រដ្ឋបាលខេត្តព្រះវិហារថ្លែងសារអបអរសាទរខួប ៥៨ ឆ្នាំ កម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារ

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០នេះ បានថ្លែងសារអបអរសាទរ ខួបលើកទី ៥៨ ឆ្នាំ ដែលតុលាការទីក្រុងឡាអេ សម្រេចកាត់ក្តីឲ្យព្រះ​រាជាណាចក្រ​កម្ពុជាឈ្នះរឿងក្តីប្រាសាទ ព្រះវិហារ ពីការទាមទារឈ្លានពានរបស់ ប្រទេសថៃ ១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២០ ។

នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការ របស់រដ្ឋបាលខេត្តព្រះវិហារ អមដោយ ព្រះឆាយាលក្ខណ៍ នៃ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ​ ព្រះវររាជបិតាជាតិខែ្មរ ព្រះបរមរតនកោដ្ឋ សេ្តចយាងបង្ហូតទង់ជាតិកម្ពុជា នៅលើកំពូលភ្នំនៃប្រាសាទ ព្រះវិហារ ក្រោយពីតុលាការកាត់ក្តីឲ្យកម្ពុជាឈ្នះ ដោយទទួលស្គាល់ទឹកដីនៃប្រាសាទ ព្រះវិហារ ជាកម្មសិទ្ធរបស់ព្រះរាជាណាចក្រកម្ពុជា នេះគឺជាមហាសម្ធិផលដ៏ធំធេងមួយទៀតរបស់ ព្រះបរមរតនកោដ្ឋ ក្នុងការការពារបូរណភាពដែនដី ក្នុងរដ្ជកាល របស់ព្រះអង្គ ។ ប្រជានុរាស្ត្រ​ទូទាំង​ព្រះ​នគរ​ សូមចងចាំជានិច្ចនូវព្រះមហាករុណាទិគុណ ដ៏ធំធេងរបស់ព្រះអង្គ ចំពោះប្រជាជាតិកម្ពុជា។

ទំនាស់នៅប្រាសាទព្រះវិហា រវាងប្រទេសកម្ពុជា និង ប្រទេសថៃ បានចាប់ផ្តើមផ្ទុះ​ឡើង​​​​ខ្លាំង នៅឆ្នាំ ១៩៥៤ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យ ពីបារាំង​ហើយ​ថៃ​បាន​ បញ្ជូន​​ទាហាន ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។

តុលារការក្រុងឡាអេ បានសម្រេចឱ្យភាគីកម្ពុជាឈ្នះក្តីលើសំណុំរឿងប្រាសាទព្រះវិហារ និងបង្គាប់ ឱ្យថៃ ដកយោធាចេញពីតំបន់ប្រាសាទព្រះវិហារ និងប្រគល់ ​​​វត្ថុបុរាណ ដែល​ថៃ​បាន​យក​ចេញ​ពី​ប្រាសាទ​ព្រះវិហារ ឬ​ពី​​តំបន់​ប្រាសាទ​ ក្នុង​​អំឡុង​ពេល​ដែល​ថៃ​កាន់​កាប់​ប្រាសាទ ចាប់តាំង​ពី​ឆ្នាំ​១៩៥៤ ​មក​ឲ្យ​កម្ពុជា​វិញ​។

កម្ពុជាបានឈ្នះក្តីលើសំណុំរឿងប្រាសាទព្រះវិហារ ពីភាគីថៃ នៅថ្ងៃទី ១៥ ខែមិថុនា ១៩៦២ ហើយនៅថ្ងៃទី ៧ ខែកក្កដា ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងកេបិច ប្រទេសកាណាដា៕ (ដោយ​៖ ឡេង ដេត)

(​​រូបភាព៖ សម្តេចនរោត្តម សីហនុ ទ្រង់ សេ្តចយាងបង្ហូតទង់ជាតិកម្ពុជា នៅលេីកំពូលភ្នំនៃ ប្រាសាទព្រះវិហារ)