ពិធីបេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨​ និងលេីកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩របស់រដ្ឋបាលខេត្តកំពង់ចាម

កំពង់ចាម៖ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ខ្ញុំសូមសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ គ្រប់ថ្នាក់ គ្រប់ផ្នែក និងគ្រប់ជំនាញ ដែលឆ្នាំ២០១៨កន្លងមក​ បានចូលរួមយ៉ាងសកម្មក្នុងការសហការអនុវត្តការងារ បានយ៉ាងល្អប្រសើរ ទៅតាមតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងគោលបំណង ដើម្បីរួមចំណែក ក្នុងការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ និយាយរួម និង និយាយដោយឡែក ដើម្បីអភិវឌ្ឍខេត្តកំពង់ចាម ឲ្យមានការរីកចម្រើនឈានឡើងជាលំដាប់​ ហេីយសូមបន្តចូលរួមសហការឲ្យបានកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត ក្នុងការរួមសហការពង្រឹងការអនុវត្តសកម្មភាព ការងារ ដែលរាជរដ្ឋាភិបាលប្រគល់ជូន ឲ្យបានកាន់តែល្អប្រសើរ ឡើងថែមទៀតនាឆ្នាំ២០១៩​ និងឆ្នាំបន្តបន្ទាប់ទៀត។

ជាមួយដំណេីរការសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងទិសដៅការងារឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្ត ខ្ញុំសូមសំណូមពរដល់ លោក លោកស្រី ជាមេឃុំ ចៅសង្កាត់ អភិបាលក្រុង ស្រុក លោក ឧត្តមសេនីយ៍ស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការតំបន់ ប្រតិបត្តិការ សឹករង និងលោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជំនាញ ដែលត្រូវ ចូលរួមផ្តល់មតិ បទពិសោធន៍ សូមលើកយក ចំណុចសំខាន់ៗ ជាពិសេសបញ្ហាប្រឈម និង ដំណោះស្រាយដែល ត្រូវធ្វើការពិភាក្សាគ្នា ហើយត្រូវប្រមូលផ្តុំនូវបញ្ញាញាណ ស្មារតី ចំណេះដឹង ចំណេះធ្វើ ដើម្បីធ្វើយ៉ាងណាឲ្យ អង្គសន្និបាតរបស់យើង មានដំណើរ ការល្អប្រព្រឹត្តទៅដោយភាពរលូន ទទួល​បានលទ្ធផល ជាផ្លែផ្កា និងសម្រេចបានជោគជ័យ ទៅតាមផែនការដែលបានគ្រោងទុក​ ដែលរួមមានការងារសន្តិសុខសណ្តាប់ធ្នាប់ អំពើឆក់ប្លន់ប្រដាប់អាវុធ ប្រសិទ្ធិភាពនៃយន្តការ និងការចាត់តាំងអនុវត្ត ការងារត្រួតពិនិត្យគ្រឿងញៀន នៅថ្នាក់ក្រោមជាតិ ពិសេសក្នុងការអនុវត្តផែនការយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការអនុវត្តការងាររបស់ អនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការផ្តល់សេវាតាមរយៈច្រកចេញចូលតែមួយ និងការត្រៀមបង្កើតការិយាល័យច្រកចេញចូលតែមួយ ការត្រៀមទទួលការផ្ទេរមុខងារថ្មី ក្រុង ស្រុក ការគ្រប់គ្រង​ និងការផ្តល់សេវា ចំពោះវិស័យទឹកស្អាត និងអគ្គិសនី បញ្ហាផ្លូវថ្នល់ ការសម្របសម្រួលនិងដោះស្រាយបញ្ហា ក្នុងការអនុវត្តគម្រោងសាង សង់នានា ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ការអនុវត្តគម្រោងមូលនិធិ ឃុំសង្កាត់ ការគ្រប់គ្រង និងគាំទ្រការផ្តល់ សេវា សុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ពិសេស ការផ្តល់ ការគាំពារមាតា និងទារក ការងារប្រយុទ្ធប្រឆាំង នឹង អំពើជួញដូរមនុស្ស ការងារសមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ។

ព្រឹកថ្ងៃចន្ទ​ ៦រោច​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០១៩​ បានចូលរួមជាអធិបតីជាមួយ​ ឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សាខេត្ត​ ក្នុងពិធីបេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨​ និងលេីកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩។