លោកជំទាវ ម៉ែន សំអន ចូលរួមបុណ្យមហាពុទ្ធាភិសេក និងរាប់បាត្រដល់ព្រះសង្ឃជាង ២០០អង្គ នៅពុទ្ធគីរីកម្ពុជា

(ភ្នំពេញ) ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបុណ្យមហាពុទ្ធាភិសេក និងរាប់បាត្រប្រគេនដល់ព្រះសង្ឃ នៅពុទ្ធគីរីកម្ពុជា ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ៍ ៧កើត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ។

ពិធីបុណ្យដ៏ធំមួយនេះ ត្រូវបានប្រារព្ធឡើងមានរយៈពេល ៧យប់ ៧ថ្ងៃ ក្រោមគំនិតផ្ដួចផ្តើមដោយ ព្រះភិក្ខុបញ្ញាសិរី កែវ កក្កដា ប្រធានស្ថាបនិកពុទ្ធគិរីកម្ពុជា លោកជំទាវម៉ែន ភក្តី ហុក ឡង់ឌី ព្រមទាំង ឯកឧត្តមឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បុត្រាបុត្រី ព្រមទាំងសប្បុរសជនជាច្រើននាក់ទៀត បានចូលរួម ក្នុងពិធីនោះយ៉ាងច្រើនកុះករ ដែលបានញុំងឲ្យពិធីនោះដំណើរការទៅបានយ៉ាងអធិកអធម។

ការរៀបចំមហាបុណ្យពុទ្ធាភិសេកនេះ គឺជាការបញ្ចាក់នូវតំណាក់កាលព្រះប្រសូត្រនិងតំណាក់កាលព្រះវិន័យហើយក៍ស្របទៅនឹងការរីកចម្រើននិងសុខសន្តិភាពពេញផ្ទៃប្រទេសក្រោមការដឹកនាំដ៍ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែម្តងដែលបានជម្រុញអោយអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ។ ទោះបីយ៉ាងណាក៍នៅមានបញ្ហាជាច្រើនដែលត្រូវ ដោះស្រាយ ដោយឈរលើទស្សនៈព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសកុសល្យផលបុណ្យដែលមកពីពិធីមហាបុណ្យពុទ្ធាភិសេកនេះ ព្រមទាំងការរាប់បាតព្រះសង្ឃជាង២០០អង្គ និងបានបួងសួងសូមអោយវត្ថុសក្តិសិទ្ធក្នុងលោកតាមថែរក្សាប្រមុខដឹកនាំព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមមានសុខភាពល្អអាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅការរីចម្រើនបន្ថែមទៀតជ្រកក្រោមម្លប់សន្តិភាពដែលមនុស្សក្នុងពិភពលោកប្រាថ្នាចង់បាន៕