​ជនជាតិជប៉ុន២នាក់ ប្លន់សម្លាប់ម្ចាស់រថយន្ដតាក់ស៊ី នៅស្រុកពួក ខេត្តសៀមរាប

សៀមរាប៖​ ជនជាតិជប៉ុន២នាក់ បានធ្វើសកម្មភាពចាក់សម្លាប់បុរសជនជាតិខ្មែរ ដែលជាអ្នកបើកបររថយន្ដតាក់ស៊ី ដើម្បីប្លន់យករថយន្ដ។ ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប។

សេចក្ដីរាយការណ៍​បានបញ្ជាក់ថា នៅពេលកើតហេតុដំបូង គេសង្ស័យថាអ្នកធ្វើសកម្មភាពនោះជាជនជាតិចិន ប៉ុន្ដែនៅពេលស្រាវជ្រាវ និងតាមចាប់ខ្លួនបាននោះ ទើបដឹងថា អ្នកធ្វើសកម្មភាពជាជនជាតិជប៉ុន ដែលមានបក្ខពួកសរុបចំនួន៣នាក់ ហើយកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋតាមចាប់បាន២នាក់ ខណៈម្នាក់ទៀតកំពុងរងគេចខ្លួន។

មន្ដ្រីសមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា ​បន្ទាប់ពីជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពចាក់សម្លាប់ទៅលើជនរងគ្រោះរួច ម្ចាស់រថយន្តក៏បានព្យាយាមបើករថយន្តរបស់ខ្លួន ទៅរកឲ្យគេជួយ តែមិនអាចជួយបានទេព្រោះម្ចាស់រត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

យ៉ាងណាមិញ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងតែបន្ដស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់។

ដោយឡែកស្នងការនគរបាលខេត្តសៀមរាប​ លោកឧត្តមសេនីយ៍ត្រី​ ទិត្យ​ ណារ៉ុង​ មិនទាន់អាចបញ្ជាក់បានឲ្យលម្អិតនោះឡើយ​ ដោយស្ថិតក្រោមការស្រាវជ្រាវបន្តទៀត​ ហើយម្យ៉ាងពាក់ព័ន្ធនិងជនបរទេសទៀតផង៕