ថ្ងៃទី​១១​មីនា​នេះ ជា​ថ្ងៃ​ចុងក្រោយ នៃ​ការចុះបញ្ជី​គណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣

(​ភ្នំពេញ​)៖ ការចុះបញ្ជី​គណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ចាប់ផ្តើម​ពីថ្ងៃ​ទី​០៧ ដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩​។ គិត​ត្រឹម​ថ្ងៃទី​១០ ខែមីនា គ​.​ជ​.​ប បានប្រកាសថា មាន​គណបក្សនយោបាយ ចំនួន ៧ បាន​ចុះឈ្មោះ ដាក់​បេក្ខជន​ចូលរួម​ប្រកួត ប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាលើក​នេះ​។​

​គ​.​ជ​.​ប បានប្រកាសថា គណបក្ស ចំនួន ៧ ដែល​បាន​ចុះឈ្មោះ ដាក់​បេក្ខជនប្រកួតប្រជែង ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្តរួមមាន​៖

១-​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ២៥ រាជធានី​ខេត្ត​
២-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន ៧ រាជធានី​ខេត្ត​
៣-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចំនួន ៦ រាជធានី​ខេត្ត​
៤-​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ចំនួន ២ រាជធានី​ខេត្ត​
៥-​គណបក្ស​យុវជន​កម្ពុជា ចំនួន ៨ រាជធានី​ខេត្ត​
៦-​គណបក្ស​ឆន្ទៈ​ខ្មែរ ចំនួន ៤ រាជធានី​ខេត្ត​
៧-​គណបក្ស​សញ្ជាតិ​កម្ពុជា ចំនួន ៨ រាជធានី ខេត្ត​

​ដោយឡែក ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ មាន ៥​គណបក្សបាន​ចុះ​ឈ្ម ដាក់​បេក្ខជន ប្រកួតប្រជែង រួមមាន​៖

១-​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ២០៣ ក្រុង ស្រុក ខណ្ឌ​
២-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន ៤៧ ក្រុង ស្រុក ខណ្ឌ​
៣-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចំនួន ៣២ ក្រុង ស្រុក ខណ្ឌ​
៤-​គណបក្ស​យុវជន​កម្ពុជា ចំនួន ២០ ក្រុង ស្រុក ខណ្ឌ​
៥-​គណបក្ស​សញ្ជាតិ​កម្ពុជ ចំនួន ៥២ ក្រុង ស្រុក ខណ្ឌ​

​តាម​ប្រតិទិន​របស់ ​គ​.​ជ​.​ប ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ នៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ខេត្ត​រាជធានី គធ​.​ខ​ប ចាប់ពី​ថ្ងៃទី​០៧ ខែមីនា ដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩​។​

​ដោយឡែក ការចុះឈ្មោះ​អ្នកបោះឆ្នោត សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​នេះបានធ្វើ​ឡើង កាលពី​ថ្ងៃទី​០៤ ខែមីនា ដល់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩​។

អ្នកបោះឆ្នោត គឺ​មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ នៅក្នុង​តំណែង​ប៉ុណ្ណោះ​។​ ​ក្នុងនោះ លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ កាលពី​ឆ្នាំ​២០១៧ បង្ហាញថាមាន​គណបក្ស ចំនួន ៧ បាន​ជាប់ឆ្នោត ក្នុងចំណោម​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​សរុប ១១៥៧២​នាក់ ( ស្រី ១៩៣៩ នាក់ )​។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជាចំនួន ៦៥០៣​នាក់​។ គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៥០០៧ នាក់​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ២៨​នាក់​។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៤​នាក់​។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ២៤​នាក់​។ គណបក្ស​សំបុក​ឃ្មុំ ១​នាក់ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ៥​នាក់​។​

​យ៉ាងណាក៏ដោយ នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូលសម្រេច​រំលាយចោល នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ គឺ​អាសនៈ​ឃុំ​សង្កាត់​ទាំង៥០០៧ នាក់ ត្រូវបាន​បែងចែក​ទៅ​គណបក្ស​ផ្សេង ហើយ​ក្នុងនោះស្ទើរតែ​ទាំងអស់ បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ដូច្នេះ​បើតាម​ចំនួន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែលជា​អ្នកបោះឆ្នោត ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ គឺ​ស្ទើរតែ​ទាំងអស់ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​៕