CL ចេញ​ចរិត​ពិតលើសពី​ការ​រំពឹង​ទុក ពេល​មក​ជួបអ្នកគាំទ្រ​ផ្ទាល់

ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ជា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន​ពី​មុន​របស់​កំពូល​តារា​ចម្រៀង​ CL នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ចប់​ទៅ​យ៉ាង​រលូន​បំផុត​កាល​ពី​យប់​មិញ​ នៅ​កោះពេជ្រ ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​គាំទ្រ​ជា​ច្រើន​កុះករ។

ទិដ្ឋភាព​ពិត​ជា​ពោរពេញ​ទៅ​ដោយ​ភាព​អ៊ូអរ​ និង​រីករាយ​ឥត​ឧបមា​ ជាពិសេស​អ្នក​គាំទ្រ​ CL កម្ពុជា​ទាំង​អស់​ក៏​បាន​ស្គាល់​តារា​សំណព្វ​ចិត្ត​របស់​ខ្លួន​កាន់​តែ​ច្បាស់​ ថា​ពេល​ជួប​ផ្ទាល់​ នាង​ជា​មនុស្ស​បែបណា?

CL ត្រូវ​បាន​ស្គាល់​ថា​ជា​តារា​ស្រី​ដែល​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​មាន​ចំពោះ​អ្នក​នៅ​ជុំវិញ​ខ្លួន​ ជាពិសេស​សម្រាប់​អ្នក​គាំទ្រ។ ជាក់ស្ដែង​តាំង​ពី​ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បើ​ទោះ​ជា​ពេល​នោះ​មនុស្ស​កកកុញ​ ណែនណាន់​តាន់​តាប់​ជុំជិត​យ៉ាងណា​ តែ​នាង​នៅ​តែ​ផ្ដល់​ស្នាមញញឹម​ រីករាយ​នឹង​ការ​ស្វាគមន៍​របស់​អ្នកគាំទ្រ។

ឈាន​ចូល​ដល់​រសៀល​ថ្ងៃ​ទី​ ០៩​ ខែ​ធ្នូ​ ក្នុង​សន្និសីទ​កាសែត​ ទឹកមុខ​ CL បង្ហាញ​យ៉ាង​ច្បាស់​ថា​ នាង​រំភើប​នឹង​ក្ដីគាំទ្រ​របស់​អ្នក​គាំទ្រ​របស់​ខ្លួន​ណាស់។ មួយ​វិញ​ទៀត​ នាង​ថែម​ទាំង​បង្កើត​ភាព​ស្និទ្ធស្នាល​ ចេញ​ពី​ចិត្ត​សម្រាប់​ Fan ទាំង​ឡាយ​របស់​ខ្លួន​ ដោយ​ពេញ​ចិត្ត​បំផុត។

អ្វី​ដែល​កាន់​តែ​ពិសេស​ សម្រាប់​ពេល​វេលា​ដ៏​អស្ចារ្យ​ពេល​ល្ងាច​ថ្ងៃ​ប្រគំតន្ត្រី​ តារា​ចម្រៀង​ដ៏​ល្បី​រូប​នេះ​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​មាន​អារម្មណ៍​កក់​ក្ដៅ និង​រំភើប​ឥតឧបមា​ ពេល​សំណេះ​សំណាល​យ៉ាង​រួស​រាយ​ទៅ​កាន់​អ្នក​គាំទ្រ​ទាំង​អស់​របស់​កម្ពុជា។

កាយវិការ​ទាំង​នេះ​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ CL ជា​តារា​ចម្រៀង​ដែល​ពោរពេញ​ទៅ​ដោយ​ទឹក​ចិត្ត​ស្រឡាញ់​ច្រើន​លើស​លុប​សម្រាប់​អ្នក​គាំទ្រ។ ទោះ​បី​ខ្លួន​ជា​តារា​ល្បី​ ប៉ុន្តែ​នាង​រក្សា​បាន​យ៉ាង​ល្អ​នូវ​ភាព​រួសរាយ​គួរ​ឲ្យ​សរសើរ បូក​រួម​នឹង​ទេពកោសល្យ​ខ្ពស់​ក្នុង​វិស័យ​សិល្បៈ​ទៀត​ ពិតជា​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទេ​ ថា​ហេតុ​អ្វី​បាន​ជា​ CL ទទួល​បាន​ក្ដី​ស្រឡាញ់​ខ្លាំង​បែប​នេះ៕

ប្រភព ​សប្បាយ