មិន​ធម្មតា​ទេ! តម្លៃ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត Selena Gomez ថ្លៃ​កប់​ពពក

តារា​ចម្រៀង​ Selena Gomez ទើប​តែ​ត្រូវ​គេ​បើក​ចំហ​ពី​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​របស់​នាង​ថ្មី​ៗ​នេះ នៅ​មន្ទីរ​ពេទ្យដ៏​ប្រណិត​មួយ​ឈ្មោះ​ “Prive-Swiss” ក្នុងរដ្ឋ Connecticut សហរដ្ឋ​អាមេរិក​ រយៈ​ពេល​ដល់​ទៅ ២​​អាទិត្យ​។ នេះ​បើ​តាម​ប្រភព​មួយ​ប្រាប់​សារព័ត៌មាន PageSix។

ប្រភព​ដដែល​នេះ​បញ្ជាក់​ថា តារា​វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​ចូលរួម​កម្មវិធី​ព្យាបាល​មួយ​ឈ្មោះ​ថា “Prive-Swiss’ Wellness program” បើ​យោង​ទៅ​តាម​វិបសាយ​របស់​ក្រុម​ហ៊ុន​នេះ គឺ​សម្រាប់​​ជន​ទាំង​ឡាយ​ណា​ ដែល​ចង់​បាន​ការ​ព្យាបាល​ ដោយ​ប្រើ​ប្រាស់​ថវិកា​ច្រើន​ និង​មាន​លក្ខណៈ​ទាន់​សម័យ។

សម្រាប់​ការ​ព្យាបាល​រយៈ​ពេល ៣០​ថ្ងៃ​ ជាធម្មតា​ចំពោះ​អ្នក​ជំងឺ​ស្នាក់​នៅ​ទី​នោះ​ គឺ​តម្រូវ​ឲ្យ​​បង់​ប្រាក់​ដល់​ទៅ ១២​ម៉ឺន​ដុល្លារ។ មន្ទីរព្យាបាល​ “Prive-Swiss” នេះ​ដែរ​ អនុញ្ញាត​ឲ្យ​នាង​ចូលរួម​កម្មវិធី​ជា​ច្រើន​មាន​ដូច​ជា ការ​រំសាយ​អារម្មណ៍ ការ​ហាត់​ប្រាណ​ផ្សេងៗ និង​ជា​ពិសេស​គឺ​សម្រាក​ឲ្យ​មាន​អាការៈ​ស្រស់​ស្រាយ​។ សកម្មភាព​ទាំង​នោះ​ សុទ្ធ​តែ​ធ្វើ​ឡើង​ និង​ចូលរួម​ពី​សំណាក់​គ្រូ​ពេទ្យ​ល្បីៗ ព្រម​ទាំង​គ្រូ​បង្វឹក​ចំពោះ​ផ្នែក​នីមួយៗ​​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នាង​ក៏​អាច​ចាក​ចេញ​ដើម្បី​ទៅ​បំពេញ​ការងារ​ នៅ​ទីក្រុង New York បាន​យ៉ាង​ងាយ​ស្រួល​ ដោយ​មាន​សេវា​ដឹក​ជញ្ជូន​នាង​ផ្ទាល់​ខ្លួន ក្នុង​រយៈ​ពេល​តែ ១​ម៉ោង​កន្លះ។

Selena បាន​ចំណាយ​ពេល​ជា​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មក​នេះ​ ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ដូច​ជា​នៅ​មន្ទីរព្យាបាល “Meadows facility” កាល​ពី​ឆ្នាំ ២០១៤ និង “Tennessee facility” កាល​ពី​ឆ្នាំ ២០១៦។ ទាំង​នេះ​សុទ្ធ​តែ​ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​​ និង​ស្មុគស្មាញ​ផ្លូវ​អារម្មណ៍៕