អ្នកសិក្សាអះអាងថា ជ័យជម្នះលើរឿងក្តីប្រាសាទព្រះវិហារ កើតចេញពីភាពសាមគ្គី និងស្គាល់ភាពជាម្ចាស់

(ខេត្តព្រះវិហារ)៖ ថ្ងៃ ១៥ មិថុនា ១៩៦២-១៥ មិថុនា ២០២០ គឺ​ជា​ខួបលើក​ទី​៥៨ ឆ្នាំ ដែល​តុលាការ​យុត្តិធម៌​អន្ដរជាតិ​ ទីក្រុង​ឡាអេ បាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​ក្ដី​លើ​ភាគី​ថៃ ក្នុង​សំណុំ​រឿង​ប្រា​សា​ទ​​​ព្រះវិហារ។

ទំនាស់នៅប្រាសាទព្រះវិហា រវាងប្រទេសកម្ពុជា និង ប្រទេសថៃ បានចាប់ផ្តើមផ្ទុះ​ឡើង​​​​ខ្លាំង នៅឆ្នាំ ១៩៥៤ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យ ពីបារាំង​ហើយ​ថៃ​បាន​ បញ្ជូន​​ទាហាន ចូលមកកាន់កាប់​ប្រាសាទព្រះ​វិហារ​។ បន្ទាប់ពីបរាជ័យក្នុងការតវ៉ាតាមផ្លូវការទូត កម្ពុជា បានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ នៅ​ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ១៩៥៩ ដើម្បីសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីលើ​ប្រាសាទព្រះវិហារមកឱ្យ​កម្បុជា និង​ទាមទារឱ្យថៃ ដកយោធាចេញពីតំបន់ប្រា​សាទព្រះវិហារ និងប្រគល់ ​​​វត្ថុបុរាណ ដែល​ថៃ​បាន​យក​ចេញ​ពី​ប្រាសាទ​ព្រះវិហារ ឬ​ពី​​តំបន់​ប្រាសាទ​ ក្នុង​​អំឡុង​ពេល​ដែល​ថៃ​កាន់​កាប់​ប្រាសាទ ចាប់តាំង​ពី​ឆ្នាំ​១៩៥៤ ​មក​ឲ្យ​កម្ពុជា​វិញ​។

តុលារការអន្តរជាតិ អាយ ស៊ី ជេ (ICJ) បានសម្រេចឱ្យភាគីថៃ ត្រូវដកទ័ពចេញពីតំបន់ប្រាសាទ និងប្រគល់ ​​​វត្ថុបុរាណ ដែល​ថៃ​បាន​យក​ចេញ​ពី​ប្រាសាទ​ព្រះវិហារ ឬ​ពី​​តំបន់​ប្រាសាទ​ ក្នុង​​អំឡុង​ពេល​ដែល​ថៃ​កាន់​កាប់​ប្រាសាទ ចាប់តាំង​ពី​ឆ្នាំ​១៩៥៤ ​មក​ឲ្យ​កម្ពុជា​វិញ​។ តើមានមូលហេតុអ្វីខ្លះ ដែលនាំឱ្យកម្ពុជាឈ្នះក្តី លើសំណុំរឿងប្រាសាទព្រះវិហារ?

សម្រាប់ លោក សំបូរ ម៉ាន់ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ បានថ្លែងឱ្យដឹងថា មានហេតុផលសំខាន់ៗមួយចំនួន ដែលជាដើមចមធ្វើឱ្យកម្ពុជាតតាំងក្តីទទួលជោគជ័យលើភាគីថៃ។ លោកថា ភាពខ្លាំងរបស់កម្ពុជា នៅលើការសាមគ្គីភាព របស់ថ្នាក់ដឹកនាំ និងប្រជាជនខ្មែរ ជាកត្តានាំឱ្យកម្ពុជា មានជ័យជម្នះ ដោយសារពួកគេបាននាំគ្នាសិក្សាពីតម្លៃប្រវត្តិសាស្ត្រ ដើ​ម្បីបំពេញនូវការតតាំងក្តីនៅតុលាកា ទីក្រុងឡាអេ។ ម្យ៉ាងទៀត ដោយសារការរក្សាបានជាតម្លៃប្រវត្តិសាស្ត្រ ក្នុងការបង្ហា​ញប្រាប់អំពីសមត្ថភាព និងការយល់ដឹង និងស្គាល់ពីភាពជាម្ចាស់ អំពីប្រាសាទព្រះវិហាររបស់យើង ទើបធ្វើឱ្យកម្ពុជា ឈ្នះក្តីនៅតុលាកាទីក្រុង ឡាអេ។

លោកបន្ថែមថា«យើងចង់និយាយប្រាប់ គេថា ជារបស់យើង លុះត្រាតែយើងមានការយល់ដឹងពីភិនភាគពីរបស់យើងពិតប្រាកដ ទើបយើងអាចប្រាប់គេថាយើងជាម្ចាស់ ហើយភាពជាម្ចាស់របស់ខ្មែរ ក្រោយទទួលបានឯករាជ្យ គឺជាភាពខ្លាំងមួយទៀតរបស់ប្រជាជាតិខ្មែរ»។ លោក សាស្ត្រាចារ្យ សំបូរ ម៉ាន់ណារ៉ា បានអះអាងទៀតថា នៅសម័យបារាំង បារាំងបានបង្កើតគណៈកម្មការឥណ្ឌូចិន ដែលបានកំណត់ព្រំប្រទល់ក្នុងការគ្រប់គ្រង់ត្រឹមត្រូវ។ លោកអះអាងទៀតថា ហេតុផលជ័យជម្នះមួយទៀត គឺសក្កដានុពលខាងវប្បធម៌ ធម្មជាតិ និងសង្គមធម៌ ដែលជាធម្មជាតិ ដែលខ្មែរនៅទីនោះ បញ្ជាក់ប្រាប់ថាជនជាតិខ្មែរ មានតម្លាភាពក្នុងការប្រើប្រាស់ព្រពៃណីយ៍ វប្បធម៌ របស់ខ្មែរ។

លោក សាស្ត្រាចារ្យ សំបូ ម៉ាន់ណារ៉ា ថ្លែងទៀតថា ទីតាំងនៃប្រាសាទព្រះវិហារ គឺជាមជ្ឈមណ្ឌលកណ្តាលនៃចក្រភពខ្មែរនាសម័យមហានគរ។ នៅកំឡុងសត្តវត្សទី ៩ ដល់សត្តវត្សទី ១៣ នៃគ្រឹះសករាជ មហាអំណាចខ្មែរ បានបង្កើតទីតាំងសម្រាប់កម្លាំងរបស់ជាតិនៅម្តុំវត្តភូ ហើយកន្លែងវត្តភូ អតីតទីក្រុងចេនឡា បានបង្កើតជាប្រាសាទព្រះវិហារនេះ​ឯង​។ លោកបញ្ជាក់ថា ពីសត្តវត្សទី​៩ ដល់សត្តវត្សទី ១០ នៃគ្រឹះសក្ករាជ ប្រាសាទព្រះវិហារ នៅជាភ្នំព្រះវិហារ ត្រូវបានដង្ហែសិវលឹង្គ (ដង្ហែរអាទិទេព) ពីវត្តភូ យកមកតាំងទីនេះ ដែល​​មហាក្សត្រខ្មែរគ្រប់ជំនាន់បានមកដល់នៅទីនេះគ្រប់គ្នា។ លោកសាស្ត្រាចារ្យ រំលឹកថា ការកសាងប្រាសាទព្រះវិហារ ដំបូង គឺនៅកំឡុងសត្តវត្សទី៩ នៃគ.ស ក្រោមការគ្រប់គ្រងរបស់ព្រះបាទយសោវរ្ម័នទី១។ លោកបញ្ជាក់ថា ការឈ្នះក្តីប្រាសាទព្រះវិហារជាមួយថៃ នៅសម័យសម្តេចនរោត្តមសីហនុ ឆ្នាំ ១៩៦២ គឺជាចំណុចមួយ បង្ហាញពីតម្លៃប្រវត្តិសាស្ត្រមួយទៀត ពីការចងចាំរបស់ថ្នាក់ដឹកនាំខ្មែរ និងប្រជាជន បង្ហាញប្រាប់ថាខ្មែរ នៅតែឱ្យតម្លៃជានិច្ចលើការការពារទឹកដី បើទោះបីជាចក្រភពខ្មែរត្រូវបាត់បង់ នូវចក្រភពខាងជើង និងខាងលិចមួយចំនួនក៏ដោយ តែខ្មែរនៅតែចងចាំជាប្រវត្តិការ ដើម្បីការពារទឹកដីក្រោយសម័យអង្គរ។

ការសម្រេចរបស់តុលាកា ក្រុងឡាអេ ៣ ចំណុច មានតែមួយចំណុច ដែលត្រូវបានអនុវត្តគឺចំណុចទី១ ដែលកំណត់ថា ប្រាសាទព្រះវិហារ ស្ថិតក្នុងដែនដីកម្ពុជា ចំណែកឯ​ចំណុចទី២ ដែលតុលាការបង្គាប់ឱ្យថៃដកយោធា និងកងកម្លាំងចេញពីប្រាសាទ និងបរិវេណជុំវិញប្រាសាទ ក្នុង​ដែន​ដី​កម្ពុជានោះ មិន​ត្រូវ​បាន​ភាគី​ថៃ​អនុវត្តនោះទេ។

ថៃអះអាងថា បរិវេណ​ជុំ​វិញ​ប្រាសាទ ដែល​មាន​ទំហំ​៤,៦​គីឡូម៉ែត្រ​ការ៉េ​នោះ គឺ​ជា​កម្មសិទ្ធិ​​របស់​ថៃ​ ហើយ​ថៃ​មាន​សិទ្ធិ​ដាក់​កង​កម្លាំង​របស់​ខ្លួន នៅ​ទី​នោះ​។ នៅ​ខែ​កក្កដា ឆ្នាំ​២០០៨ ថៃ​បានបញ្ជូនយោធាចូលមកក្បែរតំបន់ប្រាសាទម្តងទៀត ដែលបង្កឱ្យជម្លោះផ្ទុះឡើងជាថ្មីម្តងទៀត នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៣ ជម្លោះកើតឡើងជាថ្មីទៀត ជម្រុញឱ្យកម្ពុជា​​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្ដរជាតិ ឲ្យ​បក​ស្រាយ​សាលដីកា​ក្រុង​ឡាអេ ឆ្នាំ​១៩៦២​ឡើង​វិញ​។

តុលាការ​យុត្តិធម៌​អន្ដរជាតិ បាន​បក​ស្រាយ​សាល​ដីកា​ឆ្នាំ​១៩៦២​ឡើង​វិញ និង​បាន​សម្រេច​ថា កម្ពុជា​មាន​អធិបតេយ្យភាព​លើ​ដែនដី​ទាំង​មូល​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ និង​សម្រេច​ឲ្យ​ភាគី​ថៃ ដក​កង​កម្លាំង​ប្រដាប់​អាវុធ និង​ឆ្មាំ​ប្រាសាទ​ទាំង​អស់​ចេញ​ពី​បរិវេណ​ជុំ​វិញ​ប្រាសាទ។
កម្ពុជាបានឈ្នះក្តីលើសំណុំរឿងប្រាសាទព្រះវិហារ ពីភាគីថៃ នៅថ្ងៃទី ១៥ ខែមិថុនា ១៩៦២ ហើយនៅថ្ងៃទី ៧ ខែកក្កដា ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងកេបិច ប្រទេសកាណាដា។

បង្ហាញថា ប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃ ប្រទេសកម្ពុជា ក្នុងភូមធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ប្រាសាទព្រះវិហារជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហានៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបទៅនិងទឹកសមុទ្រ។ សិលាចារឹកប្រាសាទខ្នា បានហៅភ្នំដងរែកថា ភ្នំកំផែង ឬភ្នំជញ្ជាំង។ ប្រជាជនថៃហៅភ្នំដងរែកថា ភ្នំវែង ចំណែកប្រជាជនឡាវហៅថា ភ្នំដេនមឿង។

ប្រាសាទព្រះវិហារស្ថិតនៅជាប់នឹងព្រំប្រទល់ខេត្តស៊ីសាកេតនៃប្រទេសថៃ។ប្រាសាទព្រះវិហារមានចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រពីសាលាស្រុកជាំក្សាន្ត ១០០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ជាង ១៥០គីឡូម៉ែត្រពីទីរួម ខេត្តសៀមរាប និងចម្ងាយប្រមាណ ៤០០គីឡូម៉ែត្រពី រាជធានីភ្នំពេញ។ ជួរភ្នំដងរែកជាខណ្ឌសីមាព្រំប្រទល់ធម្មជាតិអន្តរជាតិរវាង ប្រទេសកម្ពុជា និងប្រទេសថៃ។

ប្រាសាទព្រះវិហារស្ថិតនៅលើចំណុចខ្សែស្រប១៤.២៤ ទៅ១៨នៃរយៈទទឹងខាងកើត និងចំណុចខ្សែស្រប១០៤ ទៅ៤១.០២នៃរយៈបណ្តោយខាងជើង។ ប្រាសាទព្រះវិហារមានទីតាំងស្ថិតនៅលើខ្នងភ្នំព្រះវិហារ ស្ថិតនៅលើផ្ទៃដីទំហំ៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ។ ភ្នំប្រា​សាទ​ព្រះវិហារនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ

សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។ ម្យ៉ាងទៀតអ្នកទេសចរអាចឡើងភ្នំព្រះវិហារតាមរយៈជណ្តើរបុរាណនៅផ្នែកខាងកើតនៃភ្នំ ដែលត្រូវបានកសាងតាំងពីសម័​យជាមួយប្រាសាទមកម្លេះ តែត្រូវបានខូចខាតយ៉ាខ្លាំង តែនៅពេលបច្ចុប្បន្នមានការជួសជុលនិងយកឈើធ្វើជាជណ្តើរជំនួសវិញក្រោមការជួសជុលរបស់អាជ្ញាធរខេត្តព្រះវិហារ៕ (ដោយ៖ ឡេង ដេត)

(​​រូបភាព៖ សម្តេចនរោត្តម សីហនុ ទ្រង់ សេ្តចយាងបង្ហូតទង់ជាតិកម្ពុជា នៅលេីកំពូលភ្នំនៃ ប្រាសាទព្រះវិហារ)