សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មេត្តា​អត់ធ្មត់​នូវ​ការលំបាក ក្នុងការ​ខ្វះ​ទឹក និង​ខ្វះ​ភ្លើង​!

(​ភ្នំពេញ​)៖ ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ដល់​សិស្ស​ថ្នាក់​វិជ្ជាជីវៈ និង​និស្សិត​បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី នា​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មេត្តា​អត់ធ្មត់​នូវ​ការលំបាក ក្នុងការ​ខ្វះ​ទឹក និង​ខ្វះ​ភ្លើង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា «​ខ្ញុំ​ករុណា​ខ្ញុំ នៅតែ​បន្ត​ការអំពាវនាវ​អោយ​ប្រជាពលរដ្ឋ​របស់​យើង​មេត្តា​អត់ធ្មត់ ហើយ​យោគយល់​ទៅដល់​ការលំបាក​នៅក្នុង​កាលៈទេសៈ​នៃ​ធាតុអាកាស​ប្រែប្រួល ដែល​មកដល់ពេលនេះ កន្លែង​មួយចំនួន ខ្វះ​ទឹក កន្លែង​មួយចំនួន ខ្វះ​ភ្លើង​។ ខ្វះ​ទឹក គឺ​ទឹក​រីងស្ងួត ប៉ុន្តែ​មិនទាន់មាន​ព័ត៌មាន​អំពី​ការ អណ្តូង​ដែល​វា​រីង​នោះទេ​។ ឆ្នាំ​២០១៦ អណ្តូង​វា​រីង ស្ទើរតែ ៨០% នៃ​អណ្តូងទឹក ដោយសារតែ​ការជីក​អណ្តូង គឺ​កាលពីដើម​ដណ្តើម​ទឹក ត្រឹមតែ ១០​ម៉ែត្រ​ទេ ទៅដល់​ហើយ​។ អីចឹង គឺ​ទឹក​អណ្តូង​វា​ចេញ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៦ ដណ្តើម​ទឹកធ្លាក់​ទៅដល់ ១២​ម៉ែត្រ អីចឹង​ធ្វើ​ឲ្យ​អា​អណ្តូង ដែល​ធ្លាប់​តែមាន ១០​ម៉ែត្រ គឺ​វា​រីង ហើយ​ពេលនោះ ឆ្នាំ​នោះ យើង​ជីក​បាន​អណ្តូង​ច្រើន​។ ឆ្នាំនេះ យើង​ក៏ត្រូវ​បន្ត​ការជីក​អណ្តូង​។ សូម​ឲ្យ​គ្រប់​ទីកន្លែង ទាំង​អាជ្ញាធរ ទាំង​កាកបាទក្រហម ទាំង​សប្បុរសជន ពិនិត្យមើល​កន្លែង​ណា ដែល​ជីក​អណ្តូង​បាន ត្រូវ​ជីក​អណ្តូង ប្រសើរ​ជាង​ការដឹក​ទឹក​ពី​ចម្ងាយ​។ ដឹក​ទឹក​ទៅ​ពី​ចម្ងាយ ដើម្បី​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​របស់​យើង ទម្រាំ​ដល់​ភ្លៀង​ធ្លាក់ ដែល​ឆ្នាំនេះ ភ្លៀង​អាច​នឹង​អូសបន្លាយ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា «​ពិតមែន​ហើយ អា​ភ្លៀង​ប៉ុន្មាន​ថ្ងៃនេះ កើត​កន្លែង​នេះ កើត​កន្លែង​នោះ គឺជា​ភ្លៀង ដែល​គេ​ហៅថា ក្របខណ្ឌ​ផ្ទៃក្នុង​តែ​ប៉ុណ្ណឹង​ទេ​។ មិនទាន់​ជា​ប្រព័ន្ធ​។ ពិតមែន​ហើយ មាន​ប្រព័ន្ធ​ទាក់ទង​ពី​ហ្វីលីពីន មក​កន្លែង​យើង​នេះ ដែល​កកើត​ជា​គេ​ហៅថា សម្ពាធ​ទាប និង​ជា​តំបន់​ព្យុះ​នៅ​តំបន់​ហ្វីលីពីន អាចពាក់ព័ន្ធ​មកដល់​យើង​ផងដែរ​។ អីចឹង​ទេ ត្រូវ​បន្ត​ការខិតខំ ដោះស្រាយ​បញ្ហា​នេះ​។ ប៉ុន្តែ​រឿង​ធំ​ជាង​នេះ គឺ​រឿង​បញ្ហា​វា​រី​អគ្គិសនី​ទាំងអស់ របស់​យើង ដោយសារ​ទឹក វា​ហួតហែង ធ្វើ​ឲ្យ​វា​រី​អគ្គិសនី​របស់​យើង ទាញ​ទួ​ប៊ី​ន អត់​រួច ដែល​ត្រូវ​បិទ​មួយចំនួន ធ្វើ​ឲ្យ​យើង​កំពុង​ខ្វះ​អគ្គិសនី​រហូត​ទៅដល់ ៤០០ មេ​ហ្គា​វ៉ា​ត់​។ ដូច្នេះហើយ បានជា​ការផ្គត់ផ្គង់​អគ្គិសនី​របស់​យើង មានការ​រអាក់រអួល កន្លែង​ខ្លះ ត្រូវបាន​ស្នើសុំ​ឲ្យ​មានការ​កាត់ផ្តាច់ ផ្អាក​ការផ្គត់ផ្គង់​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ថា នៅ​ឆ្នាំនេះ មាន​បញ្ហា​វា​ហុយ​បន្តិច​ក៏​មិន​អី​ដែរ ដោះស្រាយ​ឲ្យ​រួច​សិន​។ ពិតមែន​ហើយ តែ​បញ្ឆេះ​ម៉ាស៊ីន​ភ្លាម វា​ហ៊ុយ​ផ្សេង​ហើយ ប៉ុន្តែ​វា​ប្រសើរ​ជាង​យើង​ដុត​ទៀន​។ … ប៉ុន្តែ​គឺ​២​ថ្ងៃ​មុននេះ ក្រសួង រ៉ែ និង​ថាមពល ថា​ត្រូវការ​ពេល ២​ថ្ងៃ​។ ប៉ុន្តែ​យើង​ក៏​មិនទាន់​ទទួលបាន​ព័ត៌មាន​ជាក់លាក់ ( នាវា​អគ្គិសនី​មកពី​ទួរគី )​។ បើទោះបីជា​ថ្លៃ​យ៉ាងម៉េច ក៏​យើង​អាច​រុញ​យកមក​សិន​។ យើង​ស្នើសុំ​ទៅ​វៀតណាម ដើម្បី​ឲ្យ​ជួយ​ផ្គត់ផ្គង់​បន្ថែម លើសពី​អ្វីដែល​ធ្លាប់បាន​បញ្ជូនមក ២០០ មេ​ហ្គា​វ៉ា​ត់​។ ប៉ុន្តែ​វៀតណាម ក៏​ជួបប្រទះ​នូវ​បញ្ហា​ដូច​យើង​ដែរ​។ ប៉ុន្តែ​វៀតណាម ប្រើ​វា​រី​អគ្គិសនី មិនជា​ច្រើន​ទេ​។ ក្រៅពី​នៅ​ហាណូយ និង​នៅ​តំបន់​មួយចំនួន ប៉ុន្តែ​គាត់​ប្រើ​ធ្យូងថ្ម​ច្រើនជាង​។ យើង​ស្នើសុំ​ទៅ​ថៃ ថៃ​ក៏មាន​បញ្ហា​។ យើង​ស្នើសុំ​ទៅ​ឡាវ ប៉ុន្តែ​បណ្តាញ​បញ្ជូន​។ ឡាវ​មាន​អគ្គិសនី ប៉ុន្តែ​បណ្តាញ​បញ្ជូន​ត្រូវការ​ពេលវេលា​សាងសង់ ព្រោះ​យើង​ត្រូវការ ដើម្បី​ទាញ​អគ្គិសនី ពី​ឡាវ ពី​ដន​សា​ហុង មក​ផ្គត់ផ្គង់​ឲ្យ​តំបន់​ខាង​ព្រះវិហារ​ទៅវិញ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «​អីចឹង​បញ្ហា​នេះ នៅតែ​បន្ត​អំពាវនាវ​ប្រជាពលរដ្ឋ​របស់​យើង​អត់ធ្មត់ ជាមួយនឹង​សភាពការណ៍​ដ៏​លំបាក​នេះ តែ​វា​មិន​ដល់​កម្រិត​ទៅ​តំបន់ ដែល​គេ​ហៅថា តំបន់​ផលិតកម្ម ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​តំបន់​ផលិតកម្ម អត់​ទេ​។ យ៉ាងណា​ក៏​យើង​នៅមាន​ភ្លើង​ជាង ១០០០ មេ​ហ្គា​វ៉ា​ត់ កំពុង​ប្រើប្រាស់​សព្វថ្ងៃនេះ​។ ក៏ប៉ុន្តែ​ពីមុន វា​មាន​ច្រើនជាង​ហ្នឹង​។ ឥឡូវ ប្រៀបធៀប​ជាមួយ​តម្រូវការ យើង​ខ្វះ ៤០០ មេ​ហ្គា​វ៉ា​ត់​។ អីចឹង​ទេ បាន​មាន​កន្លែង ខិតខំ​ប្រើប្រាស់​អា​ពេលយប់ ដែល​គេ​តម្រូវការ​តិច គេ​ពន្លត់ភ្លើង យើង​ត្រូវការ​រុញ​អាហ្នឹង​។ ឧទាហរណ៍ បូមទឹក​ជាដើម​។ បើសិនជា​ត្រូវការ​បូមទឹក ដោយ​ប្រើប្រាស់​អគ្គិសនី យើង​ត្រូវ​បូមទឹក​ក្រោយ​ម៉ោង ១២​យប់​។ អាហ្នឹង​គឺ​យើង ដោះស្រាយបាន​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បន្ថែមថា រឿងនេះ មិនមែនជា​រឿង​ថ្មីថ្មោង​សម្រាប់​ប្រទេស​នានា​ទេ​។ ឆ្នាំ​ណាមួយ​នោះ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ គេ​កម្រិត​តែម្តង ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ទឹក ថា​ត្រូវ​ប្រើតែ​ប៉ុន្មាន​ម៉ែត្រគូប​ទេ ក្នុង​ម្នាក់​។ រួចហើយ គេ​កម្រិត​ទៀត នៅតាម​បណ្តា​ស្ថាប័ន និង​កន្លែង​នានា ត្រូវ​បើក​ម៉ាស៊ីនត្រជាក់​ប៉ុន្មាន​អង្សា​។ ឯ​យើង​នៅទីនេះ ក៏ត្រូវ​ធ្វើ​ដូចគ្នា​ដែរ​។ ត្រូវខិតខំ តាម​ស្ថាប័ន​នានា ដែល​ធ្លាប់​បើក ដែល​ទម្លាក់​ទៅដល់ ១៦​អង្សា ឬក៏ ១៨​អង្សា យើង​ដំឡើង​វា​មកដល់ ២០ ឬ​២៣​អី​ទៅ​។ វា​ក៏​បន្ថយ​ក្នុងការ​ប្រើប្រាស់​អគ្គិសនី​ហ្នឹង បាន​ខ្លះ​ដែរ​។ ទឹក​វា​ទាក់ទង​នឹង​អគ្គិសនី​នេះដែរ បានជា​យើង​សូម​អំពាវនាវ​ឲ្យ​មានការ​សន្សំសំចៃ នៅក្នុង​ការប្រើប្រាស់​ទឹក​»​។​

​សម្តេច​តេ​ជោ បន្តថា បញ្ហា​ខ្វះ​ទឹក ខ្វះ​ភ្លើង​នេះ មិនមែនជា​គ្រោះមហន្តរាយ ដែល​យើង​គ្រប់គ្រង​មិនបាន​ទេ ប៉ុន្តែ​នេះ គ្រាន់តែ​ជាការ​ស្នើសុំ​ការយោគយល់ ហើយ​អ្វីដែល​យើង​កំពុង​ដោះស្រាយ គឺមាន​លទ្ធភាព​ក្នុងការ​ដោះស្រាយ​តាមរយៈ​ប្រើ​ធុងអាគុយ តាមរយៈ​ប្រើ​នូវ​ម៉ាស៊ីនភ្លើង ដែល​យើង​មាន​ខ្លួនឯង​។ កាលពីមុន យើង​ធ្លាប់ប្រើ​ហើយ​តើ​។ វា​ជា​កត្តា​ចៃដន្យ​មួយ​។​

​សម្តេច​ហ៊ុនសែន ក៏បាន​ប្រកាសថា ផែនការ​របស់​យើង វាយតម្លៃ​ខុស​ហើយ អំពី​ការអភិវឌ្ឍ​អគ្គិសនី​នោះ ដូច្នេះហើយ បាន​ជាមាន​តម្រូវការ ពីនេះ ទៅដល់​ឆ្នាំ​២០២១ ត្រូវតែ​បន្ថែម កម្លាំង​ភ្លើង ដែល​ខុសពី​ផែនការ​ដើម ពី​ឆ្នាំ​២០២១-២០២២ បាន​ឲ្យ​ចាប់ផ្តើម​ផលិត​បន្ថែមទៀត ព្រោះ​រឿង​វិនិយោគ​លើ​វិស័យ​អគ្គិសនី ត្រូវតែ​គិតថា អគ្គិសនី កាលណា​យើង​ចាប់ផ្តើម​ឲ្យ​គេ​ផលិត អ្នកឯង​ទិញ​គេ មិន​អស់ ត្រូវ​សងលុយ​គេ​។ ការផលិត​អគ្គិសនី ធានា​ខុសពី​ការវិនិយោគ​ផ្លូវថ្នល់ ឬក៏​ការវិនិយោគ​ដទៃទៀត​។ ការផលិត​អគ្គិសនី ត្រូវការ​ធានា​ដល់​សភា​។ បើ​គេ​ផលិត​ដល់ ២០០ មេ​ហ្គា​វ៉ា​ត់ យើង​ប្រើ​ត្រឹម ៥០​មេ​ហ្គា​វ៉ា​ត់ ក៏​យើង​ត្រូវ​បង់ថ្លៃ​ឲ្យ​គេ ២០០ មេ​ហ្គា​វ៉ា​ត់​ដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា ផែនការ​អគ្គិសនី​របស់​យើង គឺ​ខុស​ហើយ មូលហេតុ ដោយសារ​ក្រុងព្រះសីហនុ ត្រូវការ​ភ្លើង​បន្ថែម ១០០ មេ​ហ្គា​វ៉ា​ត់​។ ដូច្នេះ​ត្រូវតែ​ដាក់​ម៉ាស៊ីនភ្លើង ដើ​ម្ប​ពី​រុញ​ឲ្យ​ក្រុងព្រះសីហនុ ១០០ មេ​ហ្គា​វ៉ា​ត់​បន្ថែម​។ សៀមរាប់ ក៏​ច្រើន​លើស​ការគ្រោងទុក ជាង ១០០ មេ​ហ្គា​វ៉ា​ត់​ដែរ​៕