សហព័ន្ធកីឡាប៉េតង់ ប្រកាសបើកការប្រកួតកីឡាប៉េតង់ ត្រៀមជ្រើសរើសកីឡាការិនីជម្រើសជាតិឆ្នាំ២០២០

(ភ្នំពេញ)៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ត្រៀមរៀបចំការប្រកួតកីឡាប៉េតង់ ជ្រើសរើសកីឡាការិនីជម្រើសជាតិឆ្នាំ២០២០ចំនួន ០៥រូប នឹងប្រព្រឹត្តចាប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅទីលានកីឡាប៉េតង់ ក្នុងពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញនាពេលខាងមុខ ដូច្នេះប្រធានសមាគម-ក្លិបកីឡាប៉េតង់របស់ក្រសួង-ស្ថាប័ន រាជធានី-ខេត្តឲ្យអញ្ជើញបញ្ជូនកីឡាការិនីឆ្នើមចូលរួមប្រកួត។

ការប្រកួតកីឡាប៉េតង់ត្រៀមជ្រើសរើសកីឡាការិនីជម្រើសជាតិឆ្នាំ២០២០ ធ្វើឡើងដើម្បីបង្គប់ក្រុមកីឡាការិនីជម្រើសជាតិឈុតធំរាល់ពេល បច្ចុប្បន្ននេះសហព័ន្ធអនុញ្ញាតឲ្យសមាគម-ក្លិបកីឡាប៉េតង់របស់ក្រសួង-ស្ថាប័ន រាជធានី-ខេត្តចូលរួមការប្រកួតជាមួយក្រុមកីឡាការិនីជម្រើសជាតិ ដែលបានធ្លាក់ពីការធ្វើតេស្តិ៍ចំនួន៥នាក់។

ចំពោះការប្រកួតតាមវិញ្ញាសាម្នាក់ទល់ម្នាក់ ទៅតាមរូបមន្ត ដែលសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានកំណត់ ដូច្នេះកីឡាការិនីជាប់ចំណាត់ថ្នាក់ចំនួន៥រូប នឹងក្លាយជាកីឡាការិនីជម្រើសជាតិ នឹងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិមានស្រាប់ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាកម្រិតអន្តរជាតនានា៕ ដោយ៖ កូនដូច(Micheal)