ព្រឹកនេះ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ​ និយោជិក នៅខេត្តកោះកុងជាង ១ម៉ឺននាក់

ភ្នំពេញ៖ ព្រឹកថ្ងៃពុធនេះ ទី៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩​​ ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៣,៨៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅក្នុងខេត្តកោះកុង។ ពិធីសំណេះសំណាលនេះ នឹងប្រារព្ធធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

រោងចក្រ សហគ្រាសទាំង៧នោះ រួមមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១, ដេរប៉ាក់ចំនួន១, ផលិតខ្សែបង្គំអេឡិចត្រូនិករថយន្តចំនួន១, ផលិតគ្រឿងអេឡិចត្រូនិកចំនួន១, ផលិតបាល់ចំនួន១, ដំឡើងរថយន្តចំនួន១ និងផលិតស្ករសចំនួន១ ដែលមានអ្នកវិនិយោគមកពីប្រទេសជប៉ុនចំនួន២, ថៃចំនួន៣, កូរ៉េចំនួន១, និងហូឡង់ចំនួន១។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបេសកកម្មជួបសំណេះសំណាលជាមួយប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក កម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាសចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧។ មកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ជួបប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងកម្មករ និយោជិតទាំងក្នុង និងក្រៅប្រព័ន្ធចំនួន ៦៥លើក ដែលមានអ្នកចូលរួមសរុប ៩៣១,៥៧៨នាក់ហើយ៕