នៅព្រឹកថ្ងៃនេះ តុលាការ​កំពូល​កាត់​ទោស​លោក​ អ៊ុំ សំអាន​ អតីត​តំណាង​រាស្រ្ត​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​

(ភ្នំពេញ)​៖ តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​នេះ​ ​បើក​សវនាការ​រឿង​ក្តី​លោក​ អ៊ុំ សំអាន​ អតីត​តំណាង​រាស្រ្ត​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​ជូង​ ជូងី​ មេធាវី​ការពារ​ក្ដី​លោក ​អ៊ុ សំអាន​ ថ្លែង​ប្រាប់​ភ្នាក់ងារ​អង្គភាព​ព័ត៌មាន​ Fresh News។

មន្ត្រី​តុលាការ​កំពូល​ថ្លែង​ថា​ សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ​ឃឹម​ ប៊ុណ្ណ​ អនុប្រធាន​តុលាការ​កំពូល​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ វ៉េង​ ប៊ុន​ធឿន​ ជា​តំណាង​មហា​អយ្យការ​ ។

គួរ​បញ្ជាក់​ថា​ ទាំង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​សាលាឧទ្ធរណ៍​ សម្រេច​ដូចគ្នា​ផ្តន្ទា​ទោស​ លោក អ៊ុំ សំអាន ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀលក្រោម ការចោទប្រកាន់ចំនួនពីរបទល្មើស។

តុលាការរកឃើញថា លោក អ៊ុំ សំអាន មានចេតនាបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ ឱ្យ​មានការរើសអើងជាតិសាសន៍ តាមរយៈការសរសេរ និងអត្ថាធិប្បាយ ពាក់ព័ន្ធផែនទី សន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម។

លោក អ៊ុំ សំអាន ជាប់​ចោទ​ចំនួនពីរបទល្មើស គឺបទញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋ ជាអាទិ៍បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គមនិងបទញុះញង់ឱ្យ​មានការរើសអើង តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌដែលប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦៕