គ្រោះថ្នាក់ចរាចរណ៍​ប្ដីបាក់ជើង ប្រពន្ធរបួសស្រាល ​តែពេលនគរបាលបញ្ជូនទៅសង្គ្រោះ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ម្ដងទៀត បណ្ដាលឲ្យនគរបាលស្លាប់ និងជនរងគ្រោះទាំង២នាក់ របួសកាន់តែធ្ងន់ នៅក្រុងកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ​២នាក់ប្តីប្រពន្ធ បើកឡាន បុកគូថឡានគេដែលចតនៅស្ងៀម បណ្តាលឲ្យបី្តបាក់ជើង ប្រពន្ធរបួសស្រាល ក្រោយមកមន្ដ្រីនគរបាលបានទៅដឹកអ្នករបួស​​ទៅពេទ្យ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ម្ដងទៀត ដោយបុកដើមឈើក្រឡាប់ បណ្ដាលឲ្យស្លាប់នគរបាលដែលជាអ្នកបើកបរ ចំណែកអ្នករបួស​បាក់ជើង របួសកាន់តែធ្ងន់ធ្ងរ ​ឯប្រពន្ធដែលរបួសស្រាល ក៏បន្ថែមរបួសបាក់ដៃ។

ហេតុការណ៍​បានកើត​ឡើង​ នៅយប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី០៧ ខែកុម្ភៈ ​ឆ្នាំ២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ម្តុំ​ផ្សារ​ទួល​ក្រឡាញ់ ​ស្ថិតក្នុងសង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ​២នាក់​ប្តី​ប្រពន្ធ ​បាន​បើករថយន្ត​កូរ៉េ​ដឹក​កន្ទេល ​ទៅបុក​គូថ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹកស្រូវ ​ដែល​គេ​ចត​នៅលើ​ចិញ្ចើមផ្លូវ​ដើម្បី​លើក​ស្រូវ​ដាក់ បណ្តាលឲ្យ​ប្រពន្ធ​រងរបួសស្រាល​ រីឯ​បុរស​ជា​ប្តីរងរបួសធ្ងន់។

ក្រោយពេល​កើត ហេតុ​មន្ដ្រីនគរបាលចរាចរណ៍ ​បាន​ចុះទៅ​អន្តរាគមន៍ ​និង​​ដឹក​ជនរងគ្រោះ​ទាំង២នាក់​ប្តី​ប្រពន្ធ តាម​រថយន្ត​ស៊ី​រ៉ែ​ន​មកកាន់​មន្ទីរពេទ្យ ពេលនោះ​រថយន្ត​ស៊ី​រ៉ែ​ន​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ម្តងទៀត ​ដោយ​​បាន​រេ​ចង្កូត​​បុក​ដើមឈើ​ និង​តូប​លក់ដូរ​នៅក្បែរ​ចិញ្ចើមផ្លូវ ​ហើយ​ក្រឡាប់​ជាច្រើន​ត្រឡប់​បណ្តាលឲ្យនគរបាល​​ម្នាក់​ដែលជា​អ្នកបើកបរ ​បែកក្បាល​ស្លា​ប់ភ្លាមៗ។

ចំណែក​បុរសរងគ្រោះ​ម្នាក់ទៀត​ រងរបួស​ធ្ងន់​បាក់​ភ្លៅ​ស្តាំ ​រីឯ​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ធ្ងន់ ​ដោយ​បាក់ដៃ​ជាច្រើន​កំណាត់​ និង​បាន​គៀប​ជាប់​ក្នុង​រថយន្ត​ផងដែរ​។ យ៉ាងណាក៏ដោយ ហេតុការណ៍ចុងក្រោយនេះ សមត្ថកិច្ច​បាន​ប្រើ​រយៈពេល​ជាង​កន្លះ​ម៉ោង ​ទើប​គាស់​យក​ស្ត្រី​រងគ្រោះ​ចេញ​បាន​ហើយ​ដឹក​តាម​រថយន្ត​សង្គ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត៕

​គ្រោះថ្នាក់ចរាចរណ៍​ នៅកំពង់ឆ្នាំង
​គ្រោះថ្នាក់ចរាចរណ៍​ នៅកំពង់ឆ្នាំង
​គ្រោះថ្នាក់ចរាចរណ៍​ នៅកំពង់ឆ្នាំង

ប្រភព : freshnews