អាជ្ញាធរ កែ​សម្រួល​ផ្លូវ​ថ្មើរ​ជើង​តូច​ៗ ​ក្នុង​បរិវេណ​​ប្រាសាទ​អង្គរវត្ត

(សៀមរាប)៖ អាជ្ញាធរ​ជាតិ​អប្សរា​ កំពុង​តែ​រៀបចំ​កែ​សម្រួល​ផ្លូវ​ថ្មើរ​ជើង​តូចៗ នៅ​សងខាង​ស្ពាន​ហាល​ប្រាសាទ​អង្គរវត្ត ចន្លោះ​ពី​គុក​តារាជ្យ​ទៅ​ក្តារបែន។ តាម​គម្រោង ការ​កែសម្រួល​នេះ នឹង​ធ្វើឡើង​ដោយ​ត្រូវ​លុប​បំបាត់​ផ្លូវ​ដើរ​ខ្លះ​ដែល​មិន​សមរម្យ កែ​សម្រួល​ផ្លូវ​ចាស់​ដែល​មាន​ស្រាប់ និង​បង្កើត​ផ្លូវ​ថ្មី​ពីរ​ខ្សែ​បន្ថែម​ទៀត ដែល​ត្រូវ​ចំណាយ​ប្រហែល​ពីរ​ខែ​នឹង​រួចរាល់​។

កាលពី​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ២០១៩ លោក​ សុខ សង្វារ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការងារ​នេះ មាន​ប្រសាសន៍​ថា មូលហេតុ​ចម្បង​នៃ​ការ​កែសម្រួល​ផ្លូវ​ដើរ​នេះ ដោយ​ហេតុ​ថា ផ្លូវ​ចាស់​រាល់ថ្ងៃ​ដែល​ប្រើប្រាស់​គ្រួស​ថ្ម​មិច បាន​ខ្ទាត​គ្រាប់​ថ្ម​ចេញ​ពី​ផ្លូវ​អស់​ច្រើន ហើយ​រាល់​ពេល​ធ្វើ​ដំណើរ​តែង​បង្ក​សំឡេង​រំខាន​ខ្សោកខ្សាក​ៗ និង​ស្រុត​ៗ ហើយ​ជួន​កាល​ទៀត គ្រាប់​គ្រួស​ទាំងនេះ​ បាន​ជាប់​តាម​ស្បែកជើង​ទៅ​ជ្រុះ​លើ​ថ្ម​ប្រាសាទ​ក៏​មាន​ដែរ​។

លោក​បន្ត​ថា ក្រោយ​ទទួល​បាន​យោបល់​មក​ពី​គ្រប់​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​មាន​ការ​ឯកភាព​ពី​អ្នក​ជំនាញ​នៅ​ក្នុង​កិច្ច​ប្រជុំ​អាយស៊ីស៊ី-អង្គរ ក្រុម​ការងារ​សម្រេច​កែ​លម្អ​ផ្លូវនេះ​ឡើង​វិញ ដោយ​ប្រមូល​គ្រួស​ថ្ម​មិច ​ដែល​មាន​ស្រាប់​ចេញ ដាក់​បង្ហាប់​ដី​ល្បាយ​ខ្សាច់ បង្ហាប់​គ្រួស​ពី​លើ ដាក់​ដី​ល្បាយ​ខ្សាច់ ធ្វើ​ជា​ជម្រាល​ខ្នង​អណ្ដើក​ដើម្បី​សម្រួល​ទឹក​ហូរ​លឿន និង​មាន​ដាំ​បង្គោល​ក្រាក់​អម​សង​ខាង​ផ្លូវ ដើម្បី​ការពារ​ការ​ដើរ​ជាន់​ស្មៅ​។ ម្យ៉ាងទៀត​វត្ថុធាតុ​ ដែល​យក​មក​ធ្វើមាន​គ្រួស​ថ្ម​មិច ដី​ល្បាយ​ខ្សាច់ ស៊ី​ចង្វាក់​ជាមួយ​ទេសភាព​ស្មៅ និង​ប្រាសាទ​ជាដើម។
ការ​សម្រេច​លុប​ចោល​ផ្លូវ​ដើរ​ខ្លះ ដោយសារតែ​ផ្លូវ​ដើរ​ទាំងនេះ​កើត​ឡើង​ដោយ ភ្ញៀវ​ទេសចរ​នាំគ្នា​ដើរ​កាត់​វាល​ស្មៅ​បន្តិច​ម្តងៗ បង្កើត​បាន​ជា​ផ្លូវដើរ​ទាំង​ដែល​មិន​មាន​គម្រោង មិន​មាន​ទំហំ​ច្បាស់លាស់ មិន​មាន​របៀបរៀប​រយ ខ្វាត់ខ្វែង​មិន​ល្អ​មើល។ ចំណែក​ការ​បន្ថែម​ផ្លូវ​ថ្មី​មួយ​ចំនួន​ទៀត គឺ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ និង​ឲ្យ​មាន​របៀប​តាម​ការ​រៀបចំ​របស់​មន្ត្រី​ជំនាញ។

តាម​គម្រោង​ផ្លូវ​ថ្មី​ទាំង​នេះ នឹង​ត្រូវ​ដាំស្មៅ​នៅ​ខាង​ចុង​ផ្លូវ​ប្រវែង​ ៥ម៉ែត្រ​មុន​នឹង​ដើរ​ឡើង​លើ​ថ្ម​ប្រាសាទ។ ការ​ដាំ​ស្មៅ​នៅ​ខាង​ចុង​ផ្លូវ​នេះ មាន​ប្រយោជន៍​ក្នុង​ការ​ជម្រុះ​នូវ​គ្រាប់​គ្រួស ឬ​ដី​ធូលី​ផ្សេងៗ ដែល​ជាប់​តាម​ស្បែក​ជើង​មុន​នឹង​ឡើង​លើ​ថ្ម​ប្រាសាទ ដែល​រួមចំណែក​ក្នុង​ការ​ថែរក្សា​នូវ​សោភណភាព​ប្រាសាទ ក៏​ដូច​ជា​គុណ​តម្លៃ​នៃ​បេតិកភណ្ឌ​របស់​មនុស្ស​ជាតិ​៕