លោក ប្រាក់ សុខុន​៖ កម្ពុជា ជា​រដ្ឋ​តូច​មួយ តែ​យើង​មាន​ភាព​ឆ្លាត​វៃ

(ភ្នំពេញ​)៖ កម្ពុជា គឺជា​ប្រទេស​តូច​មួយ តែមាន​ភាព​ឆ្លាត​វៃ ក្នុងការ​បត់បែន​ឆ្លើយតប​ទៅនឹង​នយោបាយ​ការបរទេស​ថ្មីៗ របស់​ពិភពលោក ។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅក្នុង​ឱកាស​អបអរ​សាទរ «ASEM DAY»​។​
ផ្ដើម​ឃ្លាក្នុង​សន្ទរកថា ចំនួន​៨​ទំព័រ លោក ប្រាក់ សុខុន បាន​និយាយ​ពី​ចំណុច​វិជ្ជមាន ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី -​អឺរ៉ុប លើក​ទី​១៣ នៅ​ឆ្នាំ​២០២០​ខាងមុខ​។ សម្រាប់​លោក ប្រាក់ សុខុន ការរៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ី​-​អាស៊ី នេះ វា​គឺជា​ផ្នែ​កំ​ខាន់​មួយ ដែល​ជួយ​ឲ្យ​កម្ពុជា​កាន់តែ​មានមុខមាត់ និង​កិត្យានុភាព នៅលើ​ឆាក​អន្តរជាតិ​។ ជាពិសេស​វា​ក៏​បង្ហាញ​នូវ​ការចូលរួម​យ៉ាងសកម្ម​របស់​កម្ពុជា ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ភាពជា​ដៃ​គួ​ស្មើ​គា្ន​ទៀតផង​។​

​និយាយ​ពី​ចំណុច​ខាងលើ​នេះហើយ រដ្ឋមន្ត្រីការបរទេស​កម្ពុជា ក៏​ងា​កមក​និយាយ​ពី​បញ្ហា​ប្រឈម និង​សន្តិសុខ​នានា នៅក្នុង​ពិភពលោក​វិញ​ម្ដង​។ ត្រង់ចំណុច​នេះ លោក ប្រាក់ សុខុន បាន​សង្កត់ធ្ងន់​ទៅលើ​សកម្មភាព​របស់​ប្រទេស​មហាអំណាច​ទី​១ (​សហរដ្ឋអាមេរិក​) ដែល​ងាក​ចេញពី​ប្រព័ន្ធ​ពហុភាគី​និយម ទៅកាន់​ឯកតោភាគី​និយម និង​គាំពារ​និយម ហើយ​កំពុង​គំរាម​ដល់​ប្រព័ន្ធ​សណ្ដាប់ធ្នាប់​ពិភពលោក​បច្ចុប្បន្ន​។ ចំណែក​ការប្រកួតប្រជែង​របស់​ប្រទេស​មហាអំណាច​ធំៗ ក៏​ជះឥទ្ធិពល​អវិជ្ជមាន និង​សម្ពាធ​មកលើ​កម្ពុជា និង​បណ្ដា​ប្រទេស​តូច ធំ​នៅក្នុង​តំបន់ និង​ពិភពលោក​។​

​ដ្បិត​កម្ពុជា​អាច​រង​ឥទ្ធិពល​អវិជ្ជមាន​ពី​សកម្មភាព​ប្រជែង​របស់​មហាអំណាច​ក្តី ប៉ុន្តែ​វា​មិន​ធ្វើ​ឲ្យ​កម្ពុជា​ជួប​ផល​លំបាក​ក្នុងការ​ដោះស្រាយ​ឡើយ ។ នោះ​ក៏​ព្រោះតែ​កម្ពុជា​មាន​ភាព​ឆ្លាត​វៃ ក្នុង​បត់បែន និង​ទប់ទល់​ឆ្លើយតប​ទៅនឹង​ការ​ប្រជែង​អំណាច​នៅក្នុង​ភូមិសាស្ត្រ​នយោបាយ​របស់​ប្រទេស​ធំៗ​ទាំងនោះ​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាក់ សុខុន ។​

​ក្នុង​សន្ទរកថា នៃ​ឱកាស​អបអរសាទរ «ASEM DAY នៅ​ព្រឹក​ថ្ងៃទី​១១ មីនា រដ្ឋមន្ត្រីការបរទេស​កម្ពុជា​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​កម្ពុជា​យើង​កំពុង​រីករាយ​ជាមួយ​កំណើនសេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា និង​ស្ថិរភាព​នយោបាយ​របស់​ខ្លួន​។ កត្តា​ទាំងពីរ​នេះ គឺជា​ធាតុ​សំខាន់បំផុត ដើម្បី​ជួយ​យើង​នៅក្នុង​ការដោះស្រាយ និង​ជម្នះ​នូវ​និន្នាការ និង​ការគំរាមកំហែង​នៅក្នុង​តំបន់ និង​សកលលោក​។ ខ្ញុំ​តែងតែ​រំឭកថា ប្រទេស​កម្ពុជា គឺជា​រដ្ឋ​តូច​មួយ ។ យើង​មិនអាច​ផ្លាស់ប្ដូរ​ឋានៈ​នេះ​បានឡើយ ប៉ុន្តែ​យើង​អាចមាន​ភាព​ឆ្លាត​វៃ និង​បុរស​កម្ម ដើម្បី​បន្ត​បត់បែន​សម្រប​ខ្លួន​ទៅនឹង​តថភាព​នយោបាយ​ថ្មី ដោយ​ផ្អែកលើ​ឆន្ទៈ សមត្ថភាព និង​ផលប្រយោជន៍​ស្នូល​របស់​យើង​»​។​

​បើតាម​លោក ប្រាក់ សុខុន កម្ពុជា​បានកំណត់​ទស្សនវិស័យ​ការបរទេស​៤​ចំណុច ដើម្បី​ឆ្លើយតប​បញ្ហា​ដែល​កំពុង​កើតមាន​នៅក្នុង​ពិភពលោក​។ ចំណុច​ទាំងនោះ​រួមមាន តម្លៃ​ស្នូល​នៃ​ការការពារ​ឯករាជ្យ និង​អធិបតេយ្យភាព នៅក្នុង​កាលៈទេសៈ​ចំពោះមុខ​។ ការប្រើ​នយោបាយ​ការបរទេស​រឹងមាំ និង​ការងារ​ការទូត​បត់បែន ដែល​ឆ្លើយតប​ទៅនឹង​សក្ដានុពល​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ ក្នុងចំណោម​មហាអំណាច​។ ការលើកកម្ពស់​ការទូត​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​ការទូត​វប្បធម៌ ដើម្បី​ធានាបាន​នូវ​ប្រភព​បន្ថែម​សម្រាប់​កំណើន តាមរយៈ​ការធ្វើ​ពិពិធ​កម្ម ក្នុងការ​ពង្រឹង​សេដ្ឋកិច្ចជាតិ​។ ជាពិសេស​ការរួមវិភាគទាន​ដ៏​សកម្ម​របស់​កម្ពុជា នៅក្នុង​ការបន្ត​រក្សា​សន្តិភាព និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​សកល​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប្រាក់ សុខុន​៕