ព្រឹកស្អែកសម្តេចតេជោ អញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតជិត ២ពាន់នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប ១,៧០៩នាក់ ក្នុងនោះមាននារី ៦៧៦នាក់។

និស្សិតជ័យលាភីដែលនឹងត្រូវមកទទួល សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នោះ មកពីវិទ្យាស្ថានខ្មែរជំនាន់ថ្មី។ ក្នុងនុះក៏មាននិស្សិតអាហារូបករណ៏របស់សម្តេចតេជោ ហ៊ុន សែន​ចំនួន ១៤៤នាក់ផងដែរ។

គូបញ្ជាក់ផងដែរថា វិទ្យាស្ថានខ្មែរជំនាន់ថ្មី គឺជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឯកជនមួយត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលតាមអនុក្រឹត្យចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១។ វិទ្យាស្ថានស្ថិតនៅក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយធ្វើការបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិត ចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ រហូតដល់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់។ ក្រៅពីការងារបណ្តុះបណ្តាល វិទ្យាស្ថានក៏បានចូលរួមចំណែកបម្រើឲ្យសកម្មភាពមនុស្សធម៌ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕