ការប្រកួតជើងឯកជាតិនៃកីឡាកាយសម្ព័ន្ធ នឹងធ្វើនៅចុងឆ្នាំវិញ !

(ភ្នំពេញ)៖ សម្រាប់ប្រភេទកីឡាកាយសម្ព័ន្ធនឹងរៀបចំការប្រកួតជើងឯកជាតិនៅចុងឆ្នាំ ដោយសារតែពិភពលោកទាំងមូលកំពុងតែរងការរាតត្បាត់ពីមេរោគកូវីដ ១៩ ។

លោកណយ ផាណាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រាប់ឲ្យដឹងថា ក្រសួងអប់រំយុវជន និង កីឡាបានអនុញ្ញាតឲ្យរៀបចំការប្រកួតជើងឯកជាតិឡើងវិញ តែការប្រកួតនោះមិនត្រូវមានអ្នកចូលរួមលើសពី១០០នាក់ឡើយ ។ ការប្រកួតគឺមិនឲ្យមានអ្នកចូលទស្សនា និងមានតែកីឡាករ កីឡាការិនីនិងអ្នកពាក់ព័ន្ធតែប៉ុណ្ណោះ ។

ពេលដែលចោទសួរថា តើការប្រកួតឆ្នាំនេះសហព័ន្ធនឹងកាត់បន្ថយចំនួនកីឡាករ កីឡាការិនីនិងវិញ្ញាសាខ្លះឬអត់នោះ លោកអគ្គលេខាធិការបានអះអាងថា មិនមានការកាត់បន្ថយអ្វីទាំងអស់ព្រោះរៀងរាល់ឆ្នាំកីឡាករ កីឡាការិនីដែលចូលរួមប្រកួតមានត្រឹមតែរង្វង់ ៧០នាក់ប៉ុណ្ណោះ តែបើរាប់ទាំងមន្ត្រីបច្ចេកទេសនោះអាចលើស១០០នាក់បន្តិចបន្តួច ។ អ្វីៗសហព័ន្ធនឹងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ សព្វថ្ងៃនេះសូម្បីតែការហ្វឹកហាត់ក៏សហព័ន្ធអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលដែរគឺពិនិត្យកំដៅ និងលាងដៃជាមួយអាល់កុលជាប្រចាំ ។

សូមបញ្ជាក់ថា សព្វថ្ងៃនេះសម្រាប់កីឡាករ កីឡាការិនីថ្នាលត្រូវបានប្រមូលផ្ដុំហ្វឹកហាត់ឡើងវិហើយតែសម្រាប់ឈុតធំដែលជាកីឡាករ-កីឡាការិនីត្រៀមចូលរួមប្រកួតចំពោះមុខនោះនៅមិនទាន់ប្រមូលផ្ដុំនៅឡើយទេ ។ លោកអគ្គលេខាធិការបាននិយាយថា លោកបារម្ភពីការធ្លាក់ចុះនៃគុណផលកីឡាឈុតធំណាស់ព្រោះការហ្វឹកហាត់តាមផ្ទះមិនដូវហ្វឹកហាត់ជុំគ្នាជាមួយគ្រូឡើយ ៕ ដោយ៖ កូនដូច (យុទ្ធ)