៥ ចំនុចពីសម្តេច ស ខេង ពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាលថ្នាក់ក្រោមជាតិ

(ភ្នំពេញ)៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើង ៥ ចំនុច ដើម្បីពង្រឹងប្រសិទ្ធភាពការងារ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្តេចស ខេង លើកឡើងថា ចំណុចទី១ គឺ រាល់លិខិតរដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌសម្រាប់ធ្វើទំនាក់ទំនងការងារទៅស្ថាប័នខាង ក្រៅ រួមមាន៖ ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពនានា ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិដទៃទៀត ព្រមទាំងស្ថាប័នមិនមែនរដ្ឋ ត្រូវពិនិត្យ សម្រេច និងចុះហត្ថលេខាដោយថ្នាក់ដឹកនាំនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌផ្អែកតាមការកំណត់ដោយលិខិតបទដ្ឋានជាធរមាន ដោយត្រូវប្រើប្រាស់ត្រា និងចុះលេខលិខិតរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌសាមីនីមួយៗ។

ទី២ អភិបាលក្រុង ស្រុក ខណ្ឌអាចប្រគល់សិទ្ធិក្នុងការពិនិត្យសម្រេច និងចុះហត្ថលេខាលើលិខិត រដ្ឋបាលមួយចំនួនដល់អភិបាលរង ឬនាយករដ្ឋបាលតាមការចាំបាច់ ដោយប្រើប្រាស់​ទម្រង់ លិខិត ត្រា និងការចុះលេខលិខិតរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ទី៣ ប្រធានការិយាល័យ ឬប្រធានអង្គភាពនានា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌពុំមានសិទ្ធិក្នុងការ សម្រេច និងចុះហត្ថលេខាលើលិខិតរដ្ឋបាលណាមួយ ក្នុងនាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បី ធ្វើទំនាក់ទំនងការងារទៅស្ថាប័នខាងក្រៅបានឡើយ។

ទី៤ ប្រធានការិយាល័យ ឬប្រធានអង្គភាពនានា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌអាចធ្វើទំនាក់ទំនង ការងារផ្ទៃក្នុងតាមរយៈលិខិតរដ្ឋបាល (ក្នុងចំណោមការិយាល័យ និងអង្គភាពនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ រវាងការិយាល័យ ឬអង្គភាពជាមួយថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរវាងការិយាល័យជាមួយអង្គភាពក្រោមឱវាទ) និងមានសិទ្ធិពិនិត្យ និងចុះហត្ថលេខាលើទម្រង់ បែបបទ នៃការផ្តល់សេវារដ្ឋបាលក្នុងក្របខ័ណ្ឌមន្ត្រីបច្ចេកទេស តាមតួនាទី ភារកិច្ចរបស់ខ្លួន។

ទី៥ ដើម្បីធានាដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងទាន់ពេលវេលា អភិបាលក្រុង ស្រុក ខណ្ឌត្រូវកំណត់ក្របខណ្ឌលវេលាជាក់លាក់ សម្រាប់ការពិនិត្យ សម្រេច និងចុះហត្ថលេខាលើឯកសារពាក់ព័ន្ធនឹងប្រភេទសេវានីមួយៗ ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋ។ អភិបាល និងថ្នាក់ដឹកនាំក្រុង ស្រុក ខណ្ឌដែលបានទទួលសិទ្ធិក្នុងការពិនិត្យសម្រេច និងចុះហត្ថលេខា លើឯកសារទាំងនេះ ត្រូវអនុវត្តតាមក្របខណ្ឌពេលវេលាដែលបានកំណត់ឲ្យបានម៉ឺងម៉ាត់៕ (ដោយ៖ ឡេង ដេត)