អភិបាលខេត្តព្រះសីហនុ ជំរុញឲ្យក្រុមហ៊ុនអានកូផ្គត់ផ្គង់ទឹកដល់រដ្ឋាករទឹកគ្រប់ចំនួន ដើម្បីបែងចែកជូនទៅប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានគ្រប់គ្រាន់

ព្រះសីហនុ៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានជំរុញឲ្យក្រុមហ៊ុនអានកូ ផ្គត់ផ្គង់ទឹកដល់រដ្ឋាករទឹកក្រុងព្រះសីហនុ ឲ្យបានគ្រប់ចំនួន ដើម្បីអាចបែងចែកជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ឲ្យបានគ្រប់គ្រាន់។

ការជំរុញបែបនេះត្រូវបានធ្វើឡើង នៅល្ងាចថ្ងៃអាទិត្យទី១០ ខែមីនា ឆ្នាំ២០១៩ គ្រាដែលលោក យន្ត មីន ចុះទៅពិនិត្យស្ថានភាពអាងទឹកស្អាត នៅតំបន់ក្បាលឆាយរបស់ក្រុមហ៊ុនអានកូ ព្រមទាំងពិនិត្យមើលទីតាំងស្តុកទឹក នៅកន្លែងមួយចំនួន រួមទាំងមើលបណ្ដាញទុយោទឹក នៅតាមទីតាំងនានា ក្នុងក្រុងព្រះសីហនុ ដើម្បីរកមូលហេតុជាក់លាក់ ដែលបណ្តាលឲ្យមានការរអាក់រអួលខ្វះខាតទឹកប្រើប្រាស់ នៅតំបន់មួយចំនួន ក្នុងក្រុងព្រះសីហនុ នាពេលបច្ចប្បន្ន។

ទន្ទឹមនឹងការជំរុញក្រុមហ៊ុនអានកូ អភិបាលខេត្តព្រះសីហនុ លោកបានស្វះស្វែង សុំកិច្ចអន្តរាគមន៍ពីក្រសួងឧស្សាកម្ម និងសិប្បកម្ម ដើម្បីជួយដោះបញ្ហានេះដែរ។

សូមជម្រាបជូនថា សព្វថ្ងៃនេះស្ថានភាពទឹកស្អាត នៅក្នុងក្រុងព្រះសីហនុ ទីកន្លែងខ្លះមានទឹកប្រើប្រាស់គ្រប់គ្រាន់តែ កន្លែងមួយចំនួនខ្វះទឹកប្រើប្រាស់។ ទីតាំងដែលខ្វះទឹកនេះ ប្រជាពលរដ្ឋខ្លះបានងាកមកជីកអណ្ដូងស្នប់ ដើម្បីប្រើប្រាស់ជាជំនួយជាមួយនឹងទឹកស្អាត ដែលផ្ដល់ដោយរដ្ឋាករទឹក ដែលមានសភាពចេញខ្សោយ។

មតិពីប្រជាពលរដ្ឋខ្លះថា នៅខេត្តព្រះសីហនុ ការប្រើបណ្តាញទឹកស្អាតមានពីរ គឺមានបណ្តាញរបស់រដ្ឋ និងបណ្តាញរបស់ក្រុមហ៊ុនអានកូ។ បណ្តាញទាំងពីរនេះពលរដ្ឋថា អ្នកភ្ជាប់បណ្តាញរបស់ក្រុមហ៊ុនអានកូ មានទឹកប្រើគ្រប់គ្រាន់ ដោយឡែកអ្នកភ្ជាប់បណ្តាញទឹករបស់រដ្ឋវិញកន្លែងខ្លះ មិនសូវមានទឹកប្រើគ្រប់គ្រាន់ទេ។

លោក ផន រតនៈ ប្រធានអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុបញ្ជាក់ថា សព្វថ្ងៃអង្គភាពរដ្ឋករទឹក ទទួលទិញដុំពីក្រុមហ៊ុនអានកូ ដើម្បីចែកចាយបន្តជូនពលរដ្ឋប្រើ។

លោកបានឲ្យដឹងថា ក្រុងព្រះសីហនុ តម្រូវការប្រើប្រាស់ទឹកក្នុងមួយថ្ងៃប្រមាណ៤ម៉ឺនម៉ែត្រគូប។ ចំណែកក្រុមហ៊ុនអានកូ ផ្តល់ទឹកបានចន្លោះពី ២៨,០០០ ទៅ៣០,០០០ម៉ែត្រគូបប៉ុណ្ណោះ។ ការផ្តល់មិនគ្រប់នេះហើយ គឺជាមូលហេតុនាំឲ្យកើតឡើងបញ្ហាខ្វះទឹកប្រើនៅតំបន់ខ្លះសព្វថ្ងៃនេះ។

លោក ផន រតនៈ បានស្នើក្រុមហ៊ុនអានកូ ធ្វើយ៉ាងណាពន្លឿនការបញ្ជូនទឹកឲ្យបានគ្រប់ចំនួន តាមតម្រូវការប្រើប្រាស់ជាក់ស្តែងរបស់ពលរដ្ឋ។

លោក ស៊ុន ងី តំណាងក្រុមហ៊ុនអានកូ បានឲ្យដឹងថា សព្វនេះក្រុមហ៊ុនបានផ្គត់ផ្គង់ទឹកជូនរដ្ឋាករទឹកក្រុងព្រះសីហនុ ប្រមាណ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ លោកថា ទឹកនៅក្បាលឆាយនេះមិនខ្វះទេ តែមូលហេតុនៃការ បញ្ជូនទឹកឲ្យមិនគ្រប់ចំនួននេះ អាចដោយសារការតភ្ជាប់ទុយោមេទៅស្ថានីយ៍ស្តុកចែកចាយមិនទាន់ហើយសព្វគ្រប់។

លោក ស៊ុន ងី បញ្ជាក់ថាបញ្ហានេះ សព្វថ្ងៃក្រុមអ្នកតបណ្តាញទុយោមេ កំពុងសម្រុកការងារ ដើម្បីដោះស្រាយបញ្ហាកំពុងកើតមាននេះដែរ។ តែលោកមិនបានបញ្ជាក់ពេលវេលាច្បាស់ថា ការរៀបចំបណ្តាញទុយោខាងលើនេះ នឹងរួចរាល់ជាស្ថាពរនៅពេលណានោះទេ៕