លោក គីម ជុងអ៊ុន «បញ្ជូនប្អូន​ស្រីបង្កើត ​មកកាន់​កូរ៉េខាងត្បូង» ដើម្បី​ចូលរួម​ការបើក​ព្រឹត្តិការណ៍​កីឡាអូឡាំពិក!

(សេអ៊ូល)៖ ប្អូនស្រីដ៏មាន​ឥទ្ធិពល របស់​ប្រមុខដឹកនាំកំពូលផុតលេខ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ​ដែល​ទើប​​ត្រូវ​​បាន​លើកតម្កើង​​នៅក្នុងឆាក​នយោបាយ​ របស់​ប្រទេស​កុម្មុយ​និស្ត​មួយនេះ កាលពីឆ្នាំមុន​នោះ​ នឹងអញ្ជើញមកចូលរួម​​ ពិធី​បើកព្រឹត្តិ​ការណ៍​​កីឡា​អូឡាំពិក​រដូវរងារ ដែលនឹងប្រព្រឹត្ត​ទៅក្នុងប្រទេស​កូរ៉េខាងត្បូង នាចុង​សប្តាហ៍នេះ។ នេះបើតាម​ការឲ្យដឹង​ពី​ទីក្រុង​សេអ៊ូល ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង​ យុនហ៉ាប់ នៅរសៀល​ថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។

បើគិតទាំងប្អូនស្រី​របស់ លោក គីម ជុងអ៊ុន ឈ្មោះអ្នក​នាង គីម យ៉ូចុង ម្នាក់នេះ​ទៀត គឺកូរ៉េខាងជើង​បានសម្រេច នឹងបញ្ជូនមន្ត្រីជាន់​ខ្ពស់របស់ខ្លួន​ចំនួនពីរ​រូបហើយ ដោយក្នុងនោះ ប្រធានសភា​កូរ៉េខាងជើង លោក គីម យ៉ុងណាំ កាលពីថ្ងៃ​ម្សិលមិញនេះ ក៏ត្រូវបាន​សារព័ត៌មាន​រដ្ឋកូរ៉េខាងជើង​បញ្ជាក់ផងដែរថា នឹងមកកាន់​កូរ៉េខាងត្បូង​ដូចគ្នា ដើម្បីចូលរួម​ពិធីបើក​សម្ពោធ ព្រឹត្តិការណ៍​កីឡាអូឡាំពិក​ និងប៉ារ៉ាឡាំពិករដូវរងារ នៅទីក្រុងព្យឿងចាង៕