សម្តេច​តេ​ជោ ហ៊ុន សែន ជំរុញ​ឲ្យ​តុលាការ​គ្រប់​ជាន់ថ្នាក់ និង​រដ្ឋមន្ត្រី​យុត្តិធម៌ ត្រូវធ្វើ​ការងារ​ជំនុំជម្រះ​ក្តី​លើ​អ្នក​ជាប់ឃុំ នៅ​ពន្ធនាគារ​ឲ្យ​លឿន​

(​ភ្នំពេញ​)៖ ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ដល់​សិស្ស​ថ្នាក់​វិជ្ជាជីវៈ និង​និស្សិត​បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី នា​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស ជំរុញ​ឲ្យ​តុលាការ​គ្រប់​ជាន់ថ្នាក់ និង​រដ្ឋមន្ត្រី​យុត្តិធម៌ ត្រូវធ្វើ​ការងារ​ជំនុំជម្រះ​ក្តី​លើ​អ្នក​ជាប់ឃុំ នៅ​ពន្ធនាគារ​ឲ្យ​លឿន​។ ក្នុងនោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ពី​ការបង្កើត​ក្រុម​មេធាវី​របស់​សម្តេច ដើម្បី​ការពារ​ស្ត្រី​ក្រីក្រ ដែល​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា​នេះ សម្តេច​នឹង​ទទួល​ជំនួយ​បន្ថែម ១​លាន​ដុល្លារ​ទៀត ដើម្បី​ដំណើរ​ក្រុម​មេធាវី​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ទទួលបាន ៤០០០​លាន​រៀល ស្មើនឹង ១​លាន​ដុល្លារ​ថែមទៀត លើ​ថវិកា​ដែលមាន​ស្រាប់ ដើម្បី​រៀបចំ​ឲ្យ​មេធាវី​របស់ខ្ញុំ​ព្រះករុណា​ខ្ញុំ គឺ​ដំណើរការ​ទៅមុខ បាន​លឿន ក្នុងការ​ការពារ​ក្តី​ឲ្យ​ស្ត្រី​ក្រីក្រ​។ មើលទៅ​ក្នុង​មន្ទីរឃុំឃាំង ដល់​មើលទៅ ឥឡូវនេះ ឃើញច្បាស់​ហើយ​។ ចេញមក​។ បានសេចក្តីថា អ្នក​ជាប់ឃុំ​ពិតប្រាកដ ទណ្ឌិត​ពិតប្រាកដ តែមួយ​ភាគបី​ទេ​។ ពិរុទ្ធជន ពីរភាគបី​។ ពិរុទ្ធជន មានន័យថា មិនទាន់​កាត់ទោស​។ អីចឹង​បញ្ហា​នេះ តុលាការ​គ្រប់​ជាន់ថ្នាក់ រដ្ឋមន្ត្រី​យុត្តិធម៌ ត្រូវធ្វើ​ការងារ​នេះ ឲ្យ​លឿន​។ បើ​មិន​អីចឹង​ទេ ចាប់​គេ​យកទៅ​ឃុំ​ ខុស»។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា «​កាល​ប៉ុន្មាន​ឆ្នាំមុន នៅចាំ​! ចំណោទ​ចោទឡើង​ថា ខ្វះ​កន្លែង​សវនាការ​។ អីចឹង​កាល​ណឹ​ង ខ្ញុំ​បាន​ឲ្យ​ជួល​កន្លែង​នានា ធ្វើជា​កន្លែង​សវនាការ ដើម្បី​កុំ​ឲ្យ​និយាយ​ពី​រឿង​ខ្វះ​កន្លែង​សវនាការ​។ ឥឡូវ​និយាយ​ពី​ខ្វះ​មេធាវី​។ ឥឡូវ​ខ្ញុំ​រុញ​មេធាវី​ទៀត ហើយ​មេធាវី​ដែល​ខ្ញុំ​រុញ មាន​មេធាវី​មួយ រុញ​ឲ្យ​ទៅតាម​គណៈមេធាវី មួយទៀត​ទៅតាម​ក្រសួង​កិច្ចការនារី​។ ឥឡូវ​ខ្ញុំ​បង្កើត​មេធាវី​របស់ខ្លួន​ខ្ញុំ​ផ្ទាល់ ដើម្បី​បញ្ជូន​ឲ្យ​មួយ​ខេត្ត​ពីរ​នាក់ ហើយ​បើ​ត្រូវការ​ច្រើនជាង​ហ្នឹង ក៏ត្រូវ​ដែរ ព្រោះ​ឥឡូវ ប្រាក់​ថ្ងៃនេះ នឹង​ចូល​ទៅដល់​កុង ឡើងទៅ​ដល់​ជាង ៦០០០ លាន​រៀល គឺ​ស្មើនឹង ១​លាន​ដុល្លារ​កន្លះ​ជាង ហើយ​មេធាវី​ទាំងនោះ គេ​មិន​យក​កម្រៃ​ទេ ប៉ុន្តែ​នេះ​ជា​មធ្យោបាយ ដែល​យើង​ឲ្យ​គេ​ធ្វើការ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា «​ចុះ​មន្ទីរឃុំឃាំង​អី​ក៏​វា​ណែន​ម្លេះ​? ដល់​ទៅ​មើល ស្លាប់​ហើយ ថ្ងៃមុន គេ​ទៅ​មើល ទៅ​ទាំង​គណៈកម្មការ​សិទ្ធិមនុស្ស របស់ កែវ​រ៉េមី ទៅ​ទាំង​ជាមួយនឹង​ក្រសួង​កិច្ចការនារី ទៅ​ទាំង​ជាមួយនឹង​មេធាវី ទៅដល់​បានឃើញ​។ ចំណុច​ដែល​មិនទាន់​កាត់ក្តី គឺ​វា​រឿង​ច្រើនពេក​។ ប៉ុន្តែ​ឥឡូវ ខ្ញុំ​ឲ្យ​អាទិភាព​ជាមួយនឹង​ស្ត្រី​ក្រីក្រ អីចឹង​បាន​ខ្ញុំ​ស្នើ​ឲ្យ​មេធាវី​របស់ខ្ញុំ​ថា អ្វីដែល​យើង​អាចធ្វើ​ទៅបាន អាច​ធានា​ឲ្យ​នៅក្រៅ​ឃុំ​បាន គឺ​ធានា​នៅក្រៅ​ឃុំ​សិន រួចហើយ​បន្ត​ក្រៅ​ក្តាំ​តទៅទៀត​។ មានពេលខ្លះ ពរ​កូន​ឲ្យ​ក្លងៗ​ក្នុង​ពន្ធនាគារ មានពេលខ្លះ មាន​ផ្ទៃពោះ​នៅក្នុង​ពន្ធនាគារ​។ ប៉ុន្តែ​យើង​មិន​លើកលែង​ជាមួយ​បញ្ហា​ពាក់ព័ន្ធ​ជាមួយនឹង​អ្នកខ្លះ ចូលរួម​ក្នុង​ការធ្វើ​ឃាតកម្ម ដូច​ជាមាន​ស្ត្រី​ខ្លះ ជាប់គុក ១២០​ឆ្នាំ ព្រោះ​ទោស​វា​ច្រើនពេក សម្លាប់​នៅ​នេះ សម្លាប់​នៅ​នោះ ដែល​ចូលរួម​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់អាវុធ​ស្អី​ស្អី ណា​ណុង​រឿង​មួយ​ផ្សេង​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​បន្ត​ការខិតខំ​យកចិត្តទុកដាក់ ម្យ៉ាង​ដើម្បី​កាត់បន្ថយ​ឧក្រិដ្ឋកម្ម តែ​ម្យ៉ាង​រឿង​អ្នកខ្លះ នៅក្នុង​មន្ទីរឃុំឃាំង ក​កុញ​ទៅដោយ​មនុស្ស បើ​មាន​ទណ្ឌិត ត្រូវ​រៀបចំ​នៅ​ម្ខាង ហើយ​រៀបចំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​តាម​ពិធីបុណ្យ​នីមួយៗ​។ ប៉ុន្តែ​សម្រាប់​ករណី​ពិរុទ្ធជន គឺ​ការឃុំខ្លួន​ហួសកំណត់ គឺ​យើង​ជា​អ្នក​ខុស អីចឹង​ត្រូវ​បង្កើនល្បឿន​។​

​ចំពោះ​ករណីនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​អីចឹង ខ្ញុំ​សូម​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បន្ត​កិច្ចការងារ​នេះ បន្តទៀត ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​។ ឥឡូវ​ខ្ញុំ​នឹង​ពង្រាយ​មេធាវី​របស់ខ្ញុំ កាន់តែច្រើន​ថែមទៀត ដើម្បី​ឲ្យ​ធ្វើ​កិច្ចការងារ​នេះ ហើយ​សំដៅ​មុខ​ព្រួយ​លើ​ស្ត្រី ដែល​ជួប​ការលំបាក​។ យើង​ទទួល​អា​រឿងក្តី​ចាស់ ដែល​កំពុង​ឃុំខ្លួន ត្រូវផ្តោត​អាហ្នឹង​មុន​។ ប៉ុន្តែ​យើង​ក៏​មិន​បោះបង់ចោល​នូវ​សំណុំរឿង​ថ្មីៗ ដែល​វា​បាន និង​កើតមាន​នោះដែរ​»៕