Rain និង Kim Tae Hee ត្រូវ​បាន​គេ​និយាយ​ថា ទិញ​​លំនៅដ្ឋាន​ដាច់​ដោយ​ឡែក​ពី​គ្នា តម្លៃ​រាប់​លាន​ដុល្លារ នៅ Hannam The Hill

(កូរ៉េ)៖ កំពូលតារាចម្រៀងនិងសម្តែងកូរ៉េដ៏ល្បី Rain និង Kim Tae Hee បានទិញលំនៅដ្ឋានដែលមានតម្លៃថ្លៃបំផុតនៅកូរ៉េ។

កាលពីថ្ងៃទី៨ ខែមីនា Biz Report បានឲ្យដឹងថា ប្ដីប្រពន្ធមួយគូនេះបានទិញអាផាតមិននៅតំបន់ Hannam The Hill ស្ថិតនៅ Yongsan-gu ទីក្រុងសេអ៊ូល។

កាលពីឆ្នាំមុន Rain បានទិញអាផាតមិនជាន់ទី៧ អំឡុងខែសីហា ខណៈដែល មួយសប្តាហ៍ក្រោយ Kim Tae Hee ក៏បានទិញអាផាតមិនជាន់ទី៤ នៅទីតាំងមួយទៀតក្នុងតំបន់នោះដែរ។ Rain បាន ចុះហត្ថលេខាលើកិច្ចសន្យាជួលជាមួយលំនៅដ្ឋានតម្លៃ ៣.៣ប៊ីលានវ៉ុន (៣លានដុល្លារ) នៅពេលដែល Kim Tae Hee បានទិញលំនៅដ្ឋានទាំងស្រុងក្នុងតម្លៃ ៤.២ប៊ីលានវ៉ុន (៣.៧លានដុល្លារ) ។

តំណាងភ្នាក់ងាររបស់ Kim Tae Hee និយាយថា «បច្ចុប្បន្នអ្នកទាំងពីរកំពុងជួសជុលនិងរស់នៅក្នុងផ្ទះមួយស្ថិតនៅតំបន់ Itaewon ហើយម្តាយរបស់ Kim Tae Hee រស់នៅ Hannam The Hill»។ តំណាងភ្នាក់ងាររូបនេះមិនប្រាប់ពីមូលហេតុ ដែលពួកគេទិញផ្ទះថែមឡើយដោយអះអាងថា នេះជាបញ្ហាផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ។ គួរបញ្ជាក់ថា តារាល្បីៗជាច្រើនទៀតដែលមានលំនៅដ្ឋាននៅ Hannam The Hill រួមមាន BTS តារាសម្ដែង Han Hyo Joo តារាជើងចាស់ Lee Seung Chul និង Ahn Sung Ki៕