រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ដើម្បីរំលេចឲ្យឃើញពីសមិទ្ធិផល ដែលសម្រេចបាន និងដោះស្រាយបញ្ហាប្រឈមឲ្យកាន់តែមានប្រសិទ្ធិភាព

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ខាងលើនេះ មានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត អាជា្ញធរស្រុក-ក្រុង-ឃុំ-សង្កាត់ យ៉ាងច្រើនកុះករ។

ថ្លែងនាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា អង្គសន្និបាត ដែលធ្វើឡើងនាពេលនេះ ក្នុងគោលបំណងដើម្បីឆ្លុះបញ្ចាំង បង្ហាញឲ្យឃើញអំពីលទ្ធផល និងសមិទ្ធផល ដែលសម្រេចបានក្នុងឆ្នាំ២០១៨ និងរំលេចឲ្យឃើញនូវបញ្ហាប្រឈមនានា ក្នុងការអនុវត្តតួនាទី ភារកិច្ចគ្រប់មន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធទូទាំងខេត្ត ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

លោក ជាម ច័ន្ទសោភ័ណ បានបន្តថា ដើម្បីឲ្យអង្គសន្និបាតប្រព្រឹត្តទៅដោយរលូន និងទទួលបាននូវធាតុចូល ពីគ្រប់តួអង្គពាក់ព័ន្ធ ទាំងអស់នោះ បទអន្តរាគមន៍ចំនួន១១ របស់អង្គភាព និងស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ត្រូវបានលើកឡើង ក្នុងនោះរួមមាន៖

* ទី១៖ បទអន្តរាគមន៍របស់ ស្នងការដ្ឋាននគរបាលខេត្ត ការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ:
* ទី២៖ បញ្ហាទំនាស់ដីធ្លី
* ទី៣៖ការផ្តល់សេវាតាមច្រកចេញចូលតែមួយ
* ទី៤៖ ការផ្តល់សេវារដ្ឋបាលសាធារណៈ
* ទី៥៖ ការផ្តល់សេវាថែទាំផ្លូវជាតិ ផ្លូវជនបទ ការរៀបចំប្រព័ន្ធលូ
* ទី៦៖ ការងារបង្កបង្កើនផលរដូវវស្សា និងរដូវប្រាំង បញ្ហាទីផ្សារ និងតម្លៃកសិផល
* ទី៧៖ ការផ្តល់សេវាពង្រីកបណ្តាញអគ្គិសនី និងទឹកស្អាត
* ទី៨៖ ការផ្តល់សេវាសុខាភិបាល
* ទី៩៖ ការលើកលម្ពស់សេវាសង្គម
* ទី១០៖ ការលើកកម្ពស់សេវាអប់រំ
* ទី១១៖ ការគ្រប់គ្រងតំបន់ទេសចរណ៍ និងការផ្តល់សេវាទេសចរណ៍។

លោកបានគូសបញ្ជាក់ថា អង្គសន្និបាតដែលធ្វើឡើងនាពេលនេះ ពិតជាមានអត្ថន័យបំផុត ដើម្បីយើងរួមគ្នា ធ្វើការវាយតម្លៃអំពីសមិទ្ធិផល និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ របស់ រាជរដ្ឋាភិបាល ព្រមទាំងអនុសាសន៍ដឹកនាំដ៏មានតម្លៃ និងមានប្រសិទ្ធភាពបំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តោតលើអភិក្រមទាំង៥នោះគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
ជាមួយគ្នានោះដែរ អភិបាលខេត្តត្បូងឃ្មុំ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក និងការផ្តល់កិច្ចសហការ ជួយគាំទ្រយ៉ាងសកម្ម ធ្វើឲ្យរដ្ឋបាលខេត្តសម្រេចបាននូវសមិទ្ធិផលនានាជាច្រើន តាមរយៈរបាយការណ៍បូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩នេះ៕