យុវជន៣នាក់ និយាយពីការត្រៀមខ្លួន សម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤

យុវជនគឺជាសរសៃរឈាម ជាកម្លាំងចលករស្នូល និងជាអ្នកបន្ដវេនដ៏មានសក្តានុពលរបស់ប្រទេសជាតិ ។ ការចូលរួមរបស់យុវជនក្នុងការប្រកួតប្រជែងក៏ដូចជាបញ្ចេញទស្សនៈផ្សេងៗជាសាធារណគឺសញ្ញាវិជ្ជមានក្នុងការត្រៀមខ្លួនក្លាយជាអ្នកដឹកនាំនាពេលអនាគត។ ថ្មីៗនេះ មានយុវជនឆ្នើមបីរូបបានទទួលជ័យលាភីពីមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ក្នុងការប្រកួតប្រជែងសំណេរទាក់ទងនឹងប្រធានបទ តើកម្ពុជាគួរត្រៀមខ្លួនដូចម្តេចសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤? តើអ្វីទៅជាឧស្សាហកម្មទី៤ ឬឧស្សាហកម្ម 4.0? ហើយ តើកម្ពុជាគួរត្រៀមខ្លួនដូចម្តេចសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤ នេះ?

           ក្នុងឱកាសនៃការទទួលជ័យលាភី ពីមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះលោក និត កុសល ជាអ្នកស្រាវជ្រាវវ័យក្មេង នៃអង្គការវេទិកាអនាគត និងជាម្ចាស់ជ័យលាភី     ចំណាត់ថ្នាក់លេខ ក្នុងការប្រកួតប្រជែងសំណេរទាក់ទងនឹងប្រធានបទខាងលើបានផ្ដល់បទសម្ភាសន៍ប្រាប់ Sky News  ឱ្យដឹងថា​ “បដិវត្តន៍ឧស្សាហកម្មទី៤” ជាដំណើរវិវត្តថ្មីដែលផ្តោតសំខាន់លើបច្ចេកវិទ្យាឌីជីថលវៃឆ្លាត ដែលអាចជំរុញផលិតភាព ប្រសិទ្ធភាព ភាពបត់បែន ភាពរហ័សរហួន និងប្រាក់ចំណេញក្នុងការធ្វើអាជីកម្មផ្សេងៗ។ យុវវជនវ័យ ២៣ ឆ្នាំមកពីខេត្តស្វាយរៀងរូបនេះបានឱ្យដឹងបន្តថា៖ “ដើម្បីត្រៀមខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤ យុវជនកម្ពុជាគួរសិក្សាឱ្យបានស៊ីជម្រៅទៅលើវិស័យបច្ចេកវិទ្យា​ និងតាមឱ្យទាន់ពីការផ្លាស់ប្ដូរអ្វីដែលថ្មីៗនៅលើពិភពលោក”។

មិនខុសគ្នាប៉ុន្មានពីម្ចាស់ជ័យលាភីខាងលើ លោក មិន ​ម៉ៅសំណាង ដែលជាម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខពីរក្នុងប្រធានបទដដែលបានឱ្យដឹងថា៖ “បដិវត្តន៍ឧស្សាហ៍កម្មទី៤ មានឥទ្ធិពលយ៉ាងខ្លាំងសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាការប្រកួតប្រជែងសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ ប្រសិនបើមិនមានការត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយជាមុន សម្រាប់ទទួលយក និងក្តាប់យកកាលានុវត្តភាពនាំមកដោយបដិវត្តន៍ថ្មីនេះទេ កម្ពុជាអាចជួបនឹងការខាតបង់ប្រយោជន៍យ៉ាងច្រើន”។ ម្ចាស់ជ័យលាភីជាង ១០ ពានរង្វាន់ផ្សេងៗគ្នារូបនេះបានបន្ដឱ្យដឹងថា៖ “ទន្ទឹមនេះ ធនធានមនុស្ស កម្លាំងពលកម្ម គំនិតច្នៃប្រឌិតថ្មីៗ និងនវានុវត្តន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាគឺជាកត្តាចម្បងដែលកម្ពុជាកំពុងត្រូវការជាចាំបាច់នាពេលបច្ចុប្បន្ន ដែលតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលមានតួអង្គបីសំខាន់ៗ រួមមានប្រជាពលរដ្ឋ វិស័យឯកជន និងរាជរដ្ឋាភិបាល”។

ដោយឡែក យុវតីឆ្នើម ទាវ រដ្ឋា ម្ចាស់ជ័យលាភីលេខ ៣ ក្នុងការប្រកួតប្រជែងប្រធានបទខាងលើបានឱ្យដឹងថា៖  “បដិវត្តន៍ឧស្សាហកម្មទី៤ គឺជាបដិវត្តន៍ថ្មីនៃយុគសម័យឌីជីថលដែលកំពុងក្លាយជាប្រធានបទពេញនិយមមួយក្នុងចំណោមថ្នាក់ដឹកនាំទូទាំងពិភពលោក អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញ ក៏ដូចជាអ្នកបង្កើតគោលនយោបាយជាដើម”។ កញ្ញាបានបន្ដឱ្យដឹងថា បច្ចុប្បន្ននេះ ការប្រើប្រាស់បច្ចេកវិទ្យា និងសម្ភារអេឡិចត្រូនិកនានាក្នុងកម្ពុជានៅមានកម្រិតនៅឡើយ ដែលជាបញ្ហាប្រឈមមួយសម្រាប់កម្ពុជា ហើយដើម្បីដោះស្រាយបញ្ហាប្រឈមឱ្យកាន់តែមានប្រសិទ្ធភាព និងទាញយកគុណប្រយោជន៍ជាអតិបរមាពីបដិវត្តន៍ឧស្សាហកម្មទី៤ គឺទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់ៗរូប។

សូមបញ្ជាក់ដោយសង្ខេបថា បដិវត្តន៍ឧស្សាហកម្មលើកទី១ បានចាប់ផ្តើមឡើងនៅក្នុងចក្រភពអង់គ្លេស ក្នុងសតវត្សទី១៨ នឹងបាន រីករាលដាល ពេញ ប្រទេសអឺរ៉ុប និង ទ្វីបអាមេរិច។ ការចាប់ផ្ដើមឡើងនេះក្នុងន័យថា បច្ចេកវិទ្យាថ្មីៗ ទំនើបៗជាច្រើន ត្រូវបានបង្កើតឡើងដោយការប្រើកម្លាំងម៉ាស៊ីនជំនួសការប្រើកំលាំងបាយ ។

បដិវត្តន៍ឧស្សាហកម្មលើកទី២ បានចាប់ផ្តើម ពីឆ្នាំ១៨៧០ ដល់ ឆ្នាំ១៩១៤ មុនសង្គ្រាមលោកលើកទីមួយ។ក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី២នេះ ឧស្សាហកម្មចាស់ បន្តស្គាល់ការរីកចម្រើន និង ឧស្សាហកម្មថ្មី ក៏ចាប់កំណើតឡើង ដូចជា ឧស្សាហកម្មដែកថែប ប្រេង និង អគ្គីសនីជាដើម។

បដិវត្តន៍ឧស្សាហកម្មលើកទី៣ ឬហៅថាបដិវត្តន៍ ឌីជីថល ជាការផ្លាស់ប្តូរ ពីមេកានិច និង អេនណលឡូក អេឡិចត្រូនិច ទៅជា ឌីជីថល អេឡិចត្រូនិច ដែលចាប់ផ្តើម ប្រហែលពីចុង ទស្សវត្តទី៥០ ដល់ ទស្សវត្តទី៨០។

និងចុងក្រោយគឺ បដិវត្តន៍ឧស្សាហកម្មលើកទី៤ ត្រូវបានសម្គាល់ដោយរបកគំហើញដ៏សំខាន់នៅក្នុងវិស័យមួយចំនួនដូចជាមនុស្សយន្តកាន់តែឆ្លាតវៃ  ទូរស័ព្ទស្មាតហ្វូនកាន់តែទំនើប ការបោះពុម្ភជាលក្ខណៈ 3D រថយន្តបើកដោយស្វ័យប្រវត្តិជាដើម៕ (ដោយ៖ ភូមិន្ទ)