លោក មូន ជែអ៊ីន បើកពិភាក្សាផ្ទាល់​ជាមួយ​ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងជើង រួមមានប្រធាន​សភា, ប្អូនស្រី លោក គីម ជុងអ៊ុន និងមន្ត្រីកំពូលៗ​ឯទៀត!

សេអ៊ូល)៖ នាថ្ងៃសៅរ៍នេះ ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានបើកកិច្ច​ជំនួបពិភាក្សាមួយ​ ជាមួយគណៈ​ប្រតិភូ​ជាន់​​ខ្ពស់​មកពីប្រទេស​កូរ៉េខាងជើង ដែលដឹកនាំ​ដោយ​ប្រធាន​សភា លោក គីម យ៉ុងណាំ ព្រមទាំងប្អូនស្រី​បង្កើត លោក គីម ជុងអ៊ុន។ នេះបើតាម​សេចក្តីរាយការណ៍​​ នៃប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុករបស់​កូរ៉េខាងត្បូង ដកស្រង់ដោយ​ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ​២០១៨។

​ជំនួបជាប្រវត្តិសាស្រ្ត​យ៉ាងកម្រ​ខាងលើ​បានចាប់ផ្តើម នាវេលា​ម៉ោង ១១៖០០នាទីព្រឹក​ថ្ងៃសៅរ៍នេះ (ពេលវេលា​នៅទីក្រុង​សេអ៊ូល​) នៅឯវិមាន​ប្រធានាធិបតី ឈឹង វ៉ា ដេ (Cheong Wa Dae) ឬហៅថា វិមានខៀវ (Blue House) ហើយ​បន្ទាប់ពី​កិច្ចប្រជុំ ពិធីទទួលទានអាហារ​ពេល​ថ្ងៃត្រង់​មួយ​ ដែលរៀបចំ​ឡើង​ដោយ លោក មូន ដើម្បីទទួល​​ក្រុមមន្រ្តីជាន់ខ្ពស់​កូរ៉េខាងជើង​ នឹង​ត្រូវធ្វើឡើង​ជាបន្ត។

គួរជម្រាបថា ប្រតិភូជាន់ខ្ពស់​កូរ៉េខាងជើង​ចំនួន ២២រូប បានធ្វើដំណើរ​មកដល់ប្រទេស​កូរ៉េខាងត្បូង កាលពីរសៀល​ថ្ងៃ​សុក្រ​ម្សិល​មិញ​នេះ ដោយក្នុងនោះរួម​មានប្អូនស្រីបង្កើត​លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង ព្រមទាំងមន្រ្តីធំៗ​មួយចំនួនទៀត រួមមាន​​លោក ចូ វី (Choe Hwi) ជាប្រធាន​​​គណៈកម្មាធិការ​​កីឡាជាតិ លោក រី សាន់ក្វុន (Ri Son-gwon) ជាប្រធាន​​ទីភ្នាក់ងារទទួល​​បន្ទុក​កិច្ច​ការ​​អន្តរកូរ៉េ។

គួរបញ្ជាក់ផងដែរ អ្វីដែលគួរចំណាប់​អារម្មណ៍បំផុតសម្រាប់ដំណើរទស្សនកិច្ច​ខាងលើនេះ គឺការមកដល់​របស់ អ្នកនាង គីម យ៉ូចុង ដោយសារអ្នកនាង គឺជាសមាជិក នៃគ្រួសារត្រកូល​ គីម ​ដំបូងបំផុត ដែលបានធ្វើដំណើរ​មកជាន់ដី​កូរ៉េខាងត្បូង ​យ៉ាងហោច​​ណាស់​គិត​ចាប់តែពីការបញ្ចប់​សង្រ្គាម​កូរ៉េឆ្នាំ១៩៥០ ដល់១៩៥៣។ ​

ដោយឡែក គណៈប្រតិភូ​កូរ៉េខាងជើង ត្រូវបានគេគ្រោង​នឹងវិលត្រឡប់ទៅ​ប្រទេសរបស់​ខ្លួនវិញ នាថ្ងៃអាទិត្យ​ស្អែកនេះ បន្ទាប់ពី​បានចូលរួមពិធីបើក​ព្រឹត្តិការណ៍អូឡាំពិក​ហើយ កាលពីយប់ថ្ងៃសុក្រ​ម្សិលមិញ៕