ប្រធានាធិបតីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចប្រទេសអ៊ីរ៉ាក់នៅថ្ងៃចន្ទនេះ

អន្តរជាតិ​៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់លោក ម៉ូហាម៉េដអាល់ – ហាគីម ( Mohammed al-Hakim ) បាននិយាយពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ាក់កំពុងទន្ទឹងរង់ចាំជំរុញចំណងទាក់ទង ព្រមទាំងធ្វើឱ្យប្រសើរកិច្ចសហប្រតិបត្តិ- ការក្នុងវិស័យផ្សេងៗ ជាមួយប្រទេសអ៊ីរ៉ង់ ដែលនៅជិតខាង ។

អត្ថាធិប្បាយរបស់លោក អាល់-ហាគីម ធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំរបស់លោក ជាមួយសមភាគីអ៊ីរ៉ង់របស់លោក គឺលោក ម៉ូហាម៉េដ ចាវ៉ាដ ហ្សារីហ្វ ( Mohammed Java Zarif ) ដែលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីរៀបចំសម្រាប់ទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន រូហានី ( Hassan RouhanI ) នៅថ្ងៃចន្ទនេះ ។

សេចក្តីថ្លែងការណ៍មួយធ្វើឡើងដោយក្រសួងការបរទេសអ៊ីរ៉ាក់បាននិយាយថា រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាពីទំនាក់ទំនងរវាងក្រុងបាកដាត និងក្រុងតេហេរ៉ង់ ។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា ការពិភាក្សាគ្នារបស់ពួកគេបាននិយាយអំពីបញ្ហាផ្សេងៗ និងការប្រកួតប្រជែងថ្នាក់តំបន់ ដើម្បីធ្វើឱ្យសម្រេចបានសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ។ នៅឯសន្និសីទកាសែតរួមគ្នាមួយបន្ទាប់ពីកិច្ចប្រជុំនេះ លោក ហ្សារីហ្វ បាននិយាយថា អ៊ីរ៉ង់កំពុងស្វះស្វែងជួយស្ថាបនាប្រទេសអ៊ីរ៉ាក់ឡើងវិញបន្ទាប់ពីជ័យជម្នះដ៏ប្រសើរប្រឆាំងនឹងអំពើភេរវកម្ម ។

លោកបានប្រាប់ពួកអ្នកយកព័ត៌មានថា យើងមានមោទនភាពឈរនៅជាមួយប្រទេសអ៊ីរ៉ាក់ក្នុង សង្គ្រាមប្រឆាំងនឹងអំពើភេរវកម្ម ។ អ៊ីរ៉ង់និងអ៊ីរ៉ាក់តំណាងឱ្យស្តម្ភនៃសន្តិសុខថ្នាក់តំបន់ ។ រដ្ឋមន្ត្រីអ៊ីរ៉ង់ក៏បានអរគុណប្រជាជន និងរដ្ឋាភិបាលអ៊ីរ៉ាក់ផងដែរ ដែលបានបដិសេធទណ្ឌកម្មខុសច្បាប់ដែលបានដាក់ដោយ ស.រ.អា ។

លោក រូហានី នឹងធ្វើទស្សនកិច្ចប្រទេសអ៊ីរ៉ាក់នៅថ្ងៃចន្ទនេះ តាមការអញ្ជើញរបស់សមភាគីអ៊ីរ៉ាក់របស់លោក គឺលោក បាហាម សាលី ( Barham Salih ) ដើម្បីពិភាក្សាគ្នាពីចំណងទាក់ទងទ្វេភាគី ។

ទស្សនកិច្ចនេះធ្វើឡើងនៅពេលដែល អាម៉េរិកបាននឹងកំពុងដាក់ទណ្ឌលើឧស្សាហកម្មប្រេងអ៊ីរ៉ង់​ព្រមទាំងធនាគារ និងផ្នែកដឹកជញ្ចូនរបស់ខ្លួន បន្ទាប់ពីក្រុងវ៉ាស៊ីងតោន ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រ ឆ្នាំ ២០១៥ កាលពីខែឧសភាកន្លងទៅ ៕