រថយន្ត​ល្បឿន​ស្ទុះ​បំផុត​ក្នុង​លោក ​ថ្លៃ​ជាង ២ លាន​ដុល្លារ​បុក​ខ្ទេច​នៅ​ប្រទេស​ស្វីស

រថយន្ត Koenigsegg Agera RS ដែល​ផលិត​តែ ២៥ គ្រឿង​ក្នុង​ពិភពលោក ហើយ​ទើប​តែ​ទទួល​បាន​កំណត់​ត្រា​ជា​រថយន្ត​មាន​ល្បឿន​ស្ទុះ​បំផុត​ក្នុង​លោក ដែលអាច​រត់ពី ០ ទៅ ៤០០ គ.ម ប្រើ​ពេល​ត្រឹម ៤១.៩៦ វិនាទី។

សំណាង​មិន​ល្អ​មួយ​ក្នុង​ចំណោម​រថយន្ត​សរុប បាន​ជួប​គ្រោះថ្នាក់​នៅ​ប្រទេស​ស្វីស ដោយ​របាយការណ៍​ប្រចាំ​តំបន់​ Autoevolution បញ្ជាក់​ឲ្យ​ដឹង​ថា Agera RS មួយ​គ្រឿង​នេះ បាន​បាត់បង់​ការ​គ្រប់គ្រង នៅ​តំបន់ Nyon-St-Cergue-Morez មុន​ស្ទុះ​ទៅ​បុក​គំនរ​ថ្ម តាម​ដង​ផ្លូវ​រថភ្លើង។

សំណាង​ល្អ​អ្នក​បើកបរ​មិន​ប៉ះពាល់​ដល់​អាយុ​ជីវិត ប៉ុន្តែ​រថយន្ត​កម្លាំង ១ ១៦០ សេះ ថ្លៃ​ជាង ២ លាន​ដុល្លារ​មួយ​នេះ ខ្ទេច​គ្មាន​សល់​ទេ​។ ពុំ​ទាន់​មាន​ការ​បញ្ជាក់​មូលហេតុ​ជាក់ច្បាស់​ណា​មួយ​នៅ​ឡើយ ប៉ុន្តែ​តាម​អ្នក​ជំនាញ​បាន​សន្មត​ដូច្នោះ​ថា​អាច​មក​ពី​កត្តា​កង់​រថយន្ត​មាន​បញ្ហា ឬ​មក​ពី​អាកាសធាតុ ព្រោះ​ដូច​បាន​បង្ហាញ​ក្នុង​រូប​ពេល​កើតហេតុ​កំពុង​មាន​ចុះអ័ព្ទ​ខ្លាំង។

គូស​បញ្ជាក់​ថា​រថយន្ត Agera RS ក៏​ជា​ផ្នែក​មួយ​ដែល​គេ​ថត​តាំង​បង្ហាញ​ជាមួយ Bugatti Veyron នៅ​លើ​ភ្នំ Alps កាល​ពី​ថ្ងៃ​មុន ដោយ​ក្រុម​ការងារ Magazin ProDriver CZ។​