ឥណ្ឌា ប្រកាស​កាលបរិច្ឆេទ​បោះឆ្នោត​ ចាប់​ផ្ដើម​ពី​ខែ​មេសា

(ឥណ្ឌា)៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតនៃ​ប្រទេស​ឥណ្ឌា បាន​ប្រកាស​ថា ការ​បោះឆ្នោត​ជាតិ​នឹង​ត្រូវ​ចាប់ផ្ដើម​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី១១ ខែ​មេសា ឆ្នាំ​២០១៩។ គណៈកម្មាធិការ​ដដែល​បញ្ជាក់​ថា ការ​បោះឆ្នោត​នេះ នឹង​ត្រូវ​ធ្វើ​ជា ៧ដំណាក់កាល​។
ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ញ៉ូដេលី កាលពី​ថ្ងៃ​ទី​១០មីនា លោក Sunil Arora ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឥណ្ឌា បាន​ឲ្យ​ដឹង​ថា ការ​បោះឆ្នោត ដំណាក់កាល​ទី១ នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី១១ មេសា ឆ្នាំ​២០១៩, ដំណាក់កាលទី២ ថ្ងៃ​ទី​១៨ មេសា, ដំណាក់កាល​ទី​៣ ថ្ងៃ​ទី​២៣ មេសា, ដំណាក់កាល​ទី​៤ ថ្ងៃ​ទី​២៩ មេសា, ដំណាក់កាលទី៥ ថ្ងៃទី​៦ ឧសភា, ដំណាក់កាល​ទី​៦ ថ្ងៃទី​១២ ឧសភា និង​ដំណាក់កាល​ចុងក្រោយ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ឧសភា ​។

លោក​បន្ត​ថា ការ​រាប់​សន្លឹក​ឆ្នោត នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩។

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឥណ្ឌា ប្រជាជន​ឥណ្ឌា​ដែល​មាន​សិទ្ធិ​បោះឆ្នោត មាន ៩០០ លាន​នាក់ បើ​ធៀប​ទៅ​នឹង​ការបោះឆ្នោត​ឆ្នាំ​២០១៤ ដែល​មាន​ត្រឹមតែ​ជាង ៨១៦​លាន​នាក់​ប៉ុណ្ណោះ​។

សភា​មាន​ចំនួន​អាសនៈ​សរុប ៥៤៥ ក្នុង​នោះ ៥៤៣ ត្រូវ​បាន​បោះឆ្នោត​គាំទ្រ​ពី​ប្រជាជន​ឥណ្ឌា ចំណែក ២ អាសនៈ​ទៀត សម្រាប់​បម្រុង​៕