អភិបាលខណ្ឌ​ទាំងអស់​នៅ​ភ្នំពេញ មិនចាំបាច់​មក​ចូលរួម​ស្តាប់​ប្រសាសន៍​សម្តេច ក្នុង​ពិធី​ជួបជុំ​ចែក​សញ្ញាបត្រ​ទៀត​ទេ​

(​ភ្នំពេញ​)៖ ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ដល់​សិស្ស​ថ្នាក់​វិជ្ជាជីវៈ និង​និស្សិត​បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី សរុប​ចំនួន ១,៧០៩​នាក់ ក្នុងនោះ មាន​នារី ៦៧៦ នាក់ នា​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ណែនាំ​ដល់​អភិបាលខណ្ឌ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ថា ចាប់ពី​ថ្ងៃនេះ​តទៅ អភិបាលខណ្ឌ​ទាំងអស់ រួមទាំង​អភិបាល​រាជធានី​ភ្នំពេញ​ផង មិនចាំបាច់​មក​ចូលរួម​ពិធី​ជួបជុំ ដែល​សម្តេច ចែក​សញ្ញាប័ត្រ ទៀត​ទេ ដើម្បី​ទុក​ឲ្យ​អភិបាល​រាជធានី ខណ្ឌ​ទាំងអស់ យក​ពេលវេលា​ទៅធ្វើ​ការ បម្រើ​ប្រជាពលរដ្ឋ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បន្ថែមថា មន្ត្រីជាន់ខ្ពស់ ដែល​អមដំណើរ​សម្តេច ក៏​មិនបាច់​ច្រើន​ទេ ហើយ​ទុក​ពេលធ្វើ​ការងារ​ច្រើន​ទៀត​។ ក្នុងនោះ នៅ​ព្រឹក​ថ្ងៃទី​១៧​មីនា​នេះ សាលា​រាជធានី​ភ្នំពេញ ត្រូវ​រៀបចំ​សន្និបាត ដូច្នេះ​អភិបាលខណ្ឌ គួរតែ​ទៅ​ចូលរួម​សន្និបាត ជាជាង​មក​អង្គុយ​ស្តាប់​សម្តេច នាពេលនេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​នៅពេល​ខ្ញុំ​ចែក​សញ្ញាបត្រ មិនចាំបាច់​មានមុខ​អស់លោក​ទេ​។ ចាំ​ពេល​ខ្ញុំ ចុះទៅ​ខណ្ឌ​របស់​អស់លោក ចាំ​មានមុខ​។ យក​ពេលវេលា​ទៅធ្វើ​ការងារ និង​ជួយ​ប្រជាពលរដ្ឋ​»៕