សម្តេច​តេ​ជោ ហ៊ុន សែន ចេញ​សារលិខិត ចូលរួម​ពិធីបុណ្យ​ទន្លេ លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង​

(​ភ្នំពេញ​)៖ ពិធីបុណ្យ​ទន្លេ លើក​ទី​៥ ធ្វើឡើង នៅ​ខេត្តកំពង់ឆ្នាំង ចាប់ពី​ថ្ងៃទី​១៥-១៧ ខែមីនា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «ទន្លេ​៖ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​»​។

ក្នុងឱកាស​ពិធីបុណ្យ​ទន្លេ​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារលិខិត ២ ទំព័រ ដោយ​សម្តេច បាន​កត់ សម្គាល់ថា រាជរដ្ឋាភិបាល បន្ត​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ ជា​រៀងរាល់ឆ្នាំ នៅតាម​បណ្តា​ខេត្ត ជាប់​ដង​ទន្លេ ដែល​សបញ្ជាក់​ឲ្យ​ឃើញ ថា រាជរដ្ឋាភិបាល បាននិង​កំពុង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ពិសេស​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​តាម​ដង​ទន្លេ រួមចំណែក​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​គុណភាព​ទាំង​ក្នុង​តំបន់ និង​ឆាក​អន្តរជាតិ​។​

​ក្នុង​សារលិខិត សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា ភាពសម្បូរ​បែប​នៃ​សក្កា​នុព​ល​ទេសចរណ៍​តាម​ដង​ទន្លេ បាន និង​កំពុង​រួមចំណែក​ធ្វើ​ឲ្យ​កម្ពុជា ក្លាយជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​ឧត្តមភាព និង​ភាព​ទាក់ទាញ​ខ្ពស់ និង​ចូលរួមចំណែក​សម្រេច​ចក្ខុវិស័យ​អាស៊ាន ជា​គោលដៅ​ទេសចរណ៍​លំដាប់ថ្នាក់​ពិភពលោក និង​ប្រកបដោយ​ភាពកក់ក្តៅ “ASEAN: the World Class Dentination” និង “ASEAN: Feels the Warmth” ស្រប​ពេលដែល​ទេសចរណ៍​តាម​ដង​ទន្លេ ជាពិសេស​ទេសចរណ៍​មេគង្គ បាន​ក្លាយជា​ផលិតផល​ទេសចរណ៍​សំខាន់​មួយ សម្រាប់​កម្ពុជា ក៏ដូចជា​តំបន់​អាស៊ាន​។​

​សារលិខិត បន្តថា ទឹកទន្លេ ជា​ប្រភព​នៃ​ការចិញ្ចឹម​បីបាច់​ជីវិត ជាទី​កន្លែង ដែល​បណ្តុះបណ្តាល និង​ពូន​ជ្រំ​នូវ​វប្បធម៌ និង​អរិយធម៌​។ តាំងពី​បុរាណកាល​មក មនុស្សជាតិ​រស់នៅ​តាម​បណ្តោយ​ទន្លេ បន្ត​ពូជពង្ស និង​រស់នៅ​ដោយ​បណ្តុំ​គ្នា​ពីមួយ​ជំនាន់ ទៅមួយ​ជំនាន់​។ ទន្លេ​ជា​អំណោយ​ពី​ធម្មជាតិ ដែល​មិន​ត្រឹមតែ​ជាទី​បង្អែក​សម្រាប់​កា​ររ​ស់​នៅ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ផ្នែក​មួយ នៃ​ការ​រឹតចំណង​ធម្មជាតិ​នៃ​ការជួយ​យកអាសា​គ្នា​ផងដែរ​។ វា​បាន​ផ្សារភ្ជាប់​ប្រទេស​នានា ដែល​ហូប​ទឹក​នៃ​ទន្លេ​តែមួយ ឲ្យ​ក្លាយជា​សហគមន៍​រួម​វាសនា​តែមួយ ដែល​ប្រកបដោយ​សមភាព ជួយ​យកអាសា​គ្នា​ដោយស្មោះ​ត្រង់ និង​ស្និទ្ធ ស្នាល​ដូចជា​មនុស្ស​ក្នុង​គ្រួសារ​តែមួយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា ក្នុង​បរិការណ៍​នេះ រាជរដ្ឋាភិបាល បានកំណត់​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ ដែល​បាន​ក្លាយជា​ព្រឹត្តិការណ៍​ទេសចរណ៍​ថ្មី​មួយទៀត សម្រាប់​កម្ពុជា ដែល​មិន​ត្រឹមតែ​ចូលរួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៃ​ខេត្ត​ជាប់​ដង​ទន្លេ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ចូលរួម​គាំទ្រ​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​យកចិត្តទុកដាក់​អភិវឌ្ឍន៍​តំបន់​តាម​ដង​ទន្លេ​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ ជាពិសេស​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដោយ​ឈរលើ​ការប្តេជ្ញាចិត្ត​រួមមួយ​ច្បាស់លាស់​ក្នុង​ការរក្សា​តុល្យភាព រវាង​ផលប្រយោជន៍​សេដ្ឋកិច្ច សង្គម​បរិស្ថាន និង​វប្បធម៌​ប្រជាពលរដ្ឋ​មូលដ្ឋាន ដូចដែល​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ប្រធានបទ​នៃ​ពិធីបុណ្យ​ទន្លេ លើក​ទី​៥​នេះ គឺ “​ទន្លេ​៖ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​”​។​

​ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ ក៏​ជា​ឱកាស​មួយ ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម និង​ការបង្កើត និង​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ថ្មីៗ ប្រកបដោយ​ការច្នៃប្រឌិត​ខ្ពស់ ជាពិសេស​ទេសចរណ៍​តាម​នាវា ( River Cruise ) សហគមន៍​ទេសចរណ៍​តាម​ដង​ទន្លេ ព្រមទាំង​រួមចំណែក​ជំរុញ​ការតភ្ជាប់​រឹតចំណង​មិត្តភាព សាមគ្គីភាព​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​បាន​ពង្រឹង​ភាពជា​ដៃគូ​ក្នុង​ក្របខណ្ឌ​តំបន់​នានា ដូចជា ក្របខណ្ឌ​មហា​អនុតំបន់​មេគង្គ ( GMS ) មេគង្គ​-​ជប៉ុន មេគង្គ​-​គង្គា និង​មេគង្គ​-​ឡាន​ឆាង ជាដើម​។​

​ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ បងប្អូន​ជនរួមជាតិ​ទាំងអស់ វិស័យ​ឯកជន សហគ្រាស​ធុន​តូច និង​មធ្យម ចូលរួម​ឲ្យ​បាន​ផុសផុល​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ធ្វើ​ឲ្យ​ពិធីបុណ្យ​ទន្លេ លើក​ទី​៥ ឆ្នាំនេះ និង​ពិធីបុណ្យ​ទន្លេ ជា​បន្តបន្ទាប់ ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពជោគជ័យ​។​

​ជាទី​បញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ នឹង​ក្លាយជា​កាលានុវត្តភាព​ដ៏​ប្រសើរ​ថ្មី​មួយទៀត ក្នុងការ​ធ្វើ​ឲ្យ​កម្ពុជា ក្លាយជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​គុណភាព ដែលជា​កត្តា​ចូលរួមចំណែក​ក្នុងការ​ផ្តល់​ចំណូល ការបង្កើន​ការងារ និង​ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​សហគមន៍ ពិសេស​ចូលរួមចំណែក​ធ្វើ​ឲ្យ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​របស់​អង្គការសហប្រជាជាតិ និង​របស់​កម្ពុជា ព្រមទាំង​បង្កើន​ស្មារតី​ស្រឡាញ់​ជាតិ​មាតុភូមិ សាមគ្គីភាព និង​មិត្តភាព​ផងដែរ​។ ចំពោះមុខ​នេះ ខ្ញុំ​ក៏​សូម​ជូនពរ​ឲ្យ​ការ​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ នា​ឆ្នាំ​២០១៩ នេះ ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម និង​ប្រកបដោយ​ភាពសប្បាយ​រីករាយ​។​

​សូម​រម្លឹកថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ទន្លេ នៅ​ខេត្តកំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩​។​

​សូម​រម្លឹកថា ពិធីបុណ្យ​ទន្លេ លើក​ទី​១ បានធ្វើ​ឡើង កាលពី​ឆ្នាំ​២០១៥ នៅ​ខេត្តក្រចេះ កាលពី​ថ្ងៃទី​១៣-១៥ ខែមីនា​។ លើក​ទី​២ នៅ​ខេត្តកំពង់ចាម ចាប់ពី​ថ្ងៃទី​១១-១៣ ខែមីនា ឆ្នាំ​២០១៦​។ បុណ្យ​ទន្លេ លើក​ទី​៣ ចាប់ពី​ថ្ងៃទី​២៤-២៦ ខែមីនា ឆ្នាំ​២០១៧ នៅ​ខេត្តស្ទឹងត្រែង​។ បុណ្យ​ទន្លេ លើក​ទី​៤ ធ្វើឡើង នៅ​ខេត្តកណ្តាល ចាប់ពី​ថ្ងៃទី​០៩-១១ ខែមីនា ឆ្នាំ​២០១៨​។​

​ពិធីបុណ្យ​ទន្លេ ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​រម្លឹក​ដល់​គុណ​ទន្លេ ដែល​បានផ្តល់​ទឹក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ផង និង​ដើម្បី​ស្រោចស្រព​ផលដំណាំ​ផង​។ ក្រៅពីនេះ ពិធីបុណ្យ​ទន្លេ ដែល​បាន​ធ្វើឡើង​តាម​ខេត្ត​ជាប់​ដង​ទន្លេ ក៏​ដើម្បី​បង្ហាញ​នូវ​ផលិតផល​កសិកម្ម និង​កសិឧស្សាហកម្ម ព្រមទាំង​សក្តានុពល​របស់​ខេត្ត​នីមួយៗ ផ្នែក​វិស័យ​ទេសចរណ៍ ដែលមាន​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​។​

​ក្នុង​ពិធីបុណ្យ​ទន្លេ​រៀងរាល់ឆ្នាំ តែងតែមាន​ទស្សនីយភាព​សិល្បៈ ការប្រគំ​តន្ត្រី ពិព័រណ៍​កសិផល សិប្បកម្ម ប្រពៃណី ការតាំងពិព័រណ៍​ម្ហូបអាហារ រួមទាំង​សកម្មភាព​កីឡា​ជាច្រើន​ផងដែរ​៕