រថយន្តឡិចស៊ីសមួយគ្រឿង បោះពួយក្នុងល្បឿនលឿនដូចហោះ ទៅធ្លាក់ប្រឡាយបោកផ្ទប់នឹងមាត់លូក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ជនជាតិចិនម្នាក់ បើករថយន្តឡិចស៊ីសមួយគ្រឿង ក្នុងល្បឿនលឿនដូចហោះ ទៅធ្លាក់ប្រឡាយបោកផ្ទប់នឹងមាត់លូ ក្រឡាប់ផ្ងារជើងរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ មុខទីលានវាយកូនហ្គោល ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

មុនកើតហេតុ រថយន្តខាងលើ ម៉ាក ឡិចសុីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-9780 បើកបរដោយបុរសជនជាតិចិន បើកល្បឿនលឿនពីជើងទៅត្បូង លុះដល់ចំណុចខាងលើ មានរថយន្តនៅខាងមុខ ស្រាប់តែរេចង្កូតទៅស្តាំ ហោះធ្លាក់ចូលក្នុងប្រឡាប់ ផ្លោងបោកផ្ទប់នឹងមាត់លូ បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ។

ជនរងគ្រោះ បញ្ជូទៅមន្ទីរពេទ្យ បន្សល់ទុកតែរថយន្ត ដាំដូងក្បាលចូលទឹក សមត្ថកិច្ចចុះទៅអន្តរាគមន៍ ពិនិត្យជាក់ស្តែង នឹងរករថយន្តស្ទូចមកលើកយកទៅរក្សាទុកជាបណ្តោះអាសន្ន ៕