លើក​ទី​៣​ហើយ ដែល​ប្រធានាធិបតី​កូរ៉េខាងត្បូង ធ្វើ​ទស្សនកិច្ច នៅ​កម្ពុជា ចាប់តាំងពី​កម្ពុជា​-​កូរ៉េ ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ កាលពី​ឆ្នាំ​១៩៩៧

(​ភ្នំពេញ​)៖ លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង ទី​៣ ដែល​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមីនា ឆ្នាំ​២០១៩​។ ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ បានមក​ទស្សនកិច្ច​នៅ​កម្ពុជា ២​លើក រួចមកហើយ បន្ទាប់ពី​កូរ៉េ​-​កម្ពុជា បង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញ ចាប់តាំងពី​ឆ្នាំ​១៩៩៧​។​

​កាលពី​ឆ្នាំ​២០០៦ លោក រូ មូ​យុន ( Roh Moo-hyun ) ប្រធានាធិបតី​កូរ៉េ បានមក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា ហើយ​នៅ​ឆ្នាំ​២០០៩ លោក លី ម្យុ​ង​បាក់ (Lee Myung-Bak) ក៏បាន​ធ្វើដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​កម្ពុជា​ផងដែរ​។​

​កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ាន ចំនួន ៣ ដែល​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន បានជ្រើសរើស មក​បំពេញ​ទស្សនកិច្ច នៅ​ដើមឆ្នាំ​២០១៩​នេះ រួមមាន​៖ កម្ពុជា ព្រុយ​ណេ និង​ម៉ាឡេស៊ី​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​កូរ៉េ​មកកាន់​កម្ពុជា ក៏​ដូច​ប្រទេស​សមាជិក​អាស៊ាន ២​ទៀត​នេះ ធ្វើឡើង ក្នុង​អត្ថន័យ ដើម្បី​ព​ន្លឿ​ន​នូវ​គោលនយោបាយ​ទិសដៅ​ខាងត្បូង​ថ្មី​របស់លោក​ប្រធានាធិបតី​កូរ៉េ មូ​ន ចេ​អ៊ី​ន ដែល​បានប្រកាស​ជា​ផ្លូវការ តាមរយៈ​សុន្ទរកថា​គន្លឹះ​ក្នុង​វេទិកា​ធុរជន​កូរ៉េ​-​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​៩ ខែ វិច្ឆិកា ឆ្នាំ​២០១៧​។ នោះ​គឺ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​រវាង​កូរ៉េ និង​អាស៊ាន នឹង​ត្រូវបាន​ពង្រីក និង​ពង្រឹង​បន្ថែមទៀត តាមរយៈ​កិច្ចប្រជុំ​កំពូល​ពិសេស​កូរ៉េ​-​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​កូរ៉េ​-​មេគង្គ នា​ចុង​ឆ្នាំនេះ និយាយ​ជារួម និង​និយាយ​ដោយឡែក សម្រាប់​កម្ពុជា និង​កូរ៉េ ក៏​កាន់តែ​ពង្រឹង ពង្រីក​បន្ថែមទៀត​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា បានប្រកាសថា ក្នុងអំឡុងពេល​ទស្សន​កិច្ច​នៅ​កម្ពុជា លោក មូ​ន ចេ​អ៊ី​ន នឹង​ចូលគាល់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង និង​ជួប​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​តាម​សេចក្តីប្រកាស លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និង​សម្តេច​តេ​ជោ​នាយក​រដ្ឋ​ម​ន្រី្ត ហ៊ុន សែន នឹង​ពិភាក្សា​អំពី​ការជំរុញ​ទំនាក់ទំនង​ទ្វេភាគី និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែមទៀត ហើយក៏​ផ្លាស់ប្តូរ​យោបល់​គ្នា​ផងដែរ លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​កង្វល់ និង​ផលប្រយោជន៍​រួម​។ បន្ទាប់ពី​បញ្ចប់​ជំនួប ថ្នាក់ដឹកនាំ​ទាំងពីរ នឹង​អញ្ជើញ​ធ្វើជា​សាក្សី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន និង​ធ្វើ​សេច​កី្ត​ប្រកាស​ព័ត៌មាន​រួមគ្នា​។​

​ក្រសួងការបរទេស បន្តថា លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​រំពឹងថា នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើនឡើង រវាង​ប្រទេស​ទាំងពីរ​។​

​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស បន្ថែមថា ទស្សនកិច្ច​មកកាន់​ក​ម្ពុ​ជា​របស់លោក​ប្រធានាធិបតី​មូ​ន ចេ​អ៊ី​ន គឺជា​ព្រឹ​តិ្ត​ការណ៍​ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​ពង្រឹង​មិត្តភាព ហើយនឹង​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កាន់​តែមាន​វិសាលភាព​ទូលំទូលាយ និង​ស៊ីជម្រៅ​។​

​កម្ពុជា និង​កូរ៉េ បាន​បង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញ កាលពី​ឆ្នាំ​១៩៩៧​។ នៅ​ឆ្នាំ​២០១៨
​ទំហំ​នៃ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ បានសម្រេច ៩៧៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក គឺ​កើនឡើង​ជិត ២០​ដង ធៀប​នឹង​ឆ្នាំ​១៩៩៧​។ ក្នុង​ឆ្នាំ​២០១៩​នេះ កម្ពុជា​-​កូរ៉េ រំពឹងថា កំណើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ នឹង​កើនឡើង​ក្នុង​ទំហំ​លើស ១.០០០ លាន​ដុល្លារ​។​

​សព្វថ្ងៃ មាន​សហគ្រាស​កូរ៉េ​ចំនួន​ប្រមាណ​ជា ២០០​សហគ្រាស ដែល​បាន​បណ្តាក់ទុន​នៅ​កម្ពុជា​។ រីឯ​ប្រជាជន​កូរ៉េ ចូលចិត្ត​ទីកន្លែង​រមណីយដ្ឋាន​ទេសចរណ៍ នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​នៅ​កម្ពុជា​ចំនួន​ភ្ញៀវទេសចរ​កូរ៉េ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤​។​

​ដោយឡែក នាពេល​សព្វថ្ងៃ ប្រជាជន​កម្ពុជា រស់នៅក្នុង​ប្រទេស​កូរ៉េ មាន​ប្រមាណ ៤៥.០០០ នាក់​។ រីឯ​ជនជាតិ​កូរ៉េ រស់នៅក្នុង​ប្រទេស​កម្ពុ​ជា មាន​ប្រមាណ ១៥.០០០​នាក់​។ ក្នុងនោះ ប្រជាជន​កម្ពុជា​ជិត ៤​ម៉ឺន​នាក់ ( ពលករ​កម្ពុជា ) កំពុងតែ​ចូលរួមចំណែក​ក្នុង​វិស័យសេដ្ឋកិច្ច​កូរ៉េ ដោយ​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ តាមរយៈ​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ (EPS) ដែល​ផ្តល់​ប្រសិទ្ធភាព​ឈ្នះ​-​ឈ្នះ លើ​វិស័យសេដ្ឋកិច្ច​របស់​ប្រទេស​ទាំងពីរ​៕