ដល់កហើយ! ចាប់​បាន​គ្រឿង​សមុទ្រ​ជាង ​៧​តោន​នាំចូលពីវៀតណាម សុទ្ធសឹងតែមានសារធាតុគីមី

(រាជធានីភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមការសម្របសម្រួលនីតិវិធីពី លោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កបករណីនាំចូលគ្រឿងសមុទ្រមានសារធាតុគីមីហាមឃាត់ចំនួន ៧តោន ពីប្រទេសវៀតណាម ពុំមានច្បាប់អនុញ្ញាត ដឹកតាមរថយន្តចំនួន ០៣គ្រឿង នាវេលាម៉ោង ៣និង០៥នាទី ទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចគីឡូម៉ែត្រលេខ15 ផ្លូវជាតិលេខ 3 ។

ក្រោយពីបង្ក្រាបបាន សមត្ថកិច្ចបានឆែកឆេរឃើញបង្គាមានចាក់សារធាតុម្យ៉ាងខាប់ដូចចាហួយ និងគ្រឿងសមុទ្រមួយចំនួន គ្មានច្បាប់អនុញ្ញាតចំនួន ៣៧៦កេស មានទម្ងន់ប្រមាណ ៧៥២០គីឡូក្រាម។ វត្ថុតាងទាំងអស់ខាងលើ ត្រូវបានយកទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាមបឹងជើងឯក និងបាននាំខ្លួនអ្នកបើកបររថយន្តចំនួន ០៣នាក់ មកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីស្វែងរកម្ចាស់ បន្តនីតិវិធីតាមផ្លូវច្បាប់ ៕