ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ក្រុមហ៊ុន​ចំនួន​៥ ដែលមាន​ទុនវិនិយោគ​ប្រមាណ​៧៧,២​លាន​ដុល្លារ​អាមេរិក

ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ក្រុមហ៊ុន​ចំនួន​៥ ដែលមាន​ទុនវិនិយោគ​ប្រមាណ​៧៧,២​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​អាចបង្កើត​ការងារ​ជូន​ប្រជាជន​កម្ពុជា ប្រមាណ​៣១៩៥​កន្លែង នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ CDC។

តាម​សេចក្តីប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ឲ្យ​ដឹងថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៥ គឺ​ទី​១, “RENS MEDCARE (CAMBODIA) CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ​ពេទ្យ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៥,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៨៧​កន្លែង។

ទី​២, “HUAYUE INTERNATIONAL PACKING TECHNOLOGY CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិតផល​ប្លាស្ទិក មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ២៣,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៧៦​កន្លែង។

ទី​៣, “ ZHEJIANG HOME POINT FURNITURE CO., LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហារិម មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ប្រមាណ ៣២,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥២៣​កន្លែង។

ទី​៤, “ TOMSON MERCHANDISE CO., LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​លម្អ ធ្នើរ​លម្អ​ជា​លោហធាតុ និង​សម្ភារៈ​បរិក្ខារ​លម្អ​សួន មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង ហ្គី​ហ្គា រី​សស៍ ខេត្តស្វាយរៀង មាន​ទុនវិនិយោគ​ចំនួន ៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៥០៤​កន្លែង​។

​និងទី​៥, “ HAWMAO (CAMBODIA) CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ហ្គី​ហ្គា រី​សស៍ ខេត្តស្វាយរៀង មាន​ទុនវិនិយោគ​ប្រមាណ​១០,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២០៥​កន្លែង៕