ដោយសាការរស់នៅមិនចុះសម្រុងគ្នា! បុរសជាភេទទីបីម្នាក់ បានសម្រេចចិត្តជះទឹកអាសុីតដាក់ប្រុសកំណានចិត្តរបស់ខ្លួន

ភ្នំពេញ៖ កាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ មានករណីជះទឹកអាស៊ីត ប៉ុនប៉ងមនុស្សឃាត ដោយចេតនា ត្រង់ចំណុចមុខសណ្ឌាគារឡឺម៉ុង អគារលេខ១៩៦ ផ្លូវលេខ៣០៤ ក្រុម៣៩ ភូមិ០៥ សង្កាត់បឹងកេងកងទី០២ ​​ខណ្ឌចំការមន រាជធានីភ្នំពេញ

នៅមុនកើតហេតុ ជនសង្ស័យនេះបានទូរស័ព្ទ ទាក់ទងទៅជនរងគ្រោះ ដើម្បីសុំជួបចរចាអំពីបញ្ហារស់នៅជាមួយគ្នាវិញ ប៉ុន្តែជនរងគ្រោះមិនយល់ព្រមទៅរួមរស់ជាមួយវិញ ទើបធ្វើឲ្យជនសង្ស័យខឹង រហូតឈានទៅដល់ការជះទឹកអាស៊ីត ដាក់ជនរងគ្រោះ បណ្តាលឲ្យរបួសត្រង់ផ្ទៃមុខ និងទ្រូងតែម្តង។ ភ្លាមនោះកម្លាំងសមត្ថកិច្ចដែលកំពុងល្បាតនៅក្បែរនោះជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាក់ស្តែង។ ចំណែកជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ជនសង្ស័យ ឈ្មោះ ឡាចសោភ័ណ្ឌ ភេទប្រុស (ភេទទីបី) អាយុ៣៥ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមាមជ័យ ឃាត់ខ្លួនពាក់ព័ន្ធនឹងមនុស្សឃាត ដោយចេតនា (ជះទឹកអាស៊ីត)។ ចំណែកជនរងគ្រោះ ឈ្មោះ ឃុន កុសល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារឡឺម៉ុង ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល គ្មានលេខផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។

ភ្លាមនោះជនសង្ស័យ ត្រូវបានសមត្ថកិច្ចមូលដ្ឋានបញ្ជូនទៅកាន់អធិការនគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមច្បាប់៕