ជប៉ុន​ផ្តល់ជំនួយ​ជាង​២៦​ម៉ឺន​ដុល្លារ ដើម្បី​ស្តារ​ប្រព័ន្ធធារាសាស្ត្រ​នៅ​បាត់ដំបង និង​ឧ​ត្ត​រ​មានជ័យ​

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជំនួយសរុប ២៦២ ៧៥០ដុល្លារបន្ថែមទៀតដល់កម្ពុជា ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រ នៅខេត្តបាត់ដំបង និងឧត្តរមានជ័យ។ ការចុះចុះហត្ថលេខាប្រគល់ និងទទួលជំនួយនេះ ធ្វើឡើងរវាង លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជាមួយលោក ញ៉ន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែមីនា នៅស្ថានទូតជប៉ុន។

ថវិកាជំនួយនេះ ត្រូវបានបែកចែកយ៉ាងច្បាស់លាស់ទៅតាមតំបន់នីមួយៗ ក្នុងនោះមានគម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រនៅអូរស្នូក លើទំនប់ប្រវែងជិត១ពាន់ម៉ែត្រ សាងសង់ទ្វារទឹក២កន្លែង និងសង់សំណង់បង្ហៀរទឹក១កន្លែង ប្រវែងជិត៣៥ម៉ែត្រ នៅក្នុងស្រុកសំរោង ខេត្តឧត្តរមានជ័យ មានទំហំថវិកាជិត៩ម៉ឺនដុល្លារ។ ក្រោយបញ្ចប់ការស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រនេះ ប្រជាជន១៣០០គ្រួសារ នឹងទទួលបានប្រព័ន្ធទឹកស្រោចស្រពដែលមានស្ថិរភាព ហើយដីកសិកម្មនឹងកើនទិន្នផល។

រីឯគម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្របឹងខ្ចុំ លើប្រឡាយរងប្រវែងជាង១៦០០ម៉ែត្រ និងសង់សំណង់ស្ទាក់ទឹក១កន្លែង នៅឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានទំហំទឹកប្រាក់ជិត៨,៩ម៉ឺនដុល្លារ។ បន្ទាប់ពីគម្រោងនេះបានបញ្ចប់ មានប្រជាពលរដ្ឋ២៣០នាក់ក្នុងតំបន់ នឹងទទួលបានទឹកគ្រប់គ្រាន់ សម្រាប់ស្រោចស្រពដំណាំកសិកម្មរៀងៗខ្លួន។

នៅក្នុងឱកាសនោះ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក៏បានចុះហត្ថលេខាផ្តល់ជំនួយទឹកប្រាក់ជិត៧,៥ម៉ឺនដុល្លារផងដែរ ជាមួយលោក ឈឹម ធឿន នាយកដ្ឋានវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន លើគម្រោងពង្រីកបន្ថែមបរិក្ខារសាលារៀន និងដំឡើងសម្ភារបណ្តុះបណ្តាលក្នុងវិទ្យាស្ថាន។

ចាប់តាំងពីឆ្នាំ១៩៩១មក រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណង ជាង៦០លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង(គូសាណូណិ)ចំនួន៦០៩គម្រោង នៅទូទាំងប្រទេសកម្ពុជា។ គម្រោងទាំងនេះ ភាគច្រើនផ្តោតសំខាន់ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ និងការចិញ្ចឹមជីវិតរបស់ប្រជាជនក្រីក្រ ក៏ដូចជាការជួយជំរុញភាពជាម្ចាស់លើខ្លួនឯង របស់ប្រជាសហគមន៍៕