ខ្លាចាស់សេន កុសល ជួបជាមួយអ្នកលេងស្រករក្រោយ ឆូន បួន

(ភ្នំពេញ)៖ អ្នកប្រដាល់ចាស់វស្សា សេន កុសល មកពីក្លិបមោងឬស្សីមរតកគុនខ្មែរ ត្រូវបានដាក់ឲ្យប្រកួត​ជាមួយអ្នក លេងជើងថ្មី ឆូន បួន ដែលមកពី​ក្លិបទ័ពឆ័ត្រយោង៩១១ លើសង្វៀនខារ៉ាបាវ របស់អាស៊ីអាគ្នេយ៍ នារសៀលថ្ងៃទី២០ ខែមិថុនានេះ ។

អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ នេះជាការជួបប្រកួតគ្នាលើកដំបូងហើយសម្រាប់អ្នកប្រដាល់ ទាំង២រូបនេះ។

ឆូន បួន ស្គាល់សង្វៀនប្រដាល់ក្រោយកុសលទេ តែគេហាក់ដូចជាឆាប់ប្រជែងបានភាពល្បីល្បាញ បានលឿនគ្រាន់បើ ដោយ​សារតែការប្រកួតរបស់គេ ភាគច្រើនបានទទួលជ័យជំនះ មិនតែប៉ុណ្ណោះមានអ្នកប្រដាល់ជើងចាស់មិនតិចទេ ដែលចាញ់ ក្រោមថ្វីដៃ ឆូន បួន ។

ជាមួយនឹងកម្លាំងដ៍អស្ចារ្យនោះ អ្នកប្រដាល់រូបនេះមានភាពអំណត់ខ្ពស់ ចិត្តហ៊ាន និងមានផ្លែវ៉ៃចេញល្អ និងភាគច្រើនចំគោលដៅ ទៀតផង ។

សម្រាប់កុសល គេក៏មិនមែនជាអ្នកប្រដាល់ ដែលស្រួលកបង្រ្កាបដែរ។ ស្នៀតទាត់របស់អ្នកប្រដាល់រូបនេះ អស្ចារ្យណាស់ ការប្រកួត​កន្លងមក មានអ្នកប្រដាល់មិនតិចនាក់ទេ ដែលសន្លប់ក្រោមស្នៀតទាត់ផ្កាប់ចានរបស់គេ។ កណ្ដាប់ដៃ កែង និងជង្គង់ ក៏មិនអាចមើលស្រាលបានដែរ ។

ជំនួបនេះពួកគេ សុទ្ធតែមានឱកាស ដើម្បីឈ្នះដូចគ្នា ហើយបើនរណាហ៊ានប្រហែសនោះ អាចនឹងសន្លប់ដោយមុនទឹកទី៥។ គេជឿថា អ្នកប្រដាល់ទាំង២រូបនេះ នឹងប្រកួតគ្នា៥ទឹក ហើយអ្នកចាញ់ និងអ្នកឈ្នះប្រាកដជា ទ្រមខ្លួនដូចគ្នាមិនខានឡើយ ។

សៅ វណ្ណា មកពីក្លិបយុវវាលស្បូវខ័ណ្ឌច្បារអំពៅ ត្រូវបានដាក់ឲ្យប្រកួត ជាមួយអ្នកប្រដាល់ថៃ រ៉េត ដែលមកពីក្លិបទ័ពឆ័ត្រយោង៩១១ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

អ្នកប្រដាល់ទាំង២រូបនេះ ក៏ទើបតែជួបប្រកួតគ្នាជាលើកដំបូងដែរ។ ថៃ រ៉េ និង សៅ​ វណ្ណា សុទ្ធតែជាអ្នកប្រដាល់ចិត្តខ្លាំងដូចគ្នានៅ លើសង្វៀន។ គេមិនសូវចេះទុកឱកាសឲ្យគូប្រកួត មានសេចក្ដីសុខឡើយ គឺគេបើកការវាយលោករហូត ។ ជំនួបមួយនេះ មិនដឹងថានរណាចាញ់ នរណាឈ្នះនោះឡើយ ។

សឿម សារ៉ាន់ មកពីក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបង ប្រកួតជាមួយអ្នកប្រដាល់ រឿង សារិទ្ធ ដែលមកពីក្លិបម្កុដរាជសីហ៍ ។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

សារ៉ាន់ មួយរយៈនេះគេលេចមុខលេចមាត់សម្បើមណាស់ ដោយសារតែការប្រកួតរបស់គេភាគច្រើន បានទទួលជ័យជំនះ។ ចំពោះ​សារិទ្ធវិញ ក៏កំពុងតែធ្វើឲ្យគេចាប់អារម្មណ៍ដែរ តែអ្នកប្រដាល់រូបនេះហាក់ដូចជាមានអំណួតបន្តិច ។ ការជួបគ្នាលើកលដំបូងនេះ មិនដឹងថា នរណាបានទទួលជ័យជំនះឡើយ ។

ធន អៀងឡេង មកពីក្លិបកងយោធពលខេមរភូមិន្ទ ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ រ៉ា រ៉យ៉ា ដែលមកពីក្លិបអេភូថងកីឡា ។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។ ផុន សុខវិបុល មកពីក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺ ប្រកួតជាមួយអ្នកប្រដាល់​ លីន សុផែន ដែលមកបីក្លិបបូរីរាជសីហ៍មានរិទ្ធ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ៕ ដោយ៖កូនដូច(Micheal)