះ​ដោយ​ការរំលោភ​សេពសន្ថវៈ​។​

​មជ្ឈមណ្ឌល​នេះ មាន​គ្រូ បុគ្គលិក អ្នកស្ម័គ្រចិត្ត​ចំនួន ៤៤​នាក់ និង​មាន​កុមារី យុវនារី​រងគ្រោះ​កំពុងស្នាក់នៅ និង​ទទួល​ការបណ្តុះបណ្តាល​ផ្សេងៗ ៨៩​នាក់​។​

​សូមបញ្ជាក់​ជូន​ថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​ចុះទៅ​ម្តង​រួចមកហើយ​កាលពី​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅនេះ​។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ស្វែងយល់​យ៉ាងច្បាស់​ពី​ទុក្ខវេទនា​របស់​កុមារី និង​យុវនារី​រងគ្រោះ​នៅក្នុង​មជ្ឈមណ្ឌល ព្រមទាំង​បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទង្វើ​ដ៏​ព្រៃផ្សៃ​របស់​ឪពុក ជីតា និង​ជន​ល្មោភកាម​ទាំងឡាយ ដែល​បានធ្វើ​ទៅលើ​កុមារី និង​យុវនារី​ទាំងអស់នោះ​៕