សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​ពិចារណា កែ​រដ្ឋធម្មនុញ្ញ ពាក់ព័ន្ធ​នឹង​មរណភាព​របស់​នាយក​រដ្ឋមន្ត្រី​

(​ភ្នំពេញ​)៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី ប្រមាណ ១៣.៨៦៦​នាក់ មកពី​រោងចក្រ សហគ្រាស ចំនួន​៧ នៅក្នុង​ខេត្តកោះកុង​។ ពិធី​សំណេះសំណាល នៅព្រឹកថ្ងៃទី១៣ ខែមីនា​​នេះ បានធ្វើ​ឡើង នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង ស្ថិតនៅ​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

​ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្តេច កំពុង​ពិចារណា​ថា តើ​ត្រូវ​កែ​រដ្ឋធម្មនុញ្ញ ឬទេ​? ត្រង់ចំណុច​ថា បើកាលណា តំណែង​នាយករដ្ឋមន្ត្រី នៅ​ទំនេរ នោះ​គណៈរដ្ឋមន្ត្រី ត្រូវ​រំលាយចោល​។ ដូច្នេះ​យើង​ត្រូវ​គិតពី​ចំណុច​នេះ ព្រោះថា បើសិនជា​នាយករដ្ឋមន្ត្រី ស្លាប់ នោះ​គណៈរដ្ឋមន្ត្រី​ទាំងមូល ត្រូវ​រលាយ​តែម្តង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «​រឿងនេះ មិន​ធ្លាប់​ធម្មតា​ទេ​។ បើ​អត់​ហ៊ុនសែន ត្រូវ​រត់​ជាន់ជើងគ្នា​»​។​

​សូម​រម្លឹកថា កម្មករ កម្មការិនី ដែល​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ នៅ​ព្រឹក​នេះ មកពី​ស្រុក​មណ្ឌល​សី​ម៉ា ចំនួន ៦ រោងចក្រ​សហគ្រាស និង​ស្រុក​ស្រែអំបិល ចំនួន ១ រោងចក្រ​សហគ្រាស​។ រោងចក្រ សហគ្រាស​ទាំង ៧​នេះ មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ជប៉ុន​ចំនួន​២ ថៃ​ចំនួន​៣ កូរ៉េ​ចំនួន​១ និង​ហូ​ឡង់​ចំនួន​១ ក្នុងនោះ មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដេរ​ប៉ាក់ ផលិត​ខ្សែ​បង្គំ​អេឡិចត្រូនិក​រថយន្ត ផលិត​គ្រឿង​អេឡិចត្រូនិក ផលិត​បាល់ ដំឡើងរថយន្ត និង​ផលិត​ស្ករស​។ ផលិតផល ដែល​ផលិត​បាន​នៅ​រោងចក្រ សហគ្រាស​ទាំងនេះ ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។​

​បន្ទាប់ពី​ពិធី​សំណេះសំណាល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅកាន់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាលារៀន​មួយ នៅក្នុង​ខេត្តកោះកុង ជាប់​ព្រំដែន​ថៃ​៕​