ប្រវត្តិនៃទំនាក់ទំនង និងសមិទ្ធផលមួយចំនួនកើតចេញពីទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង

ភ្នំពេញ៖ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ឬហៅថាកូរ៉េខាងត្បូង លោក មូន ចេអ៉ិន (Moon Jae-in) នឹងចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ខែមីនានេះ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ តមតាមការអញ្ជើញរបស់របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក មូន ចេអ៉ិន នឹងចូលគាល់ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ហើយនឹងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

លោកប្រធានាធិបតី មូន ចេអ៉ិន និងសម្តេចតេជោ ហ៊ុន សែន នឹងពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត។ ភាគីទាំងពីរក៏ផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម។ បន្ទាប់ពីបញ្ចប់ជំនួបថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញ ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងធ្វើសេចកី្តប្រកាសព័ត៌មានរួមគ្នា។

លោកប្រធានាធិបតី មូន ចេអ៉ិន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីលើកទឹកចិត្តឲ្យមានការវិនិយោគ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែច្រើនឡើង រវាងប្រទេសទាំងពីរ។

ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជា របស់លោកប្រធានាធិបតីមូន ចេអ៉ិន ជាព្រឹតិ្តការណ៍ដ៏សំខាន់មួយទៀតក្នុងទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលនឹងពង្រឹងមិត្តភាព ហើយនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានវិសាលភាពទូលំទូលាយ និងស៊ីជម្រៅផងដែរ។

សូមបញ្ជាក់ថា កម្ពុជា និងកូរ៉េខាងត្បូង បានភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ក្រោយការផ្តួចផ្តើមដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក គឹម យ៉ុងសាន ដែលជាប្រធានាធិបតីកូរ៉េខាងត្បូងនាពេលនោះ។ ការភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង ជាការសម្រេចចិត្តដ៏លំបាកនៅក្នុងទំនាក់ទំនងការទូតរបស់សម្តេចតេជោ ហ៊ុន សែន ខណៈដែលអំឡុងពេលនោះកម្ពុជាកំពុងមានមានទំនាក់ទំនងស្អិតល្មួតជាមួយកូរ៉េខាងជើង ដែលជាសត្រូវរបស់កូរ៉េខាងត្បូង។

ទោះបីជាយ៉ាងណាក្រោយការសម្រេចក្រោមចក្ខុវិស័យដ៏ច្បាស់លាស់សម្តេចតេជោ ហ៊ុន សែន ដែលជាអតីតអ្នកការទូតដ៏ឆ្នើមរបស់កម្ពុជាមួយរូបដែរនោះ ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងបានវិវឌ្ឍន៍កាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។

ដើម្បីលើកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ សម្តេច ហ៊ុន សែន បានបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូងចំនួន ៦លើក រួមមាន៖ ឆ្នាំ១៩៩៦, ២០០១, ២០០៦, ២០០៨, ២០០៩ និង ២០១៤។ ដោយឡែកថ្នាក់ដឹកនាំកូរ៉េខាងត្បូងក៏បានអញ្ជើញមកបំពេញទស្សនកិច្ចជាញឹកញាប់នៅកម្ពុជាផងដែរ។ ប្រធានាធិបតីកូរ៉េខាងត្បូងចំនួនពីររូបហើយ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

លោក រ៉ូ មូយុន (Roh Moo-hyun) បានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់២២ វិច្ឆិកា ឆ្នាំ២០០៦, ប្រធានាធិបតី លី ម្បុងបាក់ (Lee Myung-bak) ធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានាខែតុលា ឆ្នាំ២០០៩។ លោក លី ម្យុងបាក់ ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធដែលធ្វើឡើងនៅកម្ពុជានាខែវិច្ឆិកា ឆ្នាំ២០១២ផងដែរ។

លោក មូន ចេអ៉ិន ជាប្រធានាធិបតីកូរ៉េខាងត្បូងទី៣ហើយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមីនា ឆ្នាំ២០១៩នេះ។ ក្រៅពីប្រធានាធិបតីកូរ៉េខាងត្បូងទៅ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក ជុង អ៊ុយរ៉ា (Chung U-hwa) ក៏បានធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី១០ ដល់១៣ ខែឧសភា ឆ្នាំ២០១៥។

ផ្តើមចេញពីទំនាក់ទំនងការទូតដ៏ល្អប្រសើរនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង ក៏មានភាពល្អប្រសើរផងដែរ។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូងនៅឆ្នាំ២០១៦ មានចំនួន ៦០២,៦៨២លានដុល្លារ, ឆ្នាំ២០១៧ មានចំនួន ៦២៥,៨១៦លានដុល្លារ និងឆ្នាំ២០១៨ មានចំនួន ៧៤៦,៣៨៥លានដុល្លារ។ ទំនិញដែលកម្ពុជានាំចូលពីកូរ៉េច្រើនបំផុតរួមមាន៖ ក្រណាត់ត្បាញ រថយន្តដឹកទំនិញ ភេសជ្ជៈ គ្រឿងអេឡិកត្រូនិក គ្រឿងម៉ាស៊ីន វត្ថុ តុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិក។

ដោយឡែកទំនិញដែលកម្ពុជានាំចេញទៅសាធារណរដ្ឋកូរ៉េច្រើនបំផុតរួមមាន៖ សំលៀកបំពាក់ គ្រឿងអេឡិកត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ និងក្រដាសកាតុង។ ក្នុងនោះនៅឆ្នាំ២០១៧ កម្ពុជាបាននាំចេញផងដែរនូវផលិតផលកសិកម្មសរុប ១,៦៤៨តោន ក្នុងនោះរួមមាន ពោត ដំណាប់ស្វាយ ផ្សិត កៅស៊ូក្រែប គ្រាប់សណ្តែក ផ្កាយ ផ្លែម្នាស់ ផ្លែចេក ចេកឆាប ម្សៅញ ទឹកញ ដូងប្រេង ទឹកឃ្មុំ ឈើកែច្នៃ ស្លឹកទៀបបារាំង កន្ទេលកក់ គ្រាប់ស្វាយចន្ទី ម្រេច និងស្ករត្នោត។

កូរ៉េខាងត្បូងក៏ជាប្រទេសដែលមានអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាធំមួយផងដែរ។ ក្នុងនោះគិតពីឆ្នាំ១៩៩៦ ដល់ ខែមករា ឆ្នាំ២០១៩ ការវិនិយោគដោយអ្នកវិនិយោគកូរ៉េខាងត្បូង មានចំនួន ២១៤គម្រោង ជាមួយទំហំទឹកប្រាក់ប្រមាណ ៤.៤៧ពាន់លានដុល្លារ។ ក្នុងចំណោមគម្រោងទាំងនេះមាន ១២៣គម្រោង គឺជារោងចក្រដែលមានទំហំទុនវិនិយោគសរុប ៤៨៦លានដុល្លារអាមេរិក បង្កើតការងារប្រមាណ ៨ម៉ឺនកន្លែង។

សាធារណរដ្ឋកូរ៉េ ក៏ជាប្រទេសដែលបានចូលរួមចំណែកដ៏ធំមួយក្នុងការអភិវឌ្ឍនៅកម្ពុជា ដោយផ្តោតលើវិស័យអាទិភាពចំនួន៤រួមមាន៖ ការដឹកជញ្ជូន ការគ្រប់គ្រងធនធានទឹក និងសុខាភិបាលសាធារណៈ ការអប់រំ និងការអភិវឌ្ឍជនបទ។ កូរ៉េខាងត្បូងជាប្រទេសផ្តល់ជំនួយអភិវឌ្ឍន៍នៅកម្ពុជាឈរលំដាប់ទី៤ បន្ទាប់ពីចិន ជប៉ុន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

សាធារណរដ្ឋកូរ៉េក៏ជាប្រទេសបានចូលរួមអភិវឌ្ឍន៍កម្ពុជាលើគម្រោងសំខាន់ៗជាច្រើនតាមរយៈការផ្តល់ទាំងជំនួយឥតសំណង និងប្រាក់កម្ចី។ ចាប់ពីឆ្នាំ១៩៩៦ ដល់ ២០១៨ កូរ៉េខាងត្បូង បានផ្តល់ជំនួយឥតសំណងដល់កម្ពុជាប្រមាណ ៣០០លានដុល្លារអាមេរិក។ ឆ្នាំ២០១៨ កូរ៉េបានផ្តល់ថវិកាប្រមាណ ២១លានដុល្លារ លើវិស័យសុខាភិបាល សេដ្ឋកិច្ច អភិវឌ្ឍន៍ជនបទ វប្បធម៌ អាកាសចរណ៍ស៊ីវិល ការបញ្ជូនអ្នកស្ម័គ្រចិត្ត និងអ្នកជំនាញការ វគ្គបណ្តុះបណ្តាលខ្លី និងអាហារូបករណ៍សម្រាប់ថ្នាក់អនុបណ្ឌិត។ សម្រាប់ឆ្នាំ២០១៩ រដ្ឋាភិបាលកូរ៉េខាងត្បូង បានឯកភាពទ្រទ្រង់គម្រោង៣ សរុបទឹកប្រាក់ប្រមាណ ១៩លានដុល្លារ។

ក្រៅពីផ្តល់ជំនួយឥតសំណង កូរ៉េខាងត្បូង ក៏បានផ្តល់នូវកម្ចីជាច្រើនផងដែរ សម្រាប់អភិវឌ្ឍន៍ទៅលើគម្រោងសំខាន់ៗមួយចំនួន។ របាយការណ៍បង្ហាញថា ចន្លោះពីឆ្នាំ២០០១-២០១៨ សាធារណរដ្ឋកូរ៉េផ្តល់កម្ចី ៧៦៣.១៨លានដុល្លារ ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ចំនួន២១ ក្នុងនោះគម្រោង១០ កំពុងដំណើរការ និង១១គម្រោងបានបញ្ចប់។

សម្រាប់ឆ្នាំ២០១៦-២០១៨ សាធារណរដ្ឋកូរ៉េ បានសម្រេចផ្តល់ឥណទាន ៣៥០លានដុល្លារ ដើម្បីអនុវត្តគម្រោងសំខាន់ៗមួយចំនួន។ ក្នុងនោះគម្រោង៣ មានទឹកប្រាក់ ១៦០.៥៨លានដុល្លាររួមមាន៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងបន្ថយទឹកជំនន់នៅបន្ទាយមានជ័យ, ធ្វើឱ្យប្រសើរផ្លូវជាតិលេខ២១តាខ្មៅ-ជ្រៃធំ ដំណាក់កាល២ និងអភិវឌ្ឍន៍ប្រព័ន្ធចម្រុះទឹកកខ្វក់នៅក្រុងតាខ្មៅ។

កម្ពុជាក៏ជាកន្លែងគោលដៅសម្រាប់អ្នកទេសចរកូរ៉េខាងត្បូងផងដែរ។ នៅឆ្នាំ២០១៧ កម្ពុជាទទួលបានអ្នកទេសចរកូរ៉េខាងត្បូងប្រមាណ ៣៤៥,០៨១នាក់ ហើយនៅឆ្នាំ២០១៨ មានចំនួន ៣០១,៧៧០នាក់។ អ្នកទេសចរកូរ៉េ ជាប់ចំណាត់ថ្នាក់ទី៥ បន្ទាប់ពីចិន វៀតណាម ឡាវ និងថៃ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន០៥ កំពុងប្រតិបត្តិការហោះហើរត្រង់កម្ពុជា និងកូរ៉េខាងត្បូង សរុបចំនួន ៥០ជើងក្នុងមួយសប្តាហ៍។ ក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរត្រង់ទាំង៥នេះ រួមមាន៖ ក្រុមហ៊ុនកូរ៉េ៤ និងកម្ពុជា១។

ផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងកូរ៉េខាងត្បូងនេះ។ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានផ្តល់ឱកាសជាច្រើនកន្លែងសម្រាប់ពលករកម្ពុជាផងដែរ។
ចាប់ពីឆ្នាំ២០០៧ ដល់២០១៨ កម្ពុជាបានបញ្ជូនពលករចំនួនសរុប ៦១,៥៨០នាក់ ស្រី ១២,៩០៥នាក់ ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ក្នុងវិស័យឧស្សាហកម្ម កសិកម្ម សំណង់ និង នេសាទ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (Employment Permit System – EPS) ។

ក្នុងឆ្នាំ២០១៨មានពលករកម្ពុជាធ្វើការនៅសាធារណរដ្ឋកូរ៉េសរុប ៣១,៧០១នាក់ ស្រី ៦,៨៣៣នាក់ ដែលក្នុងនោះមានពលករបញ្ជូនថ្មី ក្នុងឆ្នាំ២០១៨ មានចំនួន ៤,៨៧០នាក់ ស្រី ១,១៤២នាក់។ ពលករទទួលបានប្រាក់បៀរវត្សប្រចាំខែជាមធ្យមប្រមាណ ១,៤៣០ដុល្លារអាមេរិក៕